Friday, October 10, 2025
Homeព័ត៌មានជាតិមកពីផឹកបាត់ប្រពន្ធមិនឃើញនៅផ្ទះ ទាញម៉ូតូមកដុតឆេះម៉ត់ នៅតែមិនឃើញប្រពន្ធមកទៀត រត់ឡើងទៅចងក

មកពីផឹកបាត់ប្រពន្ធមិនឃើញនៅផ្ទះ ទាញម៉ូតូមកដុតឆេះម៉ត់ នៅតែមិនឃើញប្រពន្ធមកទៀត រត់ឡើងទៅចងក

ខេត្តស្វាយរៀង ៖ បុរសចិត្តក្តៅម្នាក់ ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក ត្រឡប់មកដល់ផ្ទះវិញ មិនឃើញប្រពន្ធនៅផ្ទះ ក៏ស្រាប់តែមួម៉ៅក្តៅចិត្ត អូសម៉ូតូយកទៅខាងមុខផ្ទះចាក់សាំងដុតចោល បណ្តាលឱ្យឆេះម៉ត់ បន្ទាប់មកក៏រត់ទៅចងកសម្លាប់ខ្លួននៅលើផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលវេលាម៉ោង៧និង០៥នាទីយប់ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិស្វាយធំ ឃុំស្វាយរំពា ស្រុកស្វាយទាប។

បុរសចិត្តខ្លាំងគំនិតខ្លី ដែលផឹកស៊ីស្រវឹងគ្រាត់តែមិនឃើញប្រពន្ធនៅផ្ទះ បែរជាចាក់សាំងដុតម៉ូតូឆេះម៉ត់ រួចរត់ទៅចងកសម្លាប់ខ្លួននេះ មានឈ្មោះឈូក រតនា អាយុ២៨ឆ្នាំ មុខរបរធ្វើស្រែ មានប្រពន្ធឈ្មោះអី សុផាត មុខរបកម្មការិនីេរោងចក្រ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា បុរសខាងលើគឺជាមនុស្សប្រមឹក ដើរផឹកស៊ីស្រវឹងអួទីនួសឹងរាល់ថ្ងៃ ស្ទើរក្លាយជាមនុស្សបាត់បង់សតិស្មារតីអស់ទៅហើយ និងតែងតែងរករឿងឈ្លោះប្រកែកជាមួយប្រពន្ធស្ទើររាល់ថ្ងៃ។ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ បុរសរូបនោះទើបនឹងត្រឡប់មកពីផឹកស៊ីខាងក្រៅផ្ទះវិញ ស្ថិតក្នុងសភាពស្រវឹងដាបណាស់ទៅហើយ ក៏បានរកប្រពន្ធរបស់ខ្លួន តែប្រពន្ធមិននៅ មិនដឹងចេញទៅណាបាត់ ស្រាប់តែធ្វើឱ្យជនបង្ករូបនេះខឹងច្រឡោត ក៏អូសយកម៉ូតូ១គ្រឿង ម៉ាកគុបមូល ពណ៌ស្លែចាស់ គ្មានកង់មុខ និងកង់ក្រោយ យកមកដាក់នៅខាងមុខផ្ទះ រួចចាក់សាំងដុតកំទេចចោលតែម្តង។

ប្រភពដដែលបន្តថា ក្រោយពេលដុតម៉ូតូឆេះអស់ហើយ នៅតែមិនទាន់ឃើញប្រពន្ធត្រឡប់មកផ្ទះវិញទៀត ទើបធ្វើឱ្យបុរសជាប្តីកាន់តែច្រឡោតខឹង ក៏ស្ទុះរត់ឡើងទៅលើផ្ទះ ធ្វើសកម្មភាពចងកសម្លាប់ខ្លួន ដោយយកខោជើងវែងមកចងកភ្ជាប់នឹងធ្នឹមផ្ទះ ប៉ុន្តែភ្លាមនោះ ត្រូវបានកម្លាំងប្រជាការពារភូមិ កំពុងដើរល្បាតប្រទះឃើញទាន់ ក៏ស្រែកឆោឡោផ្អើលដល់អ្នកជិតខាង រួមនឹងបងប្អូននាំគ្នាស្រាយចំណងដាក់ជនរងគ្រោះចុះក្រោម រួចទាក់ទងហៅរថយន្តសង្គ្រោះមកដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដើម្បីសង្គ្រោះជីវិតបានទាន់ពេលវេលា។

តាមសម្តីស្ត្រីជាប្រពន្ធ បានបញ្ជាក់ថា ប្តីរបស់នាងគឺជាមនុស្សប្រមឹក តែងផឹកស៊ីមិនលស់ថ្ងៃរហូតដល់ក្តៅខួរចង់ក្លាយជាមនុស្សសរសៃប្រសាទទៅហើយ។ កន្លងមក ប្តីនេះក្រោយពេលផឹកស្រាស្រវឹងធ្លាប់បានចងកសម្លាប់ខ្លួនម្តងរួចមកហើយ តែត្រូវក្រុមគ្រួសារប្រទះឃើញទាន់ ក៏ជួយសង្គ្រោះបាន ស្រាប់តែលើកនេះ ផឹកស្រវឹងរួចក៏ដុតម៉ូតូចោល រួចរត់ទៅចងកសម្លាប់ខ្លួនជាលើកទី២ទៀត តែសំណាងល្អមិនស្លាប់៕

RELATED ARTICLES