Friday, October 10, 2025
Homeព័ត៌មានជាតិព្រះរាជអាជ្ញាសម្រេចចោទប្រកាន់៤នាក់ ដោះលែង២នាក់ ពាក់ព័ន្ធសំណុំរឿងឃាតកម្មសម្លាប់លោកស្រី ចេវ សុវឌ្ឍនា

ព្រះរាជអាជ្ញាសម្រេចចោទប្រកាន់៤នាក់ ដោះលែង២នាក់ ពាក់ព័ន្ធសំណុំរឿងឃាតកម្មសម្លាប់លោកស្រី ចេវ សុវឌ្ឍនា

ភ្នំពេញ ៖ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ បានសម្រេចធ្វើការចោទប្រកាន់មនុស្សចំនួន៤នាក់ប៉ុណ្ណោះ (ក្នុងចំណោម៦នាក់) ពីបទឃាតកម្ម និងលាក់បាំងតម្រុយពាក់ព័ន្ធសំណុំរឿងឃាតកម្មសម្លាប់ស្ត្រីមេម៉ាយកូន៣ (អ្នកស្រីចេវ សុវឌ្ឍនា) ដែលជាស្រីកំណាន់លោកឡាយ វណ្ណៈ មន្ត្រីក្រសួងមហាផ្ទៃ និងជាអតីតអភិបាលខេត្តតាកែវ នៅចំណុចផ្ទះវីឡាមួយកន្លែងក្នុងក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ កន្លងទៅ។ ចំណែកមនុស្សប្រុសស្រី២នាក់ផ្សេងទៀត ត្រូវបានដោះលែងវិញ។

មន្ត្រីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ថា នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ លោកសៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់មនុស្ស៤នាក់តែប៉ុណ្ណោះ ក្នុងចំណោម៦នាក់ ពាក់ព័ន្ធនឹងករណីឃាតកម្មលើ អ្នកនាងចេវ សុវឌ្ឍនា ដោយចោទប្រកាន់ពីបទឃាតកម្ម និងលាក់បាំងតម្រុយ។

ជនសង្ស័យទាំង៤នាក់ ដែលត្រូវបានចោទប្រកាន់ រួមមាន ទី១-លោកឡាយ វណ្ណៈ មន្ត្រីក្រសួងមហាផ្ទៃ និងជាអតីតអភិបាលខេត្តតាកែវ ទី២-លោកឡាយ ណារិទ្ធ ស្នងការរងនគរបាលខេត្តតាកែវ ត្រូវជាបងប្រុសលោកឡាយ វណ្ណៈ ទី៣-ឈ្មោះម៉េន សាម៉ៃ អ្នកបើកឡានឱ្យលោកឡាយ វណ្ណៈ និងទី៤-ឈ្មោះជឹម វុធ ហៅថូត ជាអ្នកបម្រើនៅផ្ទះអ្នកនាងចេវ សុវឌ្ឍនា។

ចំណែកមនុស្សប្រុសស្រី២នាក់ទៀត ដែលត្រូវបានព្រះរាជអាជ្ញារងសម្រេចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ រួមមានទី១-ឈ្មោះចាន់ រី ភេទស្រី ជាអ្នកបម្រើនៅផ្ទះអ្នកនាងចេវ សុវឌ្ឍនា និងទី២-ឈ្មោះតាក់ រតនា ជាអ្នកបើកឡានឱ្យលោកឡាយ ណារិទ្ធ។

សម្រេចបើកការស៊ើបអង្កេតលើអង្គហេតុ និងដាក់ឱ្យស្ថិតក្រោមការពិនិត្យ ទី១-ឈ្មោះឡាយ វណ្ណៈ ភេទប្រុស អាយុ៤៥ឆ្នាំ (ឃាត់ខ្លួន) និងទី២-ឈ្មោះឡាយ ណារិទ្ធ ភេទប្រុស អាយុ៤៦ឆ្នាំ (ឃាត់ខ្លួន)។ ចោទប្រកាន់ពីបទ “ឃាតកម្ម” ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ តាមបញ្ញត្តិមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។ ទី៣-ឈ្មោះ ម៉េន សាម៉ៃ ភេទប្រុស អាយុ៣៦ឆ្នាំ (ឃាត់ខ្លួន) និងទី៤-ឈ្មោះជឹម វុធ ហៅថូត ភេទប្រុស អាយុ៤១ឆ្នាំ (ឃាត់ខ្លួន)។ ចោទប្រកាន់ពីបទ “លាក់បាំងតម្រុយ” ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ តាមបញ្ញត្តិមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ។

គួរបញ្ជាក់ថា យោងតាមចម្លើយសារភាពរបស់ស្ត្រីឈ្មោះចាន់ រី និងប្តីឈ្មោះជឹម វុធ ដែលត្រូវជាអ្នកបម្រើនៅផ្ទះរបស់ស្ត្រីរងគ្រោះ ចេវ សុវឌ្ឍនា បានឆ្លើយសារភាពថា កាលពីអំឡុងឆ្នាំ២០១៧ លោកឡាយ វណ្ណៈ បានឱ្យខ្លួន២នាក់ប្តីប្រពន្ធទៅបម្រើផ្ទះរបស់ប្រពន្ធចុងគាត់ ឈ្មោះចេវ សុវឌ្ឍនា នៅចំណុចផ្ទះវីឡាក្នុងក្រុងដូនកែវ ខេត្តតាកែវ។ លុះមកដល់វេលាថ្ងៃត្រង់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ពួកខ្លួនបានឃើញលោកឡាយ វណ្ណៈ បើករថយន្តម៉ាកឡង់ដ៍គ្រីសឺរ ពណ៌ខ្មៅ ជាមួយអ្នកបើកបរឈ្មោះម៉ៃ ចូលមកដល់ បន្ទាប់មកលោកឡាយ វណ្ណៈ បានទៅអង្គុយជជែកគ្នាជាមួយស្ត្រីរងគ្រោះចេវ សុវឌ្ឍនា។ មួយសន្ទុះក្រោយមក អ្នកទាំងពីរបានឈ្លោះប្រកែកគ្នាពីរឿង (ឡាយ វណ្ណៈ) មានស្រីខាងក្រៅផ្សេងទៀត។ លុះព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ស្ត្រីរងគ្រោះចេវ សុវឌ្ឍនា បានឱ្យខ្លួន និងប្តីរៀបចំអីវ៉ាន់ទៅភ្នំពេញ។ ពេលទៅដល់ភ្នំពេញ វេលាថ្ងៃត្រង់ ស្រាប់តែលោកឡាយ វណ្ណៈ បានទូរស័ព្ទឱ្យពួកគាត់ត្រឡប់ទៅខេត្តតាកែវ វិញ ដោយធ្វើដំណើរតាមរថយន្តរបស់ស្រីរងគ្រោះ ចេវ សុវឌ្ឍនា (ស្ត្រីរងគ្រោះជាអ្នកបើករថយន្តដោយខ្លួនឯង)។

អ្នកបម្រើស្ត្រីរងគ្រោះ បន្តសារភាពថា នៅពេលទៅដល់ផ្ទះ ស្ត្រីរងគ្រោះបានឱ្យខ្លួន (ចាន់ រី) រៀបចំហូបបាយទឹកដូចធម្មតា។ លុះដល់ម៉ោងប្រហែល៦ល្ងាច ខ្លួនបានឃើញលោកឡាយ វណ្ណៈ និងលោកឡាយ ណារិទ្ធ មានអ្នកបើកបររថយន្តឈ្មោះម៉ៃ បានទៅដល់ផ្ទះ (ស្ត្រីរងគ្រោះ) ហើយបានឡើងទៅដល់ជាន់ទី១ ជាបន្ទប់ដេករបស់ស្ត្រីរងគ្រោះ ចេវ សុវឌ្ឍនា។ ចំណែកអ្នកបើកបររថយន្ត នៅអង្គុយលេងជាមួយប្តីរបស់គាត់ក្នុងបរិវេណផ្ទះនោះដែរ។ បានប្រហែល៣០នាទីក្រោយមក ក៏ឃើញលោកឡាយ វណ្ណៈ និងលោកឡាយ ណារិទ្ធ ចុះពីលើមកវិញ ហើយប្រាប់ថា “អាវឌ្ឍនា ងាប់ហើយ ពួកឯងចាត់ចែងយកវាទៅចងកនៅក្បែរបង្អួចទៅ បើប៉ូលិសសួរ ប្រាប់ថា វាចងកសម្លាប់ខ្លួន”។ បន្ទាប់មក លោកឡាយ វណ្ណៈ និងបងប្រុស ក៏ឡើងរថយន្តចេញដំណើរទៅបាត់។

អ្នកបម្រីស្ត្រីរងគ្រោះ បានសារភាពទៀតថា ពេលលោកឡាយ វណ្ណៈ ចេញផុត ខ្លួននិងប្តី ព្រមទាំងឈ្មោះម៉ៃ ជាអ្នកបើកបរឱ្យលោក ឡាយ វណ្ណៈ បាននាំគ្នាឡើងទៅលើ ស្រាប់តែឃើញបន្ទប់ចំហ ហើយឃើញស្ត្រីរងគ្រោះដេកផ្ងារស្លាប់នៅលើគ្រែពូក។ ភ្លាមនោះ ឈ្មោះម៉ៃ និងប្តីខ្លួន (ជឹម វុធ) បានលើកសពយកទៅផ្អឹបនឹងជញ្ជាំងបន្ទប់ក្បែរបង្អួច ដែលមានខ្សែរីដូបង្អួចធ្លាក់ចុះ ហើយប្តីខ្លួនបានយកខ្សែរីដូនោះ ចងរឹតកស្ត្រីរងគ្រោះ ចំណែកឈ្មោះម៉ៃ បានលើកដៃទាំង២របស់នាង សុវឌ្ឍនា ដាក់ជាប់នឹងក ដូចក្នុងរូបភាពដែលចងកនោះ។ ពេលធ្វើសកម្មភាពហើយ ពួកគេបានចុះក្រោមវិញ ហើយឈ្មោះម៉ៃ បានចាក់សោទ្វារបន្ទប់ រួចក៏ចេញពីផ្ទះនោះទៅបាត់ ហើយខ្លួន (ចាន់ រី) បានទូរស័ព្ទប្រាប់ទៅសាច់ញាតិស្ត្រីរងគ្រោះឱ្យដឹងថា អ្នកស្រីសុវឌ្ឍនា បានចងកស្លាប់ហើយ ព្រមទាំងបានទូរស័ព្ទប្រាប់ឈ្មោះម៉ៃ ឱ្យទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីឱ្យដឹងហេតុការណ៍នេះ ដែលមានមនុស្សចងកសម្លាប់ខ្លួននៅក្នុងផ្ទះ។

ទាក់ទងទៅនឹងសំណុំរឿងឃាតកម្មខាងលើនេះ លោកឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ដែលជាប់សង្ស័យជាមេខ្លោងក្នុងករណីឃាតកម្មមួយួនេះ ត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឱ្យចូលខ្លួន និងត្រូវសមត្ថកិច្ចស្ទាក់ចាប់ឃាត់ខ្លួន  កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ នៅចំណុចខាងមុខវិទ្យាល័យ ជា ស៊ីម តាកែវ ស្ថិតក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ស្ថិតនៅចម្ងាយប្រមាណ១៥០ម៉ែត្រ ពីកន្លែងប្រារឰពិធីផ្ទេរតំណែងប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តតាកែវ នៅគ្រាដែលលោកឡាយ វណ្ណៈ ទើបនឹងចេញពីកម្មវិធីផ្ទេរតំណែងប្រធានគណបក្សខេត្ត។

យ៉ាងណាក្តី នៅមុនពេលឃាត់ខ្លួន លោកឡាយ វណ្ណៈ បានចេញមុខបដិសេធការសង្ស័យដែលថា លោកនិងបងប្រុសលោកជាអ្នកសម្លាប់នារីរងគ្រោះ ចេវ សុវឌ្ឍនា នោះ តែលោកបានសារភាពថា លោកពិតជាធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនារីរងគ្រោះ បានជាង១ឆ្នាំ តែក្រោយពេលលោកផ្តាច់ចំណងស្នេហ៍ ក៏ធ្វើឱ្យនារីរងគ្រោះខូចចិត្ត រហូតធ្វើអត្តឃាត៕

RELATED ARTICLES