ភ្នំពេញ ៖ យុវជនម្នាក់ ត្រូវបានមនុស្សមួយក្រុម លួចយកហ្វេសប៊ុកទៅប្រកាសលក់ថ្នាំញៀន ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកចែករំលែកតៗគ្នា រហូតដល់សមត្ថកិច្ចចុះមកឃាត់ខ្លួន តែត្រូវយុវជននេះប្រកែកថា ខ្លួនមិនមែនជាអ្នកប្រកាសលក់ថ្នាំញៀនទេ គឺមានជនទុច្ចរិតលួចយកហ្វេសប៊ុករបស់ខ្លួនទៅប្រើ។
ភាពភ្ញាក់ផ្អើលដំបូង ដោយសារនៅក្នុងគណនីហ្វេសប៊ុក ឈ្មោះ “Heng’MiNi SP’ Team” បានបង្ហោះសំណេរថា “ខ្ញុំមានលក់ទឹកកកនៅច្បារអំពៅ ទីតាំងផ្ទះបងរុំ” និងមានរូបភាពម្សៅក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ៣កញ្ចប់ថង់ធំល្មម។
ក្រោយពីហ្វេសប៊ុកបានបង្ហោះរួច នៅយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ ម៉ោង១០និង០០នាទី កម្លាំងកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ បានចុះទៅនាំខ្លួនម្ចាស់គណនីហ្វេសប៊ុកឈ្មោះ “Heng’MiNi SP’ Team” ដែលមានឈ្មោះពិត លីម លីហេង ហៅខ្មៅ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់សណ្តែកដី ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ យកមកធ្វើការសាកសួរបឋម។
នៅចំពោះមុខសមត្ថកិច្ច ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានបំភ្លឺថា គណនីហ្វេសប៊ុករបស់ខ្លួនត្រូវបានលួចយកទៅប្រើប្រាស់។ ចំណែករូបភាពនេះ ម្សៅក្រាមពណ៌សថ្លា ៣កញ្ចប់ថង់ធំល្មម ដែលបង្ហោះនៅគណនីហ្វេសប៊ុកនោះ គឺជារូបភាពវត្ថុតាងដែលសមត្ថកិច្ចខណ្ឌច្បារអំពៅ បង្ក្រាបបាន កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង២១និង០០នាទី នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនបានជនសង្ស័យ៣នាក់ ឈ្មោះហុង ឌី ឈ្មោះអ៊ែល ស៊ីណាត និងឈ្មោះលី ស្រីមុំ ដកហូតវត្ថុតាងម្សៅក្រាម ពណ៌សថ្លា ៣កញ្ចប់ថង់ធំល្មម ទម្ងន់១៣,៩៩ក្រាម សង្ស័យជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ឧបករណ៍ជក់គ្រឿងញៀន១កំប្លេ ដែកចូកគ្រឿងញៀន១ ដែកកេះ២ កន្ត្រៃ១ ទុយោជ័រ១ចំនួន និងកូនថង់ប្លាស្ទិចមួយចំនួន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕