Friday, October 10, 2025
Homeព័ត៌មានជាតិឃ្លាំងផ្ទុកសម្ភារៈសំណង់ខុនដូ ត្រូវភ្លើងឆាបឆេះ ខូចខាតរាប់លានបាត

ឃ្លាំងផ្ទុកសម្ភារៈសំណង់ខុនដូ ត្រូវភ្លើងឆាបឆេះ ខូចខាតរាប់លានបាត

ខេត្តបន្ទាយមានជ័យ ៖ អគ្គិភ័យមួយបានឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ ដោយផ្តើមចេញពីមូលហេតុឆ្លងចរន្តអគ្គីសនី (ទុស្សេខ្សែភ្លើង) បណ្តាលឱ្យឆេះឃ្លាំងផ្ទុកគ្រឿងសម្ភារៈសំណង់របស់ក្រុមហ៊ុន (R&ZT) បំពាក់ខុនដូ បង្កឱ្យមានការខាតអស់រាប់លានបាត និងបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភ្នំ១០០ ចម្ងាយពីព្រំដែនកម្ពុជា-ថៃ ប្រមាណ១០០ម៉ែត្រ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ឃ្លាំងស្តុកគ្រឿងសំណង់ដែលទទួលរងការឆាបឆេះខាងលើនេះ មានទំហំ២៥ម៉ែត្រ គុណនឹង៣០ម៉ែត្រ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន R&ZT ហើយគ្រឿងសំណង់ទាំងនោះ ជាគ្រឿងសម្រាប់បំពាក់ខុនដូ ៨ជាន់ ដែលទើបសង់ថ្មី។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) នៅក្នុងឃ្លាំងស្តុកគ្រឿងសំណង់ខុនដូខាងលើ រួចក៏ធ្វើឱ្យកើតជាអណ្តាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅភ្លាមៗ និងត្រូវបានកម្មករនៅទីនោះជួយគ្នាជះទឹកពន្លត់ភ្លាមៗដែរ តែមិនបានលទ្ធផល ទើបប្រញាប់រាយការណ៍សុំអន្តរាគមន៍ពីភ្នាក់ងារពន្លត់អគ្គិភ័យ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍ភ្លាមៗដែរ តែដោយសារការឆាបឆេះពេញបន្ទុកទៅហើយ ទើបលំបាកក្នុងការបាញ់ទឹកពន្លត់ខ្លាំងណាស់។

ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ក្រោយទទួលបានសេចក្តីរាយការណ៍ថាមានករណីអគ្គិភ័យកើតឡើងភ្លាម អាជ្ញាធរនិងកម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័ន បានចុះដល់ទីតាំងកើតហេតុភ្លាមៗ និងឃើញមានរថយន្តពន្លត់អគ្គីភ័យចំនួន៥គ្រឿង បានមកជួយបាញ់ទឹកពន្លត់ ក្នុងនោះ រថយន្តពន្លត់អគ្គិភ័យរបស់កាស៊ីណូ ចំនួន៤គ្រឿង និងរបស់នគរបាលក្រុងប៉ោយប៉ែត ១គ្រឿង និងបានប្រើទឹកបាញ់ពន្លត់អស់ជាច្រើនរថយន្ត ទម្រាំឈានដល់គ្រប់គ្រងស្ថានការបាន នៅម៉ោង៦និង៣០នាទីព្រលប់ថ្ងៃដដែល។

សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះ បានឆាបឆេះម៉ូតូចំនួន២គ្រឿង ជារបស់កម្មករ តែមិនបង្កឱ្យកម្មករ ឬមនុស្សណាម្នាក់បាត់បង់ជីវិតនោះទេ។ ដោយឡែក សម្ភារៈសំណង់គ្រប់ប្រភេទនៅក្នុងឃ្លាំងខាងលើ បានទទួលរងការខូចខាតយ៉ាងច្រើន គិតជាទឹកប្រាក់ប្រមាណជា២លានបាតឯណោះ៕

RELATED ARTICLES