Friday, October 10, 2025
Homeព័ត៌មានជាតិតូចចិត្តអត់មានប្រពន្ធកូន កំលោះចាស់អាយុ៥៦ សម្រេចចិត្តចងកសម្លាប់ខ្លួន

តូចចិត្តអត់មានប្រពន្ធកូន កំលោះចាស់អាយុ៥៦ សម្រេចចិត្តចងកសម្លាប់ខ្លួន

ខេត្តកណ្តាល ៖ បុរសវ័យចំណាស់គ្មានប្រពន្ធកូនម្នាក់ (កំលោះចាស់) ព្រោះតែតូចចិត្តនឹងកើតមានជំងឺប្រចាំកាយរ៉ាំរ៉ៃព្យាបាលរាប់ឆ្នាំ មិនជាផង ណាមួយគ្មានប្រពន្ធកូនជួយមើលថែនឹងគេផង ក៏ដាច់ចិត្តគិតខ្លីចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ នៅចំណុចដីចំការស្វាយមួយកន្លែង ស្ថិតក្នុងភូមិពោធិរាម្មា ឃុំព្រែកស្តី ស្រុកកោះធំ។

បុរសគិតខ្លីចងកធ្វើអត្តឃាតខាងលើនេះ មានឈ្មោះពិន សុខ អាយុ៥៦ឆ្នាំ មានជម្ងឺប្រចាំកាយទឹកនោមផ្អែម ជាកំលោះចាស់គ្មានប្រពន្ធកូននឹងគេទេ សព្វថ្ងៃរស់នៅជាមួយក្មួយ នៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីក្មួយរបស់ជនរងគ្រោះ ឈ្មោះស្រុយ គ្រុយ បានរៀបរាប់ប្រាប់ថា ឪពុកមាម្នាក់នេះ (ជនរងគ្រោះ) បានមករស់នៅជាមួយគាត់យូរឆ្នាំមកហើយ ព្រោះតែគាត់ជាកំលោះចាស់ គ្មានប្រពន្ធកូននឹងគេនោះទេ។ មិនតែប៉ុណ្ណោះ ឪពុកមារបស់គាត់បានកើតមានជំងឺទឹកនោមផ្អែម ប្រចាំកាយច្រើនឆ្នាំមកហើយ ហើយគាត់ជាក្មួយក៏បានយកចិត្តទុកដាក់ព្យាបាលឪពុកមាដែរ តែមិនជា។

ប្រភពដដែលបន្តថា កន្លងមក ឪពុកមាធ្លាប់បានត្អូញត្អែរប្រាប់ថា ក្នុងជាតិនេះ គាត់ពិតជាអភ័ព្វខ្លាំងណាស់ គ្មានប្រពន្ធកូនបន្តពូជពង្សវង្សត្រកូលនឹងគ្នា ចាស់ទៅគ្មានអ្នកមើលថែ និងថែមទាំងមានជំងឺប្រចាំកាយទៀតផង ហេតុនេះគាត់ចង់តែស្លាប់ឱ្យផុតៗទៅនោះទេ។ យ៉ាងណា ពួកគាត់ជាក្មួយៗបានព្យាយាមជួយពន្យល់ប្រាប់ និងលើកទឹកចិត្តឪពុកមាកុំឱ្យគិតខ្លីដែរ តែចុងក្រោយឪពុកមានៅតែសម្រេចជ្រើសយកផ្លូវមួយនេះទាល់តែបាន។

ប្រភពខាងលើ បញ្ជាក់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ គាត់បានរៀបចំបាយទឹកឱ្យឪពុកមាហូប រួចក៏ទៅរាវលៀសនៅមាត់ទន្លេបាសាក់។ រហូតដល់ម៉ោង៣និង៣០រសៀលថ្ងៃដដែល ពេលត្រឡប់មកផ្ទះវិញ ស្រាប់អ្នកជិតខាងបានប្រាប់គាត់ថា ឪពុកមាបានធ្វើអត្តឃាតដោយចងកនៅលើដើមស្វាយខាងក្រោយផ្ទះស្លាប់បាត់ទៅហើយ។ ឮដូច្នេះ គាត់បានទៅមើលឃើញឪពុកមា ស្រាប់ប្រទះឃើញគាត់បានចងកស្លាប់បាត់ប្រាកដមែន។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងក ធ្វើអត្តឃាតប្រាកដមែន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES