Friday, October 10, 2025
Homeព័ត៌មានជាតិទើបចេញពីគុកថ្មីៗ កាប់ប្លន់ស្ត្រីលក់ទឹកក្រឡុកដាច់ស្មា ប្លន់យកលុយ សមត្ថកិច្ចចាប់ចូលគុកវិញ

ទើបចេញពីគុកថ្មីៗ កាប់ប្លន់ស្ត្រីលក់ទឹកក្រឡុកដាច់ស្មា ប្លន់យកលុយ សមត្ថកិច្ចចាប់ចូលគុកវិញ

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ទើបតែចេញពីគុកថ្មីៗ ស្រាប់តែបែកគំនិតធ្វើសកម្មភាពកាប់ប្លន់អ្នកលក់ទឹកក្រឡុក នៅមុខបន្ទាយទាហានស្រុក បណ្តាលឱ្យរងរបួស និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបញ្ជូនចូលគុកវិញ កាលពីល្ងាចថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិកែវឡាត ឃុំពន្លៃ ស្រុកបរិបូណ៌។

ជនសង្ស័យមានឈ្មោះខេង ណៃហៀង អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទើបនឹងចេញពីពន្ធនាគារថ្មីៗ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះមានឈ្មោះរិន ពុទ្ធារិទ្ធិ អាយុ៣៦ឆ្នាំ មុខរបរជាអ្នកលក់ទឹកក្រឡុកនៅមុខបន្ទាយទាហានស្រុកបរិបូណ៌ និងមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលស្ត្រីរងគ្រោះកំពុងរៀបចំលក់ដូរទឹកក្រឡុក ដូចសព្វមួយដង ស្រាប់តែលេចមុខជនសង្ស័យខាងលើបានចូលទៅផឹកទឹកក្រឡុក បន្ទាប់មក ក៏ទាញកាំបិតប៉័ងតោមកធ្វើសកម្មភាពកាប់ប្រហារទៅលើស្ត្រីរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ បន្ទាប់មកក៏ប្លន់យកប្រាក់មួយចំនួន និងព្យាយាមជិះម៉ូតូរត់គេចខ្លួន។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានស្ទាក់ចាប់ឃាត់ខ្លួនជនសង្ស័យបាន និងដកហូតបានប្រាក់ដុល្លារ និងប្រាក់រៀលមួយចំនួនធំ កាំបិតប៉័ងតោចំនួន១ និងម៉ូតូ១គ្រឿងផងដែរ។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ជនសង្ស័យខាងលើនេះទើបនឹងចេញពីពន្ធនាគារថ្មីៗ ស្រាប់តែមកប្រព្រឹត្តសកម្មភាពកាប់ប្លន់ស្ត្រីរងគ្រោះទៀត ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES