ភ្នំពេញ ៖ មនុសប្រុសស្រី១ក្រុម បានអង្គុយផឹកទឹកត្នោតជូរជុំគ្នាយ៉ាងសប្បាយក្អាកក្អាយ លុះក្រោយពេលស្រវឹងធ្លាក់ភ្នែក បុរសម្នាក់ក្នុងចំណោមនោះ បានចាប់ផ្តើមក្លែមសម្តីដៀមដាបខិតលើបំពានដល់ស្រីៗ ជាហេតុធ្វើឱ្យផ្ទុះជាជម្លោះ និងត្រូវនារីម្នាក់ខឹងច្រឡោត ទាញកែវទឹកត្នោតជូរគប់ក្បាលប្រុសសម្តីថ្លោស លុះខាងប្រុសខឹង ក៏ស្ទុះទៅវាយស្ត្រីរងគ្រោះបណ្តាលឱ្យរងរបួសស្រាល រហូតកើតមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះឃាត់ខ្លួនភាគីទាំងសងខាងនាំយកទៅសាកសួរ។
ហេតុការណ៍ប្រុសស្រីផ្ទុះជម្លោះក្នុងវង់ទឹកត្នោតជូរនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ នៅត្រង់ចំណុចតូបទឹកត្នោតជូរ១កន្លែង ក្បែរវត្តសំរោងអណ្តែត ស្ថិតក្នុងភូមិច្រេះ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
ភាគីជម្លោះទាំងសងខាង មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ តែពិនិត្យតាមភិនភាគមានវ័យប្រមាណជាង៣០ឆ្នាំដូចគ្នា។
តាមសម្តីភាគីនារីរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ នាងរួមនឹងមិត្តភក្តិប្រុសស្រី៦នាក់ទៀត (ប្រុស៥ ស្រី២) បាននាំគ្នាទៅអង្គុយផឹកទឹកត្នោតជូរនៅកន្លែងកើតហេតុខាងលើ។ លុះផឹកស៊ីបានបន្តិច បុរសម្នាក់ក្នុងចំណោមមិត្តភក្តិរបស់នាង បានទូរស័ព្ទហៅជនបង្កមកអង្គុយផឹកក្នុងវង់ជាមួយគ្នា ទាំងដែលពួកនាងមិនដែលស្គាល់គ្នាពីមុនមកទេ។
នារីរងគ្រោះ បន្តថា លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ខណៈដែលស្រវឹងទឹកត្នោតជូររៀងៗខ្លួន ស្រាប់តែជនបង្កហេតុខាងលើ បានចាប់ផ្តើមនិយាយស្តីខិតលើ ក្នុងបំណងមើលងាយពួកនាងជាស្រីៗ ទើបធ្វើឱ្យនាងទ្រាំមិនបាន ក៏ផ្ទុះជាជម្លោះផ្អើលពេញតូបលក់ទឹកត្នោតជូរ ភ្លាមនោះ នាងក៏បានយកកែវជ័រដាក់ទឹកត្នោតជូរផឹកនោះ គប់ទៅលើជនបង្ក ស្រាប់តែជនបង្កខឹងក៏បានយកសោម៉ូតូស្ទុះមកវាយនាង បណ្តាលឱ្យរងរបួសស្រាល ស្នាមនៅលើកញ្ចឹងកខាងឆ្វេង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍ដល់ទីទាំងកើតហេតុ និងបាននាំខ្លួនទាំងជនបង្ក ទាំងនារីរងគ្រោះ ទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង។
បន្ទាប់ពីសមត្ថកិច្ចសួរនាំចប់ នារីរងគ្រោះមិនបានដាក់ពាក្យបណ្តឹងអ្វីនោះទេ គ្រាន់តែចង់ឱ្យជនបង្កសុំទោសនាងមួយមាត់ប៉ុណ្ណោះ ជាថ្នូរនឹងការបញ្ចប់រឿង។ ចំណែកភាគីបុរសជាជនបង្ក ដោយដឹងពីកំហុសរបស់ខ្លួន ក៏បាននិយាយពាក្យថាសុំទោស ទៅកាន់នារីរងគ្រោះ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្តង៕