Friday, October 10, 2025
Homeព័ត៌មានជាតិរត់បាន៤ថ្ងៃ ជាប់ខ្នោះ!! ប្តីកំណាចវ៉ៃសម្លាប់ប្រពន្ធ ព្រោះភ្លើងប្រចណ្ឌ សមត្ថកិច្ចចាប់បានហើយ

រត់បាន៤ថ្ងៃ ជាប់ខ្នោះ!! ប្តីកំណាចវ៉ៃសម្លាប់ប្រពន្ធ ព្រោះភ្លើងប្រចណ្ឌ សមត្ថកិច្ចចាប់បានហើយ

ខេត្តបាត់ដំបង ៖ ជនសង្ស័យជាឃាតករចិត្តកំណាចដែលបានធ្វើសកម្មភាពវាយសម្លាប់ប្រពន្ធនៅក្នុងបន្ទប់ កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ កន្លងទៅ នៅចំណុចភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនបានហើយ កាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ ចំណុចក្រុមទី២៩ ភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល បន្ទាប់ពីជនសង្ស័យបានព្យាយាមរត់គេចខ្លួនពីខេត្តបន្ទាយមានជ័យ ទៅសម្ងំលាក់ខ្លួននៅក្នុងទឹកដីខេត្តបាត់ដំបង។

ជនសង្ស័យជាឃាតករដែលវាយសម្លាប់ប្រពន្ធ រួចព្យាយាមគេចខ្លួន៤ថ្ងៃ ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាននេះ មានឈ្មោះបឿន សំប៊ុស ហៅប៉ាវ អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ចំណែកនារីរងគ្រោះជាប្រពន្ធ មានឈ្មោះកាន់ និកា អាយុ២៤ឆ្នាំ មិនមានមុខរបរអ្វីរកស៊ីអ្វីទេ ស្នាក់នៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។

យោងតាមរបាយការណ៍លោកវរសេនីយ៏ទោ ផង់ សុភាព អធិការនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានបញ្ជាក់ឱ្យដឹងថា អនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៌ត្រី ជេត វណ្ណី ស្នងការរងទទួលបន្ទុកផែនយុត្តិធម៌ បានដឹកនាំភារកិច្ចចុះសហការជាមួយកំលាំងនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះបឿន សំប៊ុស ហៅប៉ាវ នៅចំណុចក្រុមទី២៩ ភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល កាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ ពាក់ព័ន្ធករណីឃាតកម្មទៅលើប្រពន្ធឈ្មោះកាន់ នីកា នៅចំណុចភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨។

ក្រោយការឃាត់ខ្លួន ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបង សម្រេចប្រគល់ទៅជូនលោកវរសេនីយ៍ឯក ធិន សិនដេត អធិការក្រុងប៉ោយប៉ែត ដើម្បីចាត់ការបន្តតាមនីតិវិធី។

បន្ទាប់ពីបញ្ជូនខ្លួនជនសង្ស័យជាឃាតករខាងលើទៅដល់ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី04 ខែមេសា ឆ្នាំ2018​សមត្ថកិច្ចបាននាំជនសង្ស័យទៅធ្វើត្រាប់នៅផ្ទះកើតហេតុ។ នៅអំឡុងពេលធ្វើត្រាប់នោះ ជនសង្ស័យជាឃាតករបានអះអាងថា តាមពិតរូបគេគ្មានចេតនាសម្លាប់ប្រពន្ធទេ ដោយដំបូងឡើយ រូបគេបានយកកាំបិតថា វាយជើងប្រពន្ធដូចសព្វមួយដង តែដឹងអី! លើកនេះប្រពន្ធដេកយកក្បាលមកខាងជើង ទើបធ្វើឱ្យរូបគេវាយត្រូវក្បាល បណ្តាលឱ្យរងរបួសធ្ងន់រហូតសន្លប់ បន្ទាប់មករូបគេក៏លើកនាងផ្តួលក្បាលទៅខាងលើដូចដែលនាងដេករាល់ដងវិញ។ ចំណែកមូលហេតុដែលនាំឱ្យរូបគេវាយប្រពន្ធរហូតដល់ស្លាប់ គឺដោយសារតែរូបគេមានចិត្តប្រចណ្ឌប្រពន្ធ ដែលតែងតែទាក់ទងនិយាយជាមួយប្រុសផ្សេង។

នៅអំឡុងពេលយកជនសង្ស័យធ្វើត្រាប់នេះ សមត្ថកិច្ចក្នុងក្រុងប៉ោយប៉ែត បានដាក់កម្លាំងយាមកាមយ៉ាងតឹងរឹង ព្រោះខ្លាចមានអ្នកផ្ទុះកំហឹងទៅលើជនសង្ស័យ។

គួររំលឹកថា កាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ មានករណីឃាតកម្មដ៏ព្រៃផ្សៃមួយបានកើតឡើងនៅចំណុចភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដោយនារីវ័យក្មេងម្នាក់ត្រូវបានប្តីកំណាចវាយសម្លាប់យ៉ាងឃោរឃៅនៅក្នុងបន្ទប់ ដោយមានស្លាកស្នាមរបួសជាំពេញមុខមាត់ដងខ្លួន។

តាមសម្តីស្ត្រីឈ្មោះហាយ ម៉ៅ អាយុ៥៨ឆ្នាំ ស្នាក់នៅក្បែរផ្ទះកើតហេតុប្រមាណ១០០ម៉ែត្រ ត្រូវជាម្តាយក្មេករបស់នារីរងគ្រោះ បានរៀបរាប់ប្រាប់ថា តាមពិតទាំងកូនប្រសាស្រី  និងកូនប្រុសបង្កើតរបស់គាត់ មិនមានមុខរបររកស៊ីអ្វីនោះទេ គឺរស់នៅហូបចុកអាស្រ័យលើគាត់ជាម្តាយផ្តល់ឱ្យ ក្រោយពីគាត់មកពីស៊ីឈ្នួលគេនៅផ្សាររុងក្លឿដីថៃ វិញ។ មិនតែប៉ុណ្ណោះ ពួកគេក៏មិនមានលំនៅអ្វីផ្ទាល់ខ្លួនដែរ ទើបគាត់បានឱ្យផ្ទះខាងលើដែលជាផ្ទះរបស់គាត់ ទៅពួកគេស្នាក់នៅ ចំណែកគាត់ជាម្តាយក្មេកសុខចិត្តទៅរស់នៅជាមួយកូនម្នាក់ទៀត ចម្ងាយពីគ្នាប្រហែលជាង១០០ម៉ែត្រ។

ស្ត្រីជាម្តាយក្មេករូបនេះ បន្តថា ជាធម្មតា រាល់ល្ងាចកូនគាត់និងកូនប្រសាស្រី តែងតែបណ្តើរគ្នាមកយកបាយសម្លពីផ្ទះគាត់ទៅហូប ហើយស្រាប់តែនៅល្ងាចថ្ងៃកើតហេតុ មិនឃើញពួកគេមកយកបាយសម្លដូចរាល់ដងសោះ ទើបគាត់នឹកឆ្ងល់ក៏ដើរទៅមើល ស្រាប់តែប្រទះឃើញកូនប្រសាស្រីដេកស្លាប់លើពូកក្នុងផ្ទះបាត់ទៅហើយ ចំណែកកូនប្រុសបង្កើតគាត់មិនដឹងបាត់ទៅណា ទើបគាត់ប្រញាប់រាយការណ៍ប្រាប់អាជ្ញាធរ និងសមត្ថកិច្ចឱ្យចុះពិនិត្យតែម្តង។

ក្រោយពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា សាកសពមានស្លាកស្នាមរយះក្បាល២កន្លែង មានស្នាមជាំភ្នែកទាំងសងខាង និងមានស្នាមជាំពេញដងខ្លួន។ តាមការសន្និដ្ឋានជាជំហានដំបូង សាកសពនារីរងគ្រោះទទួលរងការវាយដំយ៉ាងដំណំ។ យ៉ាងណា ពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមរកបុរសជាប្តី ដើម្បីនាំមកធ្វើការសាកសួរឱ្យបានច្បាស់លាស់ជាមុនសិន ថាតើករណីនេះ គឺជាករណីអ្វីឱ្យពិតប្រាកដ។

ចំណែកប្រភពពីអ្នកជិតខាង បានបង្ហើបប្រាប់ថា តាមអ្វីដែលពួកគាត់បានដឹង កន្លងមក ប្តីប្រពន្ធខាងលើនេះ គឺជាមនុស្សញៀនថ្នាំស្មើដៃគ្នា ហើយបុរសជាប្តីតែងតែប្រព្រឹត្តអំពើហឹង្សារដាក់ប្រពន្ធជាញឹកញាប់ តែយ៉ាងណា គេមិនហ៊ានសន្និដ្ឋានទេថា ការស្លាប់របស់នារីរងគ្រោះអាចមានជាប់ពាក់ព័ន្ធនឹងបុរសជាប្តីដែរឬក៏អត់នោះទេ។

ដោយឡែក តាមការបញ្ជាក់តាមទូរស័ព្ទពីបងស្រីបង្កើតនារីរងគ្រោះដែកកំពុងរស់នៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ បានរៀបរាប់ប្រាប់ថា នារីរងគ្រោះគឺជាកូនទី៦ ក្នុងចំណោម៧នាក់ ហើយនាងបានប្តីមុនជាអ្នកខេត្តបាត់ដំបង និងមានកូនស្រីម្នាក់អាយុប្រហែល៦ឆ្នាំ បច្ចុប្បន្ន កូននោះនៅជាមួយម្តាយខាងប្តីមុន។ ក្រោយមកនារីរងគ្រោះបានសែនព្រេនជាមួយប្តីក្រោយឈ្មោះបឿន សំប៊ុស ហៅប៉ាវ អស់រយៈពេល៣ឆ្នាំហើយ ប៉ុន្តែមិនទាន់មានកូននោះទេ ស្រាប់តែត្រូវប្តីវាយសម្លាប់យ៉ាងឃោរឃៅបែបនេះតែម្តង៕

RELATED ARTICLES