Saturday, October 11, 2025
Homeព័ត៌មានជាតិឌុបប្រពន្ធទៅពិនិត្យផ្ទៃពោះ ជិះតាមផ្លូវ រុឺម៉កម៉ូតូដាច់កន្ទុយ ប៉ះរងរបួស

ឌុបប្រពន្ធទៅពិនិត្យផ្ទៃពោះ ជិះតាមផ្លូវ រុឺម៉កម៉ូតូដាច់កន្ទុយ ប៉ះរងរបួស

ខេត្តស្ទឹងត្រែង ៖ បុរសជាប្តីម្នាក់បានជិះម៉ូតូដឹកប្រពន្ធរបស់ខ្លួនដែលកំពុងពពោះកូនក្នុងផ្ទៃ៣ខែ ទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យសុខភាព  ស្រាប់តែត្រូវរ៉ឺម៉កម៉ូតូ១គ្រឿង បើកនៅពីមុខដាច់កន្ទុយ មកប៉ះម៉ូតូបណ្តាលឱ្យដួលរងរបួសទាំង២នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង៤៥នាទីព្រឹក ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ នៅចំណុចជិតផ្លូវបំបែកទៅកាំងមេម៉ាយ ម្តុំផ្សារគីឡូពីរ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

ស្ត្រីមានផ្ទៃពោះ៣ខែ ដែលទទួលរងគ្រោះថ្នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានឈ្មោះឃឹម ស្រីនាង អាយុ២៥ឆ្នាំ រស់នៅភូមិសង្កាត់កើតហេតុខាងលើ រងរបួសស្រាល សំណាងល្អមិនប៉ះពាល់ដល់កូនក្នុងផ្ទៃនោះទេ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះខាងលើបានជិះម៉ូតូជាមួយប្តី សំដៅទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាព លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏មានរ៉ឺម៉កម៉ូតូ១គ្រឿង បានបើកចេញពីផ្ទះ ដោយផ្ទុកដែក ក្នុងគោលបំណងទៅធ្វើផ្ទះឱ្យគេ។ លុះបើកចេញមក ក៏វាក់អឺនឹងម៉ូតូមួយគ្រឿង ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្តាលឱ្យរបូតកន្ទុយរ៉ឺម៉កមកប៉ះនឹងម៉ូតូជនរងគ្រោះពីរនាក់ប្តីប្រពន្ធមានផ្ទៃពោះបីខែ បង្កឱ្យទាំង២នាក់ប្តីប្រពន្ធរងរបួស និងត្រូវសាច់ញាតិដឹកបញ្ជូនទៅសង្ក្រោះបន្ទាន់នៅមន្ទីពេទ្យយោធភូមិភាគទី១។

តាមការពិនិត្យរបស់គ្រូពេទ្យបានអះអាងថា ទាំងម្តាយនិងកូនមានសុភាពធម្មតា គ្រាន់តែម្តាយមានការភិតភ័យតក់ស្លុតតែប៉ុណ្ណោះ ហើយបច្ចុប្បន្នត្រូវបានចេញពីមន្ទីពេទ្យទៅផ្ទះវិញហើយ។

លោកខែក សារី នាយផ្នែកចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា រ៉ឺម៉កម៉ូតូខាងលើគ្មានពាក់ស្លាកលេខទេ បើកបរខ្វះការប្រុងប្រយ័ត្ន។ ចំណែកម៉ូតូរបស់ជនរងគ្រោះ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខស្ទឹងត្រែង 1C-4645។

ក្រោយពេលកើតហេតុ ភាគីសងខាងបានចរចាសម្របសម្រួលគ្នាដោយមានទំនួលខុសត្រូវ ដើម្បីបញ្ចប់រឿង៕

RELATED ARTICLES