អាមេរិក៖ មន្ទីរបង់តេហ្គូន បានបង្ហើប កាលពីថ្ងៃសុក្រ នេះថាមេដឹកនាំ ក្រុមរដ្ឋអ៊ីស្លាម ក្នុងប្រទេសអាហ្វហ្គានី ស្ថានត្រូវបាន សម្លាប់ដោយយន្តហោះដ្រូន របស់សហរដ្ឋអាមេរិក កាលពីខែមុន។
អនុលេខាធិការ ព័ត៌មានមន្ទីរបង់តេហ្គូន លោក Gordon Trowbridge បាន ឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយ ថាលោក Hafiz Saeed Khan ត្រូវបានសម្លាប់ កាលពីថ្ងៃ២៦កក្កដា ក្នុងស្រុក Achin ដែលស្ថិត នៅខេត្តភាគ ខាងកើត របស់អាហ្វហ្គានីស្ថាន Nangarhar ។
លោក Khan ជាអតីតមេដឹក នាំជាន់ខ្ពស់របស់ក្រុម តាលីបង់ជន ជាតិប៉ាគីស្ថាន ត្រូវបានតែងតាំង ជាប្រធានសាខា របស់ក្រុម រដ្ឋអ៊ីស្លាមក្នុងប្រទេសអាហ្វហ្គានីស្ថានកាលពីខែមករាឆ្នាំ២០១៥ បន្ទាប់ពីការប្តេជ្ញាចិត្តភក្តីភាពចំពោះមេដឹកនាំរដ្ឋអ៊ីស្លាមលោក Abu Bakr al-Baghdadi ។
មន្ទីរបង់តេហ្គូន បានថ្លែងថា លោក Khan បានជួយ បង្កើតជំរំ ហ្វឹក ហាត់នានាក្នុង តំបន់ភាគខាងលិច អាហ្វហ្គានីស្ថាន សម្រាប់ក្រុមសកម្ម ប្រយុទ្ធរដ្ឋអ៊ីស្លាម និងទទួលខុសត្រូវចំពោះការវាយ ប្រហារ ដោយគ្រាប់បែក អត្តឃាតជាច្រើន ករណីដែល បានផ្តាច់ជីវិតមនុស្ស ប្រមាណជា ៣០នាក់ក្នុងទីក្រុង Jalalabad ក្នុងអំឡុងខែ មេសាឆ្នាំ២០១៥។
លោក Khan ក៏ត្រូវបាន គេស្គាល់ថាជាអ្នក ចូលរួមដោយផ្ទាល់ ក្នុងការវាយប្រហារ ប្រឆាំងនិងសហរដ្ឋអាមេរិក និងកងកម្លាំង សម្ព័ន្ធមិត្តក៏ដូចជាការ សកម្មភាពនានា ក្នុងបណ្តាញ ភេរវកររបស់អាហ្វហ្គានីស្ថាន ជាពិសេស ក្នុងខេត្ត Nangarhar ។
ទោះជាយ៉ាង ណានេះមិន មែនជាលើកទី១ ឡើយដែលមេភេរវកររូបនេះ ត្រូវបានគេរាយការណ៍ ថាបានស្លាប់នោះ។ ទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់របស់ អាហ្វហ្គានីស្ថាន បានអះអាងថាលោក ត្រូវបានសម្លាប់កាល ពីខែមករាឆ្នាំទៅ។