ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសឱ្យដឹងនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ ថា កាណូតដឹកអ្នកដំណើរតាមផ្លូវទឹក ចេញពីខណ្ឌព្រែកព្នៅ-រាជធានីភ្នំពេញ-ក្រុងតាខ្មៅ ខេត្តកណ្តាល ចំនួន៤គ្រឿង នឹងដាក់ឱ្យដំណើរជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨។
លោកស៊ុន ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានថ្លែងបញ្ជាក់ថា កាណូតដឹកអ្នកដំណើរតាមផ្លូវទឹក ចេញពីខណ្ឌព្រែកព្នៅ ឆ្ពោះទៅក្រុងតាខ្មៅ ខេត្តកណ្តាល តាមបណ្តោយទន្លេសាប និងទន្លេបាសាក់ ត្រូវដាក់ឱ្យដំណើរការបណ្តោះអាសន្ន នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ ដោយមានកំពង់ផែ៦ទីតាំង និងកាណូតចំនួន២គ្រឿង នាំចូលពីប្រទេសវៀតណាម និងក្រៅពីនោះក៏មានកាណូតចាស់ៗ ចំនួន២គ្រឿងទៀត ដែលសរុបទាំងអស់មានចំនួន៤គ្រឿង។
គួរបញ្ជាក់ថា ទីតាំងសម្រាប់ចំណតនាវាអ្នកដំណើររវាងរាជធានីភ្នំពេញ ទៅក្រុងតាខ្មៅ ខេត្តកណ្តាល ស្ថិតនៅក្នុងដំណើរការសាងសង់ រួមមាន ទីតាំងទី១-កំពង់ផែព្រែកព្នៅ ទីតាំងទី២-កំពង់ផែមុខឃ្លាំងសាំងឫស្សីកែវ ឬនៅទីលានប្រជាធិបតេយ្យ ទីតាំងទី៣-កំពង់ផែ ផែបណ្តែត ទល់មុខផ្សាររាត្រី ទីតាំងទី៤-កំពង់ផែណាហ្គា នៅក្បែរកោះពេជ្រ ទីតាំងទី៥-កំពង់ផែភូមិដើមចាន់ នៅច្បារអំពៅ និងទីតាំងទី៦-កំពង់ផែ សួនច្បារតាខ្មៅ។/