ខេត្តសៀមរាប ៖ បុរសម្នាក់ព្រោះតែតូចចិត្តតូចថ្លើមរឿងសុំដីពីបងអត់បាន ក៏ប្តឹងផ្តល់ឡើងសាលាឃុំ តែលទ្ធផលនៅតែមិនសមបំណង ក៏ដើរចេញពីផ្ទះបាត់ខ្លួនអស់រយៈពេល៥ថ្ងៃ ទីបំផុត ក៏ត្រូវបានគេប្រទះឃើញចងកសម្លាប់ខ្លួននៅក្នុងព្រៃ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ នៅចំណុចព្រៃវាលអណ្តាស ក្នុងភូមិតាកុះ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី។
បុរសគិតខ្លីដែលចងកធ្វើអត្តឃាតរូបនេះ មានឈ្មោះអោន ពៅ អាយុ៥១ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋដើរឆ្លងកាត់កន្លែងកើតហេតុ ក៏ធំក្លិនស្អុយចម្លែក ទើបនាំគ្នាដើរតាមរកមើល ស្រាប់តែប្រទះឃើញសាកសពបុរសរងគ្រោះ ចងកសម្លាប់ខ្លួននឹងក្រមាពណ៌ក្រហម ភ្ជាប់នឹងដើមត្រាងកំពស់១ម៉ែត្រកន្លះ ខាងក្រោយផ្ទះចម្ងាយ១គីឡូម៉ែត្រ ទាំងស្ថានភាពស្អុយរលួយទៅហើយ ទើបធ្វើឱ្យកើតមានការភ្ញាក់ផ្អើលពេញភូមិតែម្តង។
លោកវរសេនីយ៍ឯក ផេង ពេជ្រ ប្រធានការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រខេត្តសៀមរាប បានឱ្យដឹងថា ក្រោយប្រជាពលរដ្ឋរាយការណ៍ថា បានប្រទះសាកសពជនរងគ្រោះចងកជាប់នឹងដើមត្រាងរួចមក សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ រួចកាត់ក្រមាពីដើមឈើ ទម្លាក់សពមកដី ដើម្បីត្រួតពិនិត្យ។
បន្ទាប់ពីសមត្ថកិច្ចធ្វើការសាកសួរក្រុមគ្រួសារ ទើបទទួលបានព័ត៌មានថា ជនរងគ្រោះបានដើរចេញបាត់ពីផ្ទះអស់រយៈពេល៥ថ្ងៃមកហើយ។ នៅមុនពេលបាត់ខ្លួន ជនរងគ្រោះបានកើតមានរឿងក្តីក្តាំងជាមួយនឹងបងប្អូន ដោយជនរងគ្រោះបានសុំដីភូមិកេរ្តិ៍របស់ឪពុកម្តាយពីបង តែបងមិនព្រមឱ្យ ទើបជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅសាលាឃុំ ស្រាប់តែលទ្ធផលចេញមកមិនសមបំណងដដែល ទើបជនរងគ្រោះមួម៉ៅក្តៅចិត្ត ក៏ដើរចេញបាត់ពីផ្ទះ រហូតដល់មានគេប្រទះឃើញសាកសពចងកសម្លាប់ខ្លួនឡើងស្អុយរលួយបែបនេះតែម្តង។
បន្ទាប់ពីពីនិត្យ និងធ្វើកោសល្យវិច័យរួច សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតប្រាកដមែន រួចក៏ប្រគល់សាកសពទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕