ខេត្តព្រះសីហនុ ៖ បុរសជាជនបរទេស២នាក់ បានអង្គុយផឹកស៊ីជាមួយគ្នា លុះក្រោយពេលស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏កើតមានជម្លោះនឹងគ្នា រហូតដល់ភាគីម្ខាងទប់កំហឹងមិនបាន ក៏ស្ទុះទៅទះកំផ្លៀង រួចដាល់ជនរងគ្រោះ១ដៃ ចំវ៉ែនតាបណ្តាលឱ្យបែកវ៉ែនតាមុតចំភ្នែកម្ខាង បណ្តាលឱ្យរងរបួសធ្ងន់។
ករណីហិង្សាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៦និង១៥នាទីព្រលប់ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ នៅចំណុចហាងខនឺរ៍បារ (Corner Bar) អូរត្រេះ១ ស្ថិតក្នុងក្រុមទី១៧ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ចំណែកជនដៃដល់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន នៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨។
ជនសង្ស័យក្នុងករណីហិង្សាខាងលើនេះ មានឈ្មោះ ERNAT NURMUKHA MEDULi ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ សញ្ចាតិ KAZASKHSTAN បច្ចុប្បន្នស្នាក់នៅបូរី BS ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ចំណែកជនរងគ្រោះ មានឈ្មោះ NiKHiL SAGOR ភេទប្រុស អាយុ២៣ឆ្នាំ ជាជនជាតិឥណ្ឌា មុខរបរទេសចរណ៍ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលអូរត្រេះ១ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៦និង១៥នាទីព្រលប់ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ កន្លងទៅ គេឃើញជនរងគ្រោះនិងជនបង្កហេតុ បានអង្គុយផឹកស៊ីជុំគ្នា។ លុះមួយសន្ទុះក្រោយមក បន្ទាប់ពីផឹកស្រវឹងធ្លាក់ភ្នែករៀងខ្លួន អ្នកទាំង២ក៏បានកើតមានជម្លោះពាក្យសម្តីនឹងគ្នា ហើយភ្លាមនោះ ជនដៃដល់បានស្ទុះទៅទះកំផ្លៀងជនរងគ្រោះ១ដៃ រួចថែមទាំងដាល់ជនរងគ្រោះ១ដៃបន្ថែមទៀត ត្រូវចំវ៉ែនតា បណ្តាលឱ្យបែកកញ្ចក់វែនតាមុតភ្នែកខាងឆ្វេងរប់សជនរងគ្រោះ រងរបួសធ្ងន់ បើកភ្នែកស្ទើរមិនរួច។
ក្រោយកើតហេតុ ជនបង្កហេតុបានព្យាយាមរត់គេចខ្លួនបាត់ស្រមោល។ ចំណែកជនរងគ្រោះត្រូវមិត្តភក្តិជួយដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាល រួចក៏ទៅដាក់ព្យាបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមចាប់ខ្លួនជនសង្ស័យ ដើម្បីនាំយកមកចាត់ការតាមច្បាប់។
បន្ទាប់ពីទទួលបណ្តឹងពីជនរងគ្រោះរួចមក កម្លាំងអធិការនគរបាលក្រុងព្រះសីហនុ បានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យបាន នៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨។
ជនសង្ស័យខាងលើ កំពុងត្រូវបានសមត្ថិច្ចជំនាញធ្វើការសាកសួរ និងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕