ខេត្តកណ្តាល ៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារអះអាងថា បានកើតមានអាការៈបាត់ការចង់ចាំ និងបានជិះកង់ចេញបាត់ពីផ្ទះអស់រយៈពេល៤ថ្ងៃមកហើយ មិនទាន់ឃើញវិលត្រឡប់មកផ្ទះវិញសោះ មិនដឹងជាវង្វេងទៅដល់ទីណា ជាហេតុធ្វើឱ្យក្រុមគ្រួសារព្រួយបារម្ភពីសុវត្ថិភាព ក៏បានប្រកាសស្វែងរកតាមហ្វេសប៊ុក។
បុរសដែលបាត់ខ្លួនចេញពីផ្ទះដោយគ្មានដំណឹង មានឈ្មោះរី រ៉ាវុធ ហៅប្រុស អាយុ៥២ឆ្នាំ មុខរបរនៅផ្ទះ ជាមនុស្សបាត់ការចងចាំ មានលំនៅក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។ បុរសរងគ្រោះបានបាត់ខ្លួនចេញពីផ្ទះ តាំងពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ មកម៉្លេះ។
តាមប្រភពពីកូនរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ឪពុករបស់ខ្លួន (បុរសរងគ្រោះ) បានជិះកង់១គ្រឿង ចេញពីផ្ទះ តាំងពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ ដោយជិះចេញពីផ្ទះនៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល និងមិនដឹងជាធ្វើដំណើរទៅដល់ទីណានោះទេ។
កូនរបស់ជនរងគ្រោះ បន្តថា ពេលនេះក្រុមគ្រួសារទាំងមូលពិតជាបារម្ភពីសុវត្ថិភាពរបស់ឪពុកខ្លាំងណាស់ ព្រោះបាត់ខ្លួនអស់រយៈពេល៤ថ្ងៃមកហើយ នៅតែគ្មានដំណឹងសោះ ហើយទោះជាក្រុមគ្រួសារដើរតាមស្វែងរកសព្វកន្លែងយ៉ាងណា ក៏នៅតែមិនឃើញ ហើយអ្វីដែលក្រុមគ្រួសារបារម្ភបំផុតនោះ គឺឪពុកជាមនុស្សបាត់ការចងចាំ ទើបធ្វើឱ្យវង្វេងវង្វាន់បាត់ខ្លួនបែបនេះ ហេតុនេះមិនដឹងជាវង្វេងទៅស្នាក់នៅឯណា បានបាយទឹកឯណាហូបចុកនោះទេ។
ជាមួយនេះ ក្រុមគ្រួសារបុរសរងគ្រោះខាងលើ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ធខ្មែរ ដែលបានប្រទះឃើញបុរសដែលមានភិនភាគដូចក្នុងរូបថតខាងលើ សូមជួយផ្តល់ដំណឹងនេះមកក្រុមគ្រួសារតាមរយៈលេខទូរស័ព្ទ ០៩៦ ៨ ៩៩៩ ៨០៩ ឬមួយក៏អាចរាយការណ៍ទៅកាន់សមត្ថកិច្ចដែលនៅជិតបំផុត៕