ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់កំពុងដេកលង់លក់សុខៗកណ្តាលយប់ ស្រាប់តែមេឃធ្លាក់ភ្លៀង ក៏ក្រោកពីដំណេកចុះត្រងទឹកភ្លៀងទុកប្រើប្រាស់ ស្រាប់តែអកុសល ត្រូវរន្ទះបាញ់បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ នៅចំណុចក្បែរផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិស្វាយសរ ឃុំពន្លៃ ស្រុកភ្នំស្រុក។
បុរសរងគ្រោះដែលត្រូវរន្ទះបាញ់ស្លាប់ មានឈ្មោះហ៊ុល សឿល អាយុ៥១ឆ្នាំ មុខរបរធ្វើស្រែចំការ នៅចំណុចគោកត្បែង ស្ថិតក្នុងភូមិក្បាលទន្សោង ឃុំបន្ទាយឆ្មា ស្រុកថ្មពួក និងមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលបុរសរងគ្រោះកំពុងសម្រាន្តលង់លក់ ស្រាប់តែមេឃបានធ្លាក់ភ្លៀងមួយមេធំ ទើបធ្វើឱ្យជនរងគ្រោះភ្ញាក់ពីដំណេក ដើម្បីចុះមកត្រងទឹកភ្លៀងទុកមកប្រើប្រាស់ ស្រាប់តែអំឡុងពេលដែលជនរងគ្រោះកំពុងត្រងទឹកភ្លៀង ក៏ត្រូវរន្ទះបាញ់ប្រហារ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ប្រាកដមែន។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕