Saturday, October 11, 2025
Homeព័ត៌មានជាតិខ្លោចចិត្ត!!! ចេញពីពេទ្យបាន១យប់ កូនប្រុសស្លាប់ ម្តាយឪពុកគ្មានលុយធ្វើបុណ្យ យកសពទៅកប់ចោលនៅដីវាល

ខ្លោចចិត្ត!!! ចេញពីពេទ្យបាន១យប់ កូនប្រុសស្លាប់ ម្តាយឪពុកគ្មានលុយធ្វើបុណ្យ យកសពទៅកប់ចោលនៅដីវាល

ខេត្តកណ្តាល ៖ ជារឿងគួរឱ្យសង្វេគបំផុតសម្រាប់ក្រុមគ្រួសារមួយនេះ ដែលរស់នៅក្នុងជីវភាពទីទ័លក្រលំបាកខ្វះមុខខ្វះក្រោយ លុះសម្រាលកូនប្រុសម្នាក់បាន៧ខែ ស្រាប់តែកូនប្រុសកើតមានអាការៈចម្លែក មិនព្រមបៅសោះ ទើបឪពុកម្តាយនាំយកទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ជា ឯរាជធានីភ្នំពេញ លុះសម្រាកព្យាបាលអស់រយៈពេលជាង១០ថ្ងៃ ពេទ្យអនុញ្ញាតឱ្យចេញមកផ្ទះវិញ ស្រាប់តែអកុសល មកដល់ផ្ទះបាន១យប់ កូនប្រុសក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ប៉ុន្តែដោយឪពុកម្តាយគ្មានលទ្ធភាពអត់លុយធ្វើបុណ្យ ក៏បីយកសពកូនទៅកប់ចោលនៅក្នុងដីវាលមួយកន្លែង មើលទៅគួរឱ្យខ្លោចចិត្តជាទីបំផុត។

ក្មេងប្រុសរងគ្រោះដែលបាត់បង់ជីវិតក្រោយពីកើតបាន៧ខែ និងត្រូវឪពុកម្តាយគ្មានលទ្ធភាពធ្វើបុណ្យយកទៅកប់ចោលនេះ មានឈ្មោះពេជ្រ មេត្តា អាយុ៧ខែ ជាកូនពៅ ក្នុងចំណោមបងប្អូន៣នាក់ ដោយក្នុងនោះកូនប្រុសច្បងអាយុ៦ឆ្នាំ កូនស្រីទី២ អាយុ៣ឆ្នាំ។ ក្មេងប្រុសរងគ្រោះមានឪពុកឈ្មោះពៅ លីថូ មុខរបរស៊ីឈ្នួលលីបាវស្រូវឱ្យគេ ម្តាយឈ្មោះអ៊ុន ណារិន មុខរបរស៊ីឈ្នួលគេ សព្វថ្ងៃស្នាក់នៅភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង។

តាមសម្តីបុរសឪពុកក្មេងប្រុសរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកថា ប្តីប្រពន្ធគាត់បានចាប់ដៃគ្នាអស់រយៈពេលជាង៧ឆ្នាំមកហើយ ដោយបង្កើតបានកូនចំនួន៣នាក់ តែអកុសល កូនពៅទើបនឹងស្លាប់ នៅសល់តែកូនប្រុសស្រី២នាក់ប៉ុណ្ណោះ។ មុននេះ ប្តីប្រពន្ធគាត់បាននាំគ្នាទៅធ្វើការស៊ីឈ្នួលគេនៅឯភូមិកំពង់លួង ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ បន្ទាប់មក ក៏មានផ្ទៃពោះកូនទី៣ រួចក៏សម្រាលនៅមន្ទីរពេទ្យបង្អែកអង្គរបុរី ខេត្តតាកែវ ដោយមានសុវត្ថិភាពទាំងម្តាយនិងកូន។ ក្រោយពេលសម្រាលបាន៧ខែ ស្រាប់តែកូនប្រុសម្នាក់នេះមិនព្រមបៅទាល់តែសោះ ទើបធ្វើឱ្យប្តីប្រពន្ធរបស់គាត់នឹកភ័យ ក៏នាំកូនប្រុសទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ជា ឯរាជធានីភ្នំពេញ។ លុះព្យាបាលនៅមន្ទីរពេទ្យ បានរយៈពេល១៣ថ្ងៃ កូនប្រុសនេះក៏ចាប់ផ្តើមបៅធម្មតាឡើងវិញ ទើបនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ គ្រូពេទ្យបានអនុញ្ញាតឱ្យគាត់នាំកូនប្រុសត្រឡប់មកផ្ទះវិញ ដោយប្រាប់ថា កូនប្រុសនេះបៅវិញហើយ រស់ហើយ ត្រឡប់ទៅផ្ទះបានហើយ។

បុរសជាឪពុកក្មេងប្រុសរងគ្រោះ បន្តថា លុះពេលនាំកូនប្រុសមកដល់ផ្ទះឯភូមិព្រែកខ្សេវ កូនប្រុសរបស់គាត់មានសុខភាពធម្មតា និងបៅធម្មតា លុះរំលងបាន១យប់ មកដល់វេលាម៉ោង៩ព្រឹក ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ កូនប្រុសរបស់គាត់ស្រាប់តែដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។ ក្រោយពីកូនប្រុសបានស្លាប់ ប្តីប្រពន្ធគាត់គ្មានលុយ១រៀលជាប់ខ្លួនទេ ហេតុនេះ មិនមានលទ្ធភាពសម្រាប់ចាត់ចែងបុណ្យសពឱ្យកូន ឬនិមន្តព្រះសង្ឃ ឬតាអាចារ្យមកជួយរៀបចំពិធីអ្វីទាំងអស់ ចុងក្រោយ គាត់ជាឪពុកក៏ដាច់ចិត្តបីសពកូនប្រុសយកទៅកប់ចោលនៅក្នុងដីវាលមួយកន្លែងតែម្តង។

តាមសម្តីស្ត្រីជាម្តាយក្មេងប្រុសរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ នាងបានឱ្យកូនប្រុសបៅដូចសព្វដង រួចក៏ដាក់ឱ្យកូនប្រុសដេកវិញ លុះមួយសន្ទុះក្រោយមក នាងក៏សង្កេតឃើញកូនប្រុសប្រែសម្បុរទៅជាក្រហម បន្ទាប់មក ក៏ប្រែទៅជាខ្មៅ លុះចុងក្រោយក៏ទៅជាមានសភាពសស្លាំង ទើបនាងនឹកិឆ្ងល់រត់ទៅហៅប្តីឱ្យមកជួយមើល លុះមកដល់ស្ទាបដើមទ្រូង មើលដង្ហើមកូន ទើបដឹងថា កូនប្រុសបានស្លាប់បាត់ទៅហើយ។

ស្ត្រីជាម្តាយក្មេងប្រុសរងគ្រោះ បញ្ជាក់ថា ធម្មតាទឹកចិត្តឪពុកម្តាយតែងស្រលាញ់កូន ប៉ុន្តែដោយសារតែជីវភាពរបស់គ្រួសារនាងទីទ័លក្រខ្លាំងពេក សូម្បីជម្រកសព្វថ្ងៃ ក៏រស់នៅក្នុងដីរោងចក្រដែលគេវាយចោលសល់ជញ្ជាំង និងដំបូលបន្តិចគ្រាន់ជ្រកប៉ុណ្ណោះ ចំណែកលុយកាក់វិញ គឺគ្មាន១រៀលជាប់ខ្លួនឡើយ ហេតុនេះ ទើបដាច់ចិត្តបីសពកូនយកទៅកប់ចោល ព្រោះតែគ្មានសមត្ថភាពធ្វើបុណ្យសពឱ្យកូន។

ក្រោយកើតមានករណីដ៏គួរឱ្យសង្វេគខាងលើ គេឃើញមានសប្បុរសជនជាច្រើនបានសម្តែងនូវទឹកចិត្តអាណិតអាសូរ ជួយឧបត្ថម្ភជាទឹកប្រាក់តាមលទ្ធភាព ដើម្បីឱ្យក្រុមគ្រួសារអភ័ព្វមួយនេះ គាស់លើកសពកូនប្រុសយកទៅបូជាឱ្យបានត្រឹមត្រូវតាមប្រពៃណី៕

RELATED ARTICLES