ខេត្តកំពង់ធំ ៖ រថយន្តបែនដឹកដីមួយគ្រឿង បត់ឆ្វេងខ្វះការប្រុងប្រយ័ត្នទៅបុកអ្នកជិះម៉ូតូឌុបគ្នា3នាក់ បណ្តាលបុរសជាប្តីស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកប្រពន្ធរបួសធ្ងន់ កូនម្នាក់របួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលវេលាម៉ោង8នឹង30នាទីព្រឹក ថ្ងៃ06 ខែមេសា ឆ្នាំ2018 បណ្តោយផ្លូវជាតិលេខ6 ស្ថិតនៅភូមិសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក។
ជនរងគ្រោះដែលប្តីនិងជាឪពុក ឈ្មោះភិម បាវ អាយុ33ឆ្នាំ (ស្លាប់នៅនឹងកន្លែងកើតហេតុ) ស្ត្រីដែលជាប្រពន្ធឈ្មោះសុខ ហៀង អាយុ30 ឆ្នាំ (របួសធ្ងន់បាក់ដៃខាងឆ្វេង) ចំណែកកូន ទី1.ឈ្មោះសុខ លី អាយុ8ឆ្នាំ (របួសស្រាល) ទី2. ឈ្មោះសុខ លៀប អាយុ3ឆ្នាំ (របួសធ្ងន់ បាក់ដងកាំបិត) ជនរងគ្រោះមួយក្រុមគ្រួសារនេះ មានលំនៅភូមិបាក់ស្នា ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ជនរងគ្រោះត្រូវបងប្អូន សាច់ញាតិដឹកទៅមន្ទីពេទ្យខេត្តកំពង់ធំ។ ចំណែកតៃកុងរថយន្តដឹកដីមិនស្គាល់អត្តសញ្ញាណ បានចុះរត់គេចខ្លួនបាត់ស្រមោល។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញប្តីប្រពន្ធនិងកូនជិះម៉ូតូម៉ាក Wave S ពណ៌ស ស្លាកលេខ 1F-6457 ឌុបគ្នាចេញពីជើងទៅត្បូង ហើយរថយន្តបែន ពណ៌ខៀវ ស្លាកលេខ ម.0185-ភព3 ចេញពីត្បូងទៅជើង ទិសដៅបញ្ច្រសគ្នា។ លុះដល់កន្លែងកើតហេតុ រថយន្តបែនបត់ឆ្វេង មិនមើលមុខក្រោយខ្វះការប្រុងប្រយ័ត្ន បានទៅបុកអ្នកជិះម៉ូតូពេញទំហឹង បណ្តាលឱ្យបុរសជាប្តីដែលជាអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកប្រពន្ធរងរបួសធ្ងន់និងកូន2នាក់ទៀតម្នាក់ របួសធ្ងន់ម្នាក់របួសស្រាល។
ក្រោយពីបង្កហេតុ បណ្តាលឱ្យមនុស្សស្លាប់និងរបួស តៃកុងរថយន្តបែនបានរត់គេចខ្លួនបាត់ស្រមោល ចំណែកសាកសពជនរងគ្រោះ ត្រូវបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែក រថយន្តបែននិងម៉ូតូ ប៉ូលិសចរាចរស្រុកសន្ទុក យកទៅរក្សាទុកនៅអធិការនគរបាលស្រុក ដើម្បីស្រាវជ្រាវរកម្ចាស់រថយន្តមកដោះស្រាយទៅតាមផ្លូវច្បាប់៕