ខេត្តកំពត ៖ រថយន្តហាយឡែនដឺរ មួយគ្រឿង បានបើកបរក្នុងល្បឿនលឿន ហើយមិនដឹងជាជួបហេតុការណ៍អ្វី ស្រាប់តែរេចង្កូតបុកចូលផ្ទះអ្នកស្រុក បណ្តាលឱ្យស្ត្រីជាម្ចាស់ផ្ទះរងរបួសធ្ងន់ ហើយស្លាប់យ៉ាងអាណោចអាធ័ម ក្រោយបញ្ជូនដល់មន្ទីរពេទ្យ និងម្នាក់ទៀតរបួសស្រាល កាលពីល្ងាចថ្ងៃទី05 ខែមេសា ឆ្នាំ2018 នៅភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ។
ស្ត្រីរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍នេះ មានឈ្មោះកៅ ចាន់ធួន អាយុ51ឆ្នាំ។ រីឯអ្នករងរបួសស្រាល ឈ្មោះផាត់ ប៊ុនធឿន ភេទស្រី អាយុ17ឆ្នាំ។ អ្នកទាំងពីររស់នៅភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។
តាមប្រភពពីកន្លែងកើតហេតុ បានរៀបរាប់ថា មុនពេលគ្រោះថ្នាក់កើតឡើង គេឃើញរថយន្តមួយគ្រឿង ម៉ាកហាយឡែនដឺរ ពាក់ស្លាកលេខភ្នំពេញ 2I-3479 បើកបរលើផ្លូវលំក្រួសក្រហមមួយខ្សែ ស្ថិតនៅក្នុងភូមិឃុំខាងលើ។ លុះមកដល់ចំណុចផ្លូវបត់ ដោយសារតែបើកលឿនខ្លាំងពេក អ្នកបើកបរកាច់ចង្កូតមិនទាន់ ក៏ជ្រុលបុកចូលផ្ទះអ្នកស្រុកយ៉ាងពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ និងម្នាក់ទៀតរបួសស្រាល។
ចំណែកអ្នកបើកបររថយន្តបង្ក បានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុ ជនរងគ្រោះទាំង2 ត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកអង្គរជ័យ ដើម្បីជួយសង្គ្រោះជីវិត តែដោយសារស្ត្រីរងគ្រោះមានសភាពរបួសធ្ងន់ធ្ងរពេក មិនអាចទ្រាំបាន ក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ យករថយន្តបង្កមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គរជ័យ ដើម្បីរង់ចាំម្ចាស់រថយន្តបង្កចូលខ្លួនមកដោះស្រាយជាមួយក្រុមគ្រួសារស្ត្រីរងគ្រោះតាមផ្លូវច្បាប់៕