Saturday, October 11, 2025
Homeព័ត៌មានជាតិស្ត្រីម្នាក់ដេកស្លាប់លើទួល សល់តែគ្រោងឆ្អឹង ត្រូវបុរសម្នាក់ប្រទះឃើញ

ស្ត្រីម្នាក់ដេកស្លាប់លើទួល សល់តែគ្រោងឆ្អឹង ត្រូវបុរសម្នាក់ប្រទះឃើញ

ខេត្តក្រចេះ ៖ សាកសពស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើទួលថ្មមួយកន្លែង សល់តែគ្រោងឆ្អឹង និងសម្លៀកបំពាក់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ នៅចំណុចទួលថ្មមួយកន្លែង ស្ថិតក្នុងឡូ២៨០ កសិដ្ឋាន២ ក្រុមហ៊ុនដុងណាយ ស្រុកសំបូរ ខេត្តក្រចេះ។

សាកសពស្ត្រីរងគ្រោះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ ព្រោះថាសាកសពបានរលួយរលេះសាច់អស់គ្មានសល់ សល់តែគ្រោង ឆ្អឹងនិងសម្លៀកបំពាក់ប៉ុណ្ណោះ និងអាចកំណត់បានថា ជាសាកសពស្ត្រីម្នាក់។

តាមសម៉្តីយុវជនឈ្មោះឈិន សុភាព ហៅចេក អាយុ២៣ឆ្នាំ ជាកម្មករក្រុមហ៊ុនដុងណាយ ដែលជាអ្នកប្រទះឃើញសាកសពខាងលើមុនគេ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបគេបានចេញទៅអារឈើនៅឡូ២៨០ កសិដ្ឋាន២ ក្នុងបរិវេណក្រុមហ៊ុនដុងណាយ ស្ថិតនៅកន្លែងកើតហេតុខាងលើ ស្រាប់តែទៅដល់ទួលថ្មមួយកន្លែង ក៏ប្រទះឃើញសាកសពដេកស្លាប់នៅលើទួលថ្ម សល់តែគ្រោងឆ្អឹង មិនស្គាល់អត្តសញ្ញាណ ទើបធ្វើឱ្យរូបគេមានការភ្ញាក់ផ្អើល ក៏ប្រញាប់រត់មកប្រាប់មេការ រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង។

ក្រោយពីទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យ រួចសន្និដ្ឋានបានថា ស្ត្រីរងគ្រោះគឺជាជនវិកលចរិត ហើយក្រោយពិនិត្យសាកសពមិនមានស្លាកស្នាមអ្វី សង្ស័យពាក់ព័ន្ធទៅនឹងករណីឃាតកម្មនោះទេ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកសាច់ញាតិស្ត្រីរងគ្រោះមកទទួលសាកសព ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES