ខេត្តព្រះវិហារ ៖ យុវជនជាកម្មករបោចមាន់លក់ម្នាក់ បានចូលទៅចាប់មាន់នៅក្នុងទ្រុងដែលសង់ឡើងពីដែក បំណងយកមកបោចទុកលក់ឱ្យម៉ូយស្អែក ស្រាប់តែអកុសល ត្រូវចរន្តអគ្គិសនីឆ្លងឆក់ស្លាប់នៅក្នុងទ្រុងមាន់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៨យប់ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត។
យុវជនរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់ មានឈ្មោះសៀង រក្សា អាយុ២១ឆ្នាំ មុខរបរកម្មករបោចមាន់ មានលំនៅភូមិត្រពាំងរំដេង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ បច្ចុប្បន្នស្នាក់នៅ និងធ្វើជាកម្មករបោចមាន់ នៅភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានចូលទៅក្នុងទ្រុងមាន់ដែលសង់ពីដែក ក្នុងបំណងចាប់មាន់យកមកបោចទុកលក់ឱ្យម៉ូយនៅព្រឹកស្អែក ស្រាប់តែអកុសល មិនដឹងជាយ៉ាងម៉េចក៏ត្រូវខ្សែភ្លើងឆក់ស្លាប់នៅក្នុងទ្រុងមាន់តែម្តង ជាហេតុធ្វើឱ្យមានការភ្ញាក់ផ្អើល និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារឆក់ខ្សែភ្លើងប្រាកដមែន។
យោងតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ នៅមុនពេលកើតហេតុ ជនរងគ្រោះបានចូលទៅចាប់មាន់ដូចសព្វដង ដើម្បីយកមកធ្វើ និងបោចលក់ឱ្យម៉ូយ តែចៃដន្យក៏បានជួបនឹងហេតុការណ៍នេះតែម្តង។ សមត្ថកិច្ចបញ្ជាក់ថា ទ្រុងមាន់ដែលបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតជនរងគ្រោះនេះ គឺធ្វើអំពីដែក ហើយអាចនឹងមានខ្សែភ្លើងដាច់ ឬរលាត់មុខតំណ ប៉ះនឹងដែកទ្រុងមាន់ ទើបធ្វើឱ្យឆ្លងចរន្ត លុះពេលជនរងគ្រោះកាន់ប៉ះ ក៏បណ្តាលឱ្យឆក់តែម្តង។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕