Saturday, October 11, 2025
Homeព័ត៌មានជាតិឃាតករអារកសម្លាប់ប្រពន្ធនិងកូនប្រុស២នាក់ សារភាពព្រោះភ្លើងប្រចណ្ឌ

ឃាតករអារកសម្លាប់ប្រពន្ធនិងកូនប្រុស២នាក់ សារភាពព្រោះភ្លើងប្រចណ្ឌ

ខេត្តត្បូងឃ្មុំ ៖ ជនសង្ស័យជាឃាតករចិត្តកំណាចដែលចាប់ប្រពន្ធ និងកូនប្រុស២នាក់ អារកសម្លាប់យ៉ាងឃោរឃៅ កាលពីវេលាថ្ងៃត្រង់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិដូង ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨នេះ ត្រូវបានលោកគីម ហេង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តត្បូងឃ្មុំ សម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួននៅពន្ធនាគារ។

គួរបញ្ជាក់ថា ជនសង្ស័យជាឃាតករូបនេះត្រូវកម្លាំងសមត្ថកិច្ចខេត្តត្បូងឃ្មុំ សហការជាមួយសមត្ថកិច្ចខេត្តឧត្តរមានជ័យ សហការគ្នាចាប់ខ្លួនបានកាលពីវេលាម៉ោង៥និង០៥នាទីល្ងាច ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ នៅចំនុចភូមិពោធិវង្ស សង្កាត់បន្សាយរក្ស ក្រុងសំរោង ខណៈដែលជនជាឃាតកររូបនេះបម្រុងរត់គេចខ្លួនចូលទៅក្នុងទឹកដីប្រទេសថៃ។

លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ប្រាប់ថា ជនសង្ស័យគឺជាប្តីចុង និងជាឪពុកចុងរបស់ជនរងគ្រោះទាំង៣នាក់។ ដោយឡែកមូលហេតុដែលនាំឱ្យកើតមានករណីឃាតកម្មនេះឡើង គឺដោយសារតែរឿងប្រចណ្ឌ ព្រោះ១ខែមុន ប្តីដើមរបស់ស្ត្រីរងគ្រោះដែលជាប្រពន្ធរបស់ជនសង្ស័យបានមកលេងផ្ទះកើតហេតុ រួចក៏មានកើតមានទំនាស់ម្តងរួចមកហើយ។ ក្រោយមក នៅមុនថ្ងៃកើតហេតុ១ថ្ងៃ ជនសង្ស័យបានទៅស៊ីផឹក លុះពេលស្រវឹងជិះម៉ូតូត្រឡប់មកផ្ទះវិញ ក៏ជ្រុលចង្កូតបុកឆ្កែ ស្រាប់តែមកដល់ផ្ទះ ត្រូវប្រពន្ធស្តីបន្ទោសក៏កើតមានទំនាស់ម្តងទៀត ដោយភ្លាមនោះកូនប្រុស២នាក់របស់ស្ត្រីរងគ្រោះ និងស្ត្រីរងគ្រោះ ចង់ព្រួតគ្នាវាយ លុះយប់ឡើងស្ត្រីរងគ្រោះមិនបានទៅដេកជាមួយជនសង្ស័យជាប្តីនោះទេ ពោលមកដេកជាមួយកូនប្រុស ប៉ុន្តែក្រោយដេកបានមួយសន្ទុះ ជនសង្ស័យក៏យកកាំបិតទៅកាប់ប្រហារសម្លាប់តែម្តង រួចបានរត់គេចខ្លួនទៅក្រុងសំរោងបំណងឆ្លងដែនចេញទៅថៃ ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានតែម្តង។

 

សូមបញ្ជាក់ថា ជនសង្ស័យជាឃាតករដៃឆៅដែលចាប់អារកប្រពន្ធ រួចកាប់កូនប្រុស២នាក់ បណ្តាលឱ្យស្លាប់ មានឈ្មោះជ្រាំង ភូ អាយុ៤៨ឆ្នាំ ត្រូវជាប្តីចុងរបស់ស្ត្រីរងគ្រោះមានស្រុកកំណើតនៅភូមិអកមួល ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។ ចំណែកជនរងគ្រោះទាំង៣នាក់ម្តាយកូន ដែលត្រូវឃាតករចិត្តព្រៃផ្សៃអារកសម្លាប់យ៉ាងឃោរឃៅ រួមមាន ទី១-ឈ្មោះឃាន សុខលាន ភេទស្រី អាយុ៤២ឆ្នាំ មុខរបរលក់ដូរ ត្រូវជាប្រពន្ធជនសង្ស័យជាឃាតករ និងត្រូវជាម្តាយរបស់ក្មេងប្រុសរងគ្រោះទាំង២នាក់ ទី២-ឈ្មោះធឿន វណ្ណៈ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស និងទី៣-ឈ្មោះធឿន ធារី  ភេទប្រុស អាយុ១១ឆ្នាំ មុខរបរសិស្ស។ ជនរងគ្រោះទាំង៣នាក់ម្តាយកូន មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

គួររំលឹកថា កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ កន្លងទៅ មានករណីឃាតកម្មដ៏ឃោរឃៅមួយបានកើតឡើង នៅចំណុចភូមិដូង ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ដោយបុរសជាប្តីចុងចិត្តកំណាចឃោរឃៅម្នាក់ ព្រោះតែផ្ទុះភ្លើងប្រចណ្ឌ ក៏ឈានដល់ការប្រព្រឹត្តអំពើឃាតកម្មយ៉ាងសាហាវព្រៃផ្សៃ ចាប់ប្រពន្ធអារកសម្លាប់ រួចកាប់កូនប្រុសចំនួន២នាក់ បណ្តាលឱ្យដេកស្លាប់ក្នុងថ្លុកឈាមនៅលើផ្ទះ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០១ ខែមេសា  ឆ្នាំ២០១៨ មានស្ត្រីម្នាក់ឈ្មោះសេង នាង អាយុ៤៥ឆ្នាំ រស់នៅភូមិរើល ឃុំដូនតី ស្រុកពញាក្រែក ត្រូវជាបងថ្លៃរបស់ស្ត្រីរងគ្រោះបានយកផ្អកមកឱ្យស្ត្រីរងគ្រោះ ឈ្មោះឃាន សុខលាន លុះមកដល់ មិនឃើញមានមនុស្សនៅផ្ទះសោះ ចំណែកទ្វារតូបខាងមុខផ្ទះក៏បានបិទមិនបើកលក់ដូរដូចសព្វដងសោះ ដោយនឹកឆ្ងល់ ទើបស្ត្រីជាបងថ្លៃ បានដើររកមើលក៏ប្រទះឃើញស្នាមឈាមស្រក់តាមជើងសរសរផ្ទះ ភ្លាមនោះ ស្ត្រីជាបងថ្លៃក៏ឡើងទៅលើផ្ទះបើកទ្វារចូលទៅមើល ស្រាប់តែប្រទះឃើញជនរងគ្រោះទាំង៣នាក់ម្តាយកូន បានដេកស្លាប់ក្នុងថ្លុកឈាមនៅកន្លែងផ្សេងគ្នាអស់ទៅហើយ ដោយក្នុងនោះ ស្ត្រីរងគ្រោះជាម្តាយដេកស្លាប់នៅកៀនជញ្ជាំង ចំណែកកូនប្រុសទាំង២នាក់ ដេកស្លាប់នៅលើពូកចំកណ្តាលផ្ទះ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ និងបានពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះត្រូវជនដៃដល់ចាប់អារកសម្លាប់ ចំណែកក្មេងប្រុសទាំង២នាក់ជាកូនរបស់ស្ត្រីរងគ្រាះ ត្រូវជនជាឃាតករកាប់នឹងកាំបិតផ្គាក់ដងវែង បណ្តាលឱ្យស្លាប់។ នៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញកាំបិតផ្គាក់ដងឬស្សីមួយ ប្រវែងជាង១ម៉ែត្រ មានប្រឡាក់ជាប់ឈាម បន្សល់ទុកនៅខាងមុខទ្វារខាងលើផ្ទះ៕

RELATED ARTICLES