ភ្នំពេញ ៖ យុវតីរូបស្រស់ជាសិស្សសាលាម្នាក់កំពុងរៀនសូត្រសុខៗ ស្រាប់តែកើតមានជំងឺរលាកស្រោមខួរ បង្កឱ្យបាត់ការចងចាំ និងធ្វើឱ្យសុខភាពស្រកស្រុតទ្រុឌទ្រោមគួរឱ្យបារម្ភ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលចាំបាច់ត្រូវការចំណាយលើការព្យាបាលយ៉ាងច្រើនលើសលប់ ហួសពីសមត្ថភាពរបស់ក្រុមគ្រួសារ ហេតុនេះទើបមិត្តភក្តិរួមថ្នាក់ រួមសាលា រួមនឹងអាណាព្យាបាលយុវតីរងគ្រោះ បានអំពាវនាវសុំជំនួយឧបត្ថម្ភពីសប្បុរសជន។
យុវតីអភ័ព្វដែលកើតមានជំងឺរលាកស្រោមខួរធ្ងន់ធ្ងរនេះ មានឈ្មោះអ៊ួន និមល ជាសិស្សរៀនថ្នាក់ទី ១១A2 នៃវិទ្យាល័យ ហ៊ុន សែន បូរី១០០ខ្នង មានឪពុកឈ្មោះអ៊ួន បណ្តូល ជាមន្ត្រីយោធានៅវិសកម្មអគ្គបញ្ជាការ នៅកងវត្ថុរារាំងលេខ៧២ កំពុងចុះបំពេញបេសកកម្មនៅព្រំដែនកម្ពុជា-ឡាវ។ យុវតី អួន និមល បានកើតមានជំងឺរលាកស្រោមខួរធ្ងន់ធ្ងរ និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសម្រាកព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរកាល់ម៉ែត។
យោងតាមគណនីហ្វេសប៊ុកឈ្មោះ Köng Këä ត្រូវជាមិត្តភក្តិរបស់យុវតី អួន និមល បានបង្ហោះសារមួយកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ ថា “ជំរាបសួរអ្នកទាំងអស់គ្នា ខណៈពេលនេះ ខ្ញុំនិងមិត្តភក្តិរបស់និមល បានមកមើលនិមល ដល់មន្ទីរពេទ្យផ្ទាល់ ព្រមទាំងភ្ជាប់នូវថវិកាមកជាមួយផងដែរ ចំនួន (១៧០ដុល្លារ និង៨០ម៉ឺនរៀល) ដែលពួកខ្ញុំបានប្រមូលនៅសាលាកាលពីព្រឹកមិញ ប៉ុន្តែនៅពេលនេះគ្រូពេទ្យកំពុងតែតាមដាននូវអាការៈរបស់គាត់នៅឡើយទេ គ្រាន់តែនៅមិនទាន់មានការចងចាំច្បាស់ដូចកាលពីមុន ចំពោះការចងចាំរបស់គាត់មិនទាន់បាន៥០ភាគរយនៅឡើយផង និយាយរួមការចងចាំរបស់គាត់ គឺមានភាគតិចណាស់។ ចំពោះខាងគ្រួសារគាត់ បានថ្លែងអំណរអរគុណដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅសាលា១០០ខ្នង ទាំងអស់គ្នា ក៏ដូចជាអ្នកដែលបានស្គាល់និមល ផងដែរ ដែលបានចូលរួមនូវថវិកាមួយចំនួន ដើម្បីជួយសង្គ្រោះដល់និមល ដែលកំពុងព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ហើយសូមបងប្អូនជួយឧបត្ថម្ភដល់និមល បន្ថែមទៀតផង ពីព្រោះគ្រួសារនិមល កំពុងតែខ្វះថវិកា ដើម្បីព្យាបាល និងតាមដាននូវជំងឺរបស់គាត់បន្ថែមទៀត។ ហើយបើសិនជាបងប្អូនចង់ជួយឧបត្ថម្ភ អាជទំនាក់ទំនងបន្ថែមមកកាន់លេខទូរស័ព្ទ ០១៥ ៩២ ២៧ ៥៨, ០១៥ ៥៩ ៦៦ ៦៧, ០១៧ ៤៩ ៥២ ៣១ (លេខទូរស័ព្ទខាងគ្រួសារនិមល)…”។
ដោយឡែក ឪពុកបង្កើតរបស់យុវតី អ៊ួន និមល បានប្រកាសអំពាវនាវថា “ខ្ញុំបាទឈ្មោះអ៊ួន បណ្តូល ជាមន្ត្រីយោធានៅវិសកម្ម អគ្គបញ្ជាការនៅកងវត្ថុរារាំងលេខ៧២ បានចុះវិសកម្មព្រំដែនកម្ពុជា-ឡាវ។ ខ្ញុំបាទមានទុក្ខជាទំងន់ ដោយកូនស្រីខ្ញុំបាទឈ្មោះអ៊ួន និមល មានជំងឺ
(រលាកស្រោមខួរក្បាលជាទំងន់) ពេលនេះកូនស្រីខ្ញុំបាទកំពុងសំរាកព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែត។ ខ្ញុំបាទកំពុងខ្វះថវិកាព្យាបាលជំងឺបន្ត
ខ្ញុំបាទសូមអំពាវនាវដល់សម្តេច លោកឧញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី ពូមីងបងប្អូន សប្បុរសជននានា សុំជួយឧបត្ថម្ភជាថវិកាដល់កូនស្រខ្ញុំបាទផង។ កូនស្រីខ្ញុំបាទរៀននៅវិទ្យាល័យ ហ៊ុន សែន បូរី១០០ខ្នង ថ្នាក់ទី១១A2 សូមទាក់ទងមកខ្ញុំបាទផ្ទាល់ ៖ ០១៥ ៩២ ២៧ ៥៨, ០១៧ ៤៩ ៥២ ៣១ (អ៊ួន បណ្តូល) សុំជួយ Share បន្តផង សូមអរគុណ…”៕