ខេត្តកំពង់ធំ ៖ ក្មេងស្រីអាយុ៧ឆ្នាំម្នាក់ បានដើរចុះទៅលេងទឹកស្រះរណ្តៅអាអិចតែម្នាក់ឯង បណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ដោយគ្មានអ្នកដឹង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ នៅចំណុចស្រះទឹកខាងជើង ភូមិចុងដា ឃុំត្បូងក្រពើ ស្រុកសន្ទុក។
ក្មេងស្រីរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះហ៊ុំ ឡៃ អាយុ៧ឆ្នាំ មានឪពុកឈ្មោះជឿន ជីន ម្តាយឈ្មោះហ៊ីង នីន មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីក្រុមគ្រួសារក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ខណៈដែលក្រុមគ្រួសារវល់ការងារភ្លេចខ្លួន ក្មេងស្រីរងគ្រោះក៏បានដើរលេងនៅក្បែរៗផ្ទះតែម្នាក់ឯង លុះបន្តិចក្រោយមក ក្មេងស្រីរងគ្រោះបានដើរទៅលេងនៅចំណុចមាត់ស្រះទឹកខាងលើ ហើយក៏ចុះទៅលេងទឹកស្រះនោះតែម្នាក់ឯង ទើបបណ្តាលឱ្យរអិលជើងធ្លាក់ចូលទឹកលង់ស្លាប់យ៉ាងអាណោចអាធ័មតែម្តង។
ប្រភពដដែលបន្តថា ក្រោយរួចដៃពីការងារ ទើបនាំគ្នាភ្ញាក់ផ្អើលដើររកក្មេងស្រីរងគ្រោះ តែរកមិនឃើញសោះ ទើបធ្វើឱ្យកើតមានការសង្ស័យថា ក្មេងស្រីរងគ្រោះចុះទៅលេងទឹក ក៏នាំគ្នារត់ទៅមើលរណ្តៅទឹកស្រះទីតាំងកើតហេតុ រួចនាំគ្នាចុះរាវក៏ប្រទះឃើញក្មេងស្រីរងគ្រោះបានលង់ទឹកស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងស្រីរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន រួចក៏ប្រគល់សាកសពទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕