ភ្នំពេញ ៖ បុរសម្នាក់ព្រោះតែកើតមានជំងឺរ៉ាំរ៉ៃប្រចាំកាយរាប់ឆ្នាំព្យាបាលមិនជា ក៏ធ្វើឱ្យអស់សង្ឃឹមក្នុងជីវិត រហូតដល់ដាច់ចិត្តពិភាក្សា ប្រាប់ម្តាយធម៌របស់ខ្លួនថា លែងចង់រស់នៅទៀតហើយ តែម្តាយធម៌មិនចាប់អារម្មណ៍ ស្រាប់តែទីបំផុត កូនប្រុសរូបនេះដាច់ចិត្តចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ នៅចំណុចការិយាល័យលក់ផ្ទះល្វែង និងដីឡូត៍បង់រំលោះ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៩៦២ ក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
បុរសគិតខ្លីចងកធ្វើអត្តឃាត ព្រោះទ្រាំទ្រនឹងជំងឺរ៉ាំរ៉ៃប្រចាំកាយលែងបាននេះ មានឈ្មោះម៉ៅ ឡា អាយុ៣២ឆ្នាំ មុខរបរជាបុគ្គលិកធនាគារមួយកន្លែង ស្នាក់នៅបណ្តោះអាសន្នកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិចុងដូង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
តាមសម្តីប្អូនប្រុសរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា បងប្រុសរបស់គាត់ (ជនរងគ្រោះ) បានកើតមានជំងឺប្រចាំកាយរាប់ឆ្នាំមកហើយ ទោះជាព្យាបាលយ៉ាងណា ក៏មិនជាសោះ។ នៅមុនពេលកើតហេតុ២ថ្ងៃ ជនរងគ្រោះបានមកស្នាក់នៅទីតាំងកើតហេតុខាងលើ លុះមកដល់យប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ ជនរងគ្រោះបានមកពិភាក្សាជាមួយស្ត្រីវ័យចំណាស់ម្នាក់ដែលត្រូវជាម្តាយធម៌ ដោយនិយាយថា រូបគេចង់តែស្លាប់ឱ្យផុតៗទៅនោះទេ ព្រោះតែមានជំងឺប្រចាំកាយរ៉ាំរ៉ៃជាប់ខ្លួនជាយូរឆ្នាំមកហើយ រស់នៅរកសេចក្តីសុខមិនឃើញទាល់តែសោះ។ ឮបែបនេះ ម្តាយធម៌ក៏បាននិយាយលើកទឹកចិត្តកុំឱ្យជនរងគ្រោះមានគំនិតខ្លីបែបនេះ ព្រោះមិនល្អនោះទេ។ លុះក្រោយពេលនិយាយគ្នាចប់ ក៏បែកផ្លូវគ្នាចូលសម្រាកអស់ទៅ ដោយមិនបានចាប់អារម្មណ៍ ឬនឹកស្មានដល់សោះថា ជនរងគ្រោះអាចនឹងមានគំនិតខ្លីបែបនេះ។
ប្រភពដដែលបន្តថា រហូតមកដល់វេលាម៉ោង២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ខណៈដែលភ្ញាក់ពីដំណេកទៅបត់ជើង ស្រាប់តែប្រទះឃើញជនរងគ្រោះយកចម្រៀកក្រណាត់ចងកភ្ជាប់នឹងឥដ្ឋខ្យល់ ក្នុងបន្ទប់ទឹកស្លាប់ទៅហើយ។ ភ្លាមៗនោះ ក្រុមគ្រួសារបាននាំគ្នាកាត់ខ្សែយកជនរងគ្រោះមកដាក់នៅខាងក្រោម ដើម្បីជួយសង្គ្រោះដែរ តែអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រាះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន។
សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណតាមប្រពៃណី៕