Sunday, October 12, 2025
Homeព័ត៌មានជាតិគ្រូដោះអំពើស៊ីដាច់លុយ១៦ម៉ឺនបាត ចេញសែកស្អុយ អ្នកជំងឺប្តឹងប៉ូលិសចាប់

គ្រូដោះអំពើស៊ីដាច់លុយ១៦ម៉ឺនបាត ចេញសែកស្អុយ អ្នកជំងឺប្តឹងប៉ូលិសចាប់

ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់តាំងខ្លួនជាគ្រូទាយ និងជាគ្រូដោះអំពើ បានប្រើល្បិចឱ្យអ្នកជំងឺម្នាក់យកលុយមកតម្កល់លើអាសនៈជាបន្តបន្ទាប់ រហូតដល់១៦ម៉ឺនបាត ជាថ្នូរនឹងការដោះអំពើកាន់តែពូកែស័ក្តិសិទ្ធ លុះអ្នកជំងឺចង់ទារយកលុយវិញ ក៏ផ្ទុះជម្លោះបែកផ្សែង រហូតដល់ចេញសែកអត់លុយឱ្យអ្នកជំងឺយកទៅបើកនៅធនាគារ ទីបំផុត ខាងធនាគារបញ្ជាក់ថា សែកស្អុយ ក៏ត្រូវអ្នកជំងឺសម្រេចដាក់ពាក្យបណ្តឹងឱ្យកម្លាំងអាវុធហត្ថចាប់ខ្លួនគ្រូបោក កាលពីវេលាម៉ោង០៥និង៥០នាទីល្ងាច ថ្ងៃទី០៩  ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិអូរកណ្តោល ឃុំសន្តិភាព ស្រកសំពៅលូន។

ស្ត្រីសង្ស័យជាគ្រូដោះអំពើ ដែលត្រូវកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន មានឈ្មោះកាំង លាង ហៅតាំង គីមមួយហេង អាយុ៣៧ឆ្នាំ មុខរបរជាគ្រូទាយ និងគ្រូដោះអំពើ រស់នៅភូមិឃុំកើតហេតុខាងលើ។ រីឯជនរងគ្រោះដែលគ្រូទាយនេះឆបោក មានឈ្មោះហ៊យ ណាត ភេទស្រី អាយុ៥១ឆ្នាំ ជាកម្មករ រស់នៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន។ ចំណែកទឹកប្រាក់ដែលគ្រូដោះអំពើឆបោកយកទៅ មានចំនួនសរុប១៦៧០០បាត (ប្រាក់ថៃ)។

តាមប្រភពពីមន្ត្រីអាវុធហត្ថ បានឱ្យដឹងថា គ្រូទាយរូបនេះបានបង្គាប់ឱ្យជនរងគ្រោះយកលុយទៅតម្កល់ឱ្យខ្លួនចំនួន២លើក សរុបជាង១៦៧០០បាត ដោយអះអាងថា ការតម្កល់លុយច្រើនបែបនេះ ដើម្បីឱ្យស័ក្តិសិទ្ធ តែពេលដោះអំពើមិនចេញ ហើយអ្នកជំងឺមានការសង្ស័យថា ស្ត្រីគ្រូទាយរូបនេះបោកប្រាស់ ទើបប្តឹងទៅកងរាជអាវុធហត ឱ្ថឃ្យាត់ខ្លួនគ្រូទាយរូបនេះតែម្តង។

តាមប្រភពពីអ្នកភូមិ បានឱ្យដឹងថា កន្លងមក ស្ត្រីសង្ស័យខាងលើបានតាំងខ្លួនជាគ្រូទាយ ហើយគេតែងឃើញមានមនុស្សមួយចំនួនបានពឹងពាក់ឱ្យគ្រូបោកនេះទស្សន៍ទាយបន្តបន្ទាប់ ហើយក៏ធ្លាប់កើតមានអំពីបោកញឹកញាប់ដែរ តែមិនបង្កជាបញ្ហាអ្វីធំដុំឡើយ ស្រាប់តែចុងក្រោយ ក៏ត្រូវអ្នកជំងឺម្នាក់ប្តឹងពីបទឆបោក រហូតត្រូវសមត្ថកិច្ចឱ្យឃាត់ខ្លួនគ្រូទាយនេះតែម្តង។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ដំបូងឡើយ ស្ត្រីរងគ្រោះបានទៅរកគ្រូស្រីឱ្យជួយ បន្ទាប់មកគ្រូស្រីនោះបានពិនិត្យរួច ក៏ប្រាប់ថា ស្ត្រីរងគ្រោះត្រូវអំពើគេ តែគ្រួអាចមើលជា ឬអាចដោះអំពើនោះបាន។ បន្ទាប់មក គ្រូស្រីនេះបានបង្គាប់ឱ្យស្ត្រីរងគ្រោះតម្កល់លុយជាង២ម៉ឺនបាត នៅលើអាសនៈរបស់គ្រូ ព្រោះនេះជាទម្លាប់។ ពេលនោះស្ត្រីរងគ្រោះក៏យល់ព្រមធ្វើតាមការបង្គាប់របស់គ្រូទាយ។ ក្រោយមក គ្រូស្រីបានព្យាបាលតាមរយៈមន្តអាគមរបស់ខ្លួន រួចប្រាប់ស្ត្រីរងគ្រោះថា គ្រូបានដោះអំពើចេញខ្លះៗហើយ មានទាំងដេកគោល និងរបស់ផ្សេងទៀត តែដោះមិនទាន់អស់ទេ។ ពេលនោះគ្រូស្រីរូបនេះ បានបង្គាប់ឱ្យអ្នកជំងឺតម្កល់លុយជាង១០ម៉ឺនបាតបន្ថែមទៀត គម្រប់១៦៧០០០បាត ដើម្បីឱ្យកាន់តែពូកែស័ក្តិសិទ្ធ ហើយអ្នកជំងឺក៏រកលុយយកមកឱ្យគ្រូូន្ថែមទៀត។

ប្រភពដដែលបន្តថា ក្រោយពីរកលុយមកប្រគល់ឱ្យគ្រូទាយរូបនេះគ្រប់ចំនួនហើយ គ្រូទាយហាក់បង្ហាញពីសកម្មភាពបោកប្រាស់ ទើបជនរងគ្រោះមានការសង្ស័យ ក៏សួរនាំរហូតមានការឈ្លោះប្រកែកគ្នាបែកផ្សែង។ លុះពេលផ្ទុះរឿងនេះ គ្រូស្រីជើងល្អបានយល់ព្រមសងលុយអ្នកជំងឺវិញ តែបានចេញជាសែក ដែលមានទឹកប្រាក់ចំនួនជាង៣ម៉ឺនដុល្លារ ឱ្យទៅជនរងគ្រោះ និងប្រាប់ថា អាចយកសែកនោះទៅដូរលុយនៅធនាគារ ចាយសិនទៅ។ ព្រោះមិនអាចដកលុយជាង១៦ម៉ឺនបាត ដែលតម្កល់លើអាសនៈគ្រូនោះឱ្យវិញភ្លាមៗបានទេ ខុសតំណមគ្រូ លុះចាយលុយក្នុងសែកនោះអស់ហើយ ទើបដកបាន។

បន្ទាប់មកស្ត្រីរងគ្រោះជាអ្នកជំងឺ បានយកសែកដែលមានទឹកលុយជាង៣ម៉ឺនដុល្លារនោះទៅធនាគារ ក៏ត្រូវបានខាងធនាគារប្រាប់ថា ជាសែកស្អុយ (គ្មានទឹកប្រាក់) ទើបអ្នកជំងឺរូបនេះប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនស្ត្រីគ្រូទាយបោកប្រាស់នេះតែម្តង។

ស្ត្រីសង្ស័យជាគ្រូដោះអំពើខាងលើ ត្រូវបានកម្លាំងអាវុធហត្ថរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES