Sunday, October 12, 2025
Homeព័ត៌មានជាតិលួចទាក់ទងស្រីមានផ្ទៃពោះ៥ខែ ប្រពន្ធតាមទាន់ដកទូរស័ព្ទនិងម៉ូតូ ប្តីវ៉ៃកម្ទេចរបស់ក្នុងផ្ទះ រួចទារលែង

លួចទាក់ទងស្រីមានផ្ទៃពោះ៥ខែ ប្រពន្ធតាមទាន់ដកទូរស័ព្ទនិងម៉ូតូ ប្តីវ៉ៃកម្ទេចរបស់ក្នុងផ្ទះ រួចទារលែង

ភ្នំពេញ ៖ បុរសកំហូចម្នាក់មានប្រពន្ធរួចទៅហើយ តែបែរជាលួចលាក់ទៅទាក់ទងស្នេហាជាមួយនារីវ័យក្មេងម្នាក់ រហូតដល់មានផ្ទៃពោះ៥ខែ លុះរឿងរ៉ាវបែកធ្លាយដឹងដល់ប្រពន្ធ ធ្វើឱ្យប្រពន្ធខឹងដកយកទូរស័ព្ទ និងម៉ូតូលែងឱ្យជិះ ក៏មួម៉ៅក្តៅក្រហាយ ទាញដំបងវាយកម្ទេចទ្រព្យសម្បត្តិក្នុងផ្ទះគ្មានសល់ និងថែមទាំងទាមទារលែងប្រពន្ធចោលទៀតផង។

ករណីអំពើហិង្សាក្នុងគ្រួសារខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

បុរសជាប្តីដែលលួចលាក់មានស្រីក្រៅផ្ទះហើយ ខឹងប្រពន្ធតាមទាន់ដកហូតម៉ូតូ និងទូរស័ព្ទ តាមសុំវិញមិនបាន បែរជាទាញដំបងវាយកម្ទេចទ្រព្យសម្បត្តិក្នុងផ្ទះនោះ មានឈ្មោះចន ស៊ីវន្ធី អាយុ៣៨ឆ្នាំ មុខរបរកម្មកររោងចក្រ។ ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះឆ.ច.ណ.រ អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ។ ទាំង២នាក់ប្តីប្រពន្ធខាងលើ មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។ ដោយឡែក ស្រីស្នេហ៍ថ្មីនោះត្រូវបានស្ត្រីជាប្រពន្ធអះអាងថា ឈ្មោះលីន អាយុ១៨ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ ដៃយ៉ាំង។

តាមសម្តីស្ត្រីជាប្រពន្ធ បានរៀបរាប់ប្រាប់ថា ប្តីរបស់នាងបានលួចលាក់ទាក់ទងស្នេហាជាមួយនារីវ័យក្មេង ជាកម្មការិនីរោងចក្រកាត់ដេរ អស់រយៈពេល៥ខែមកហើយ។ រហូតមកដល់កាលពីសប្តាហ៍មុន ប្តីរបស់នាងបានបាត់១យប់ មិនឃើញត្រឡប់មកដេកផ្ទះសោះ ទើបធ្វើឱ្យនាងមានចិត្តសង្ស័យថា ប្តីលួចដេកជាមួយស្រីស្នេហ៍ខាងក្រៅផ្ទះ។

ស្ត្រីជាប្រពន្ធ បន្តថា ក្រោយពីប្តីទៅដេកក្រៅផ្ទះបាត់១យប់រួចមក ស្រាប់តែនាងសង្កេតឃើញថា ស្រីស្នេហ៍វ័យក្មេងរបស់ប្តីនោះ ចេះតែខលតាមឆាតមករកប្តីនាងជាញឹកញាប់ ថែមទាំងថើបគ្នាតាមកញ្ចក់ទូរស័ព្ទដែលតេឆាតរកគ្នាទៅវិញទៅមកទៀតផង លុះនាងតាមទាន់ឃើញសកម្មភាពប្តីដែលកំពុងទាក់ទងស្រីស្នេហ៍វ័យយ៉ាងផ្អែមល្ហែមបែបនេះ ទើបធ្វើឱ្យនាងជាប្រពន្ធមានចិត្តប្រចណ្ឌ និងខឹងសម្បាយ៉ាងខ្លាំង។

ស្ត្រីជាប្រពន្ធ បានបញ្ជាក់ថា បន្ទាប់ពីតាមដានដឹងច្បាស់ថា ប្តីរបស់នាងលួចលាក់មានស្រីថ្មីរួចមក នាងក៏សម្រេចដកយកទូរស័ព្ទ និងម៉ូតូ ឈប់ឱ្យប្តីកំហូចប្រើប្រាស់អស់រយៈពេល៤ថ្ងៃ ដើម្បីជាការព្រមាន និងដើម្បីចង់ឱ្យប្តីដាច់ទំនាក់ទំនងជាមួយនឹងស្រីថ្មីនោះទៀតដែរ តែប្តីនៅតែតាមអង្វរទាមទារសុំយកទូរស័ព្ទ ដើម្បីយកទៅទាក់ទងរកស្រីថ្មីដដែល តែនាងមិនព្រមឱ្យ។

ស្ត្រីជាប្រពន្ធ បានបញ្ជាក់ទៀតថា លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ប្តីរបស់នាងបានតាមមកអង្វរសុំយកទូរស័ព្ទទៅប្រើវិញ តែនាងមិនព្រមឱ្យ ជាហេតុធ្វើឱ្យប្តីកំណាចផ្ទុះកំហឹងក៏ទាញដំបងឈើជ្រុងប្រវែងជាងមួយម៉ែត្រ វាយកម្ទេចទូកញ្ចក់ដាក់អីវ៉ាន់ចំនួន២ និងរបស់របរប្រើប្រាស់នៅក្នុងផ្ទះមួយចំនួនទៀត។ ភ្លាមៗនោះដោយសារនាងជាប្រពន្ធឃាត់មិនស្តាប់ ទើបនាងសម្រេចទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ច  មូលដ្ឋានឱ្យចុះជួយអន្តរាគមន៍តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបាននាំខ្លួនជនបង្កហេតុជាប្តី ទៅសួរនាំនៅប៉ុស្តិ៍នគរបាល ហើយក្នុងនោះបុរសជាប្តី បានប្រកាន់ចិត្តថា រូបគេឈប់យកប្រពន្ធនេះទៀតហើយ ប៉ុន្តែត្រូវភាគីស្ត្រីជាប្រពន្ធបដិសេធមិនព្រមលែងលះ និងបន្តរួមរស់នឹងគ្នាតទៅមុខទៀត។

បន្ទាប់ពីមើលឃើញជំហរភាគីប្តីប្រពន្ធទាំង២ នៅមិនទាន់ដាច់ស្រេច ទើបសមត្ថកិច្ចបានត្រឹមធ្វើការអប់រំ និងតម្រូវឱ្យភាគីបុរសជាប្តីធ្វើកិច្ចសន្យាបញ្ឈប់អំពើហិង្សា រួចអនុញ្ញាតឱ្យប្តីប្រពន្ធអ្នកទាំងពីរវិលត្រឡប់ទៅផ្ទះវិញ៕

RELATED ARTICLES