Sunday, October 12, 2025
Homeព័ត៌មានជាតិមកពីមើលគេរាំធុងបាស់ ដេកសុខៗ ដកចង្កាមាន់ស្លាប់

មកពីមើលគេរាំធុងបាស់ ដេកសុខៗ ដកចង្កាមាន់ស្លាប់

ខេត្តកំពង់ធំ ៖ បុរសវ័យចំណាស់ម្នាក់បានជិះកង់ទៅមើលគេរាំធុងបាស់នៅក្នុងភូមិ លុះដល់យប់ជ្រៅបន្តិចត្រឡប់មកវិញ ចូលសម្រាន្តនៅក្នុងផ្ទះ រួចក៏ដកចង្កាមាន់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិប្រាសាទ ឃុំព្រះដំរី ស្រុកស្ទោង។

បុរសរងគ្រោះដែលដេកស្លាប់នៅក្នុងផ្ទះ មានឈ្មោះឈន ជីង អាយុ៥៨ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីឈ្មោះជីង ហួ អាយុ៣១ឆ្នាំ ត្រូវជាកូនស្រីបង្កើតរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ឪពុករបស់នាង (ជនរងគ្រោះ) មួយរយៈនេះ គាត់ផឹកស្រាសជាប្រចាំ ហើយពេលខ្លះធ្លាប់ខ្លួនឈឺសន្លប់ដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្ទោង ក៏មាន។ លុះដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល៨យប់ ឪពុកនាងបានជិះកង់ទៅមើលគេរាំធុងបាស់នៅក្នុងភូមិ រហូតដល់ម៉ោងប្រហែល១០យប់ ទើបគាត់ត្រឡប់មកផ្ទះវិញ ហើយបានចូលទៅក្នុងផ្ទះខ្ទាស់គន្លឹះទ្វារ រួចក៏សម្រាន្តមើលទូរទស្សន៍រហូតដេកលក់ស្រមុកឮខ្លាំងៗ។ ស្រាប់តែមកដល់វេលាម៉ោង១១និង៣០នាទីយប់ថ្ងៃដដែល ក៏លាន់ឮសំឡេងឪពុកដូចជាដកចង្កាមាន់ជាច្រើនដង ទើបនាងនិងក្រុមគ្រួសារបាននាំគ្នាស្ទុះទៅមើល ក៏ប្រទះឃើញឪពុកមានសភាពមិនស្រួល ប្លែកខុសពីធម្មតា ក៏ចុះរត់ទៅហៅបងប្អូនជិតខាងឱ្យជួយគាត់។ តែអកុសល ពេលត្រឡប់មកវិញ ឪពុករបស់នាងបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា នៅលើខ្លួនប្រាណសពពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ទេ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ការស្លាប់របស់ជនរងគ្រោះ គឺបណ្តាលមកពីគាំងបេះដូង ឬខ្យល់គ។

ក្រោយពិនិត្យរួចរាល់ សមត្ថកិច្ចបានប្រគល់សពទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES