Sunday, October 12, 2025
Homeព័ត៌មានជាតិបុរសម្នាក់គ្រាន់តែសួរថា “មានឃើញប្រពន្ធខ្ញុំទេ?” ស្រាប់តែខ្មាន់កាំភ្លើងបាញ់ផូង ឡើងជិះម៉ូតូទៅបាត់

បុរសម្នាក់គ្រាន់តែសួរថា “មានឃើញប្រពន្ធខ្ញុំទេ?” ស្រាប់តែខ្មាន់កាំភ្លើងបាញ់ផូង ឡើងជិះម៉ូតូទៅបាត់

ភ្នំពេញ ៖ យុវជនម្នាក់បានដើរបណ្តើរស្រែកឡូឡាបណ្តើរ រកប្រពន្ធរបស់ខ្លួនដែលធ្វើការនៅហាងមួយកន្លែង ស្រាប់តែលេចមុខបុរសម្នាក់ដើរចេញពីក្នុងហាងក្បែរនោះ ដកកាំភ្លើងបាញ់គំរាមយុវជននោះចំនួន២គ្រាប់ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយភ្លាមនោះជនសង្ស័យដែលបាញ់បោះសេរី បានឡើងម៉ូតូជិះគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍ផ្ទុះអាវុធចំនួន២គ្រាប់នេះ បានកើតឡើងកាលពីវេលាម៉ោងជិត៥ទៀបភ្លឺ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នៅចំណុចខាងមុខហាង The Conner 136 ប្លុកបារ៍បារាំង តាមបណ្តោយផ្លូវលេខ១៣៦ កែងផ្លូវលេខ៥ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។

យុវជនរងគ្រោះដើររកប្រពន្ធ បែរជាត្រូវខ្មាន់កាំភ្លើងបាញ់គំរាម មានឈ្មោះឈាវ វណ្ណា អាយុ២៤ឆ្នាំ មុខរបរកឹបសំបុត្រម៉ូតូ ស្នាក់នៅក្បែរកន្លែងកើតហេតុ។

តាមប្រភពពីសាក្សីដែលប្រទះឃើញហេតុការណ៍ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញយុវជនខាងលើបានដើរសួររកប្រពន្ធរបស់ខ្លួន ដែលធ្វើការនៅហាងមួយកន្លែងជិតចំណុចកើតហេតុ លុះរកមិនឃើញ ទើបធ្វើឱ្យជនរងគ្រោះមួម៉ៅក្តៅក្រហាយ ដើររកបណ្តើរ ស្រែកឡូឡាបណ្តើរពេញផ្លូវ ស្រាប់តែភ្លាមនោះ ក៏លេចមុខបុរសម្នាក់ ដើរចេញពីក្នុងហាង THE CONNER 136 មកសួរនាំជនរងគ្រោះ ទើបជនរងគ្រោះបានឆ្លើយថា “ខ្ញុំមករកប្រពន្ធតើបង តែរកមិនទាន់ឃើញទេ” បន្ទាប់មកជនរងគ្រោះបានសួរទៅកាន់បុរសនោះថា “មានឃើញប្រពន្ធខ្ញុំទេ?” ស្រាប់តែបុរសរូបនោះផ្ទុះកំហឹងក៏ដកកាំភ្លើងខ្លីដែលសៀតនៅចង្កេះ បាញ់ឡើងលើមួយគ្រាប់ ដើម្បីគំរាមជនរងគ្រោះ តែជនរងគ្រោះស្រែកថា “ថីបានបងឯងបាញ់ខ្ញុំ? ខ្ញុំមករកប្រពន្ធខ្ញុំទេ”។ ភ្លាមនោះ បុរសរូបនោះក៏បានបាញ់មួយគ្រាប់ទៀត ដើម្បីគំរាមជនរងគ្រោះ រួចឡើងជិះម៉ូតូមួយគ្រឿងម៉ាក SL ពាក់ស្លាកលេខភ្នំពេញ 1J-2713 ចេញទៅបាត់ បង្កការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹមតែម្តង។

ក្រោយកើតករណីផ្ទុះអាវុធរួចមក គេបានរកឃើញសម្បកគ្រាប់ចំនួន២គ្រាប់នៅកន្លែងកើតហេតុខាងលើពិតប្រាកដមែន ប៉ុន្តែកម្លាំងនគរបាលប៉ុស្តិ៍ផ្សារកណ្តាលទី១ មិនព្រមឱ្យក្រុមអ្នកសារព័ត៌មានសាកសួរនោះទេ ដោយមន្ត្រីនគរបាលមួយរូបបានអះអាងថា អត់មានផ្ទុះអាវុធនោះទេ គ្រាន់តែជាករណីប្តីឈ្លោះគ្នាជាមួយប្រពន្ធសោះ ចាំបាច់សួរនាំអីច្រើនទេ រួចក៏នាំជនរងគ្រោះចូលក្នុងប៉ុស្តិ៍បាត់ទៅ៕

RELATED ARTICLES