ខេត្តសៀមរាប ៖ រថយន្តក្រុងដឹកអ្នកដំណើរ ប្រភេទ៤៥កៅអី ១គ្រឿង មានដឹកមនុស្សពេញរថយន្តកំពុងបើកបរនៅលើដងផ្លូវសុខៗ ទំនងជាអ្នកបើកបរងងុយដេក ទើបធ្វើឱ្យជ្រុលចង្កូតធ្លាក់ផ្លូវទៅបុកនឹងជញ្ជាំងបេតុងក្រោមស្ពាន បណ្តាលឱ្យមនុស្ស២នាក់ស្លាប់នៅនឹងកន្លែង យ៉ាងអាណោចអាធ័ម ចំណែកអ្នកដំណើរ២៧នាក់ទៀត ទទួលរងរបួសធ្ងន់ស្រាល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចស្ពានថ្នល់ដាច់ ស្ថិតក្នុងភូមិដំរីឆ្លង ឃុំសង្វើយ ស្រុកជីក្រែង។
រថយន្តក្រុងដឹកអ្នកដំណើរដែលរងគ្រោះថ្នាក់នេះ មានឈ្មោះស៊ុនអូខុង ដឹកអ្នកដំណើរ ពណ៌សលាយខៀវ ធុន៤៥កៅអី ពាក់ស្លាកលេខភ្នំពេញ 3D-5280។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តក្រុងដឹកអ្នកដំណើរខាងលើ បានបើកបរបោះពួយយ៉ាងលឿន តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីកើតទៅលិច លុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ទំនងជាអ្នកបើកបរងោកមួយភាំង ក៏បណ្តាលឱ្យរថយន្តក្រុងរេចង្កូតជ្រុលធ្លាក់ផ្លូវ រួចជ្រុលទៅបុកជញ្ជាំងបេតុងនៅខាងក្រោមស្ពាន បណ្តាលឱ្យកៀបអ្នកបើកបរស្លាប់នៅក្នុងរថយន្តយ៉ាងរន្ធត់ និងបណ្តាលឱ្យអ្នកដំណើរម្នាក់ទៀតស្លាប់ផងដែរ ដោយឡែកអ្នកដំណើរចំនួន២៧នាក់ ក៏ទទួលរងរបួសធ្ងន់ស្រាលផងដែរ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុ និងប្រញាប់ចាត់បញ្ជូនជនរងគ្រោះទាំង២៧នាក់ ទៅសង្គ្រោះមណ្ឌលសុខភាពកំពង់ក្តី។
ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ សមត្ថកិច្ចមិនទាន់បានដឹងពីអត្តសញ្ញាណជនរងគ្រោះទាំងអស់នៅឡើយទេ៕