Sunday, October 12, 2025
Homeព័ត៌មានជាតិអាណោចអាធ័មណាស់!!! បងប្រុសមកលេងផ្ទះប្អូនស្រី ខ្យល់គរស្លាប់

អាណោចអាធ័មណាស់!!! បងប្រុសមកលេងផ្ទះប្អូនស្រី ខ្យល់គរស្លាប់

ខេត្តកណ្តាល ៖ បុរសម្នាក់បានធ្វើដំណើរមកលេងផ្ទះប្អូនស្រីបង្កើតរបស់ខ្លួន លុះនៅសុខៗស្រាប់តែកើតមានអាការៈទាញដៃជើង វៀចមាត់ និងត្រូវក្រុមគ្រួសារភ័យដឹកបញ្ជូនទៅមន្ទីរពេទ្យ ស្រាប់តែអកុសល ពេលដឹកទៅដល់មន្ទីរពេទ្យ គ្រូពេទ្យពិនិត្យរួចប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះប្អូនស្រីបង្កើតរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង។

បុរសរងគ្រោះដែលខ្យល់គរស្លាប់ មានឈ្មោះតេង អូន អាយុ៤៨ឆ្នាំ មុខរបរជាងសំណង់ មានលំនៅក្នុងភូមិព្រែកជ្រូក ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង។

តាមសម្តីស្ត្រីជាប្អូនស្រីរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ បងប្រុសរបស់គាត់ទើបនឹងមកលេងផ្ទះរបស់គាត់ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ក៏ស្រាប់តែប្រទះឃើញបងប្រុសនេះហាក់មានសភាពស្លេកស្លាំងមុខឡើងខ្មៅ និងថែមទាំងចាប់ផ្តើមប្រទាញដៃប្រទាញមាត់ទៀតផង ទើបធ្វើឱ្យគាត់ឆោឡោស្រែកហៅអ្នកជិតខាងឱ្យជួយ និងប្រញាប់ដឹកបងប្រុសទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្អាង ដើម្បីសង្គ្រោះ តែអកុសល ពេលដឹកទៅដល់មន្ទីរពេទ្យ គ្រូពេទ្យពិនិត្យរួច បញ្ជាក់ប្រាប់ថា បងប្រុសរបស់គាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES