ខេត្តកណ្តាល ៖ ជនជាប់ចោទចំនួន២នាក់ ដែលបានធ្វើសកម្មភាពសម្លាប់មិត្តភក្តិម្នាក់ប្លន់យកម៉ូតូនៅស្រុកកណ្តាលស្ទឹង កាលពីអំឡុងចុងឆ្នាំ២០១៥ កន្លងទៅ ត្រូវបានលោកសាយ សម្ផស្សសេរី ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងខេត្តកណ្តាល ប្រកាសផ្តន្ទាទោសជនជាប់ចោទ ទាំង២នាក់ ដាក់ពន្ធនាគារអស់មួយជីវិត កាលពីព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨។
តុលាការសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះយឺន ចន្ទី និងឈ្មោះឆាយ ផារុត ដាក់ពន្ធនាគារអស់មួយជីវិត និងបានសម្រេចលើកលែងការចោទប្រកាន់ជនជាប់ចោទឈ្មោះប៉ាត់ កុល។
យោងតាមរបាយការណ៍របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានបញ្ជាក់ពីដំណើររឿងយ៉ាងដូច្នេះថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង១១និង១៥នាទីព្រឹក ប្រជាពលរដ្ឋបានប្រទះឃើញសាកសពមួយនៅសល់តែគ្រោងឆ្អឹង និងសំលៀកបំពាក់នៅចំណុចក្នុងព្រៃឫស្សី ចម្ងាយពីផ្លូវលំប្រហែល១៥០ម៉ែត្រ ស្ថិតក្នុងភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ពោលគឺជនរងគ្រោះត្រូវបានឃាតករសម្លាប់នៅចុងឆ្នាំ២០១៥ ។
ករណីនេះសមត្ថកិច្ចជំនាញធ្វើការត្រួតពិនិត្យសាកសព និងធ្វើកោសល្យវិច័យ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។ តាមការពិនិត្យកន្លែងកើតហេតុ និងស្រាវជ្រាវតាមការអះអាងបញ្ជាក់ពីឈ្មោះជុច សេង (ឪពុកសេង ប៊ុនលី) រស់នៅភូមិកុកទឹល ឃុំត្បែង ស្រុកកណ្តាលស្ទឹង យើងសន្និដ្ឋានថា ជាករណីឃាតកម្ម (ប្លន់សម្លាប់យកម៉ូតូ) ហើយសពជនរងគ្រោះមានឈ្មោះ សេង ប៊ុនលី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅក្នុងបន្ទុក ដោយសំអាងលើសំលៀកបំពាក់ និងខ្សែក្រវ៉ាត់ ហើយគាត់ (ឪពុកសព) បាត់កូន (សេង ប៊ុនលី) តាំងពីថ្ងៃអុំទូកម៉្លេះ។
ករណីនេះ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការអាវុធហត្ថខេត្តកណ្តាល បានដឹកនាំបញ្ជាផ្ទាល់ និងចុះអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ដោយលោកវរសេនីយ៍ឯក ទូច អ៊ីណាន មេបញ្ជាការរងទទួលផែនយុត្តិធម៌ រហូតឈានដល់ការកំណត់មុខសញ្ញាជនសង្ស័យបានមួយចំនួន។ ក្រោមបញ្ជា និងការយកចិត្តទុកដាក់របស់លោកឧត្តមសេនីយ៍មេបញ្ជាការ កម្លាំងជំនាញ អ.ហ ខេត្តកណ្តាល និងស្រុកកណ្តាលស្ទឹង បានពុះពារស្វែងរកមុខសញ្ញាជនសង្ស័យ រហូតបានស្នើសុំដីកាបញ្ជាឱ្យចូលខ្លួនពីលោកព្រះរាជអាជ្ញា ដើម្បីស្វែងរកជនសង្ស័យឈ្មោះយឺន ចន្ទី ហៅទី ហៅរ៉ា ព្រមទាំងបានជូនដំណឹងផ្សព្វផ្សាយដីកា និងរូបថតឈ្មោះយឺន ចន្ទី ទៅគ្រប់អង្គភាពកងរាជអាវុធហត្ថថែមទៀតផង។ ក៏ប៉ុន្តែក្នុងដំណាក់ការអនុវត្តន៍ដីកាបញ្ជាឱ្យចូលខ្លួននេះ កម្លាំងជំនាញយើងរកពុំឃើញឈ្មោះយឺន ចន្ទី ឡើយ ដោយគេបានគេចខ្លួនពីមូលដ្ឋានទៅរស់នៅសម្ងំលាក់ខ្លួនកន្លែងផ្សេង។ លុះមកដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ជនល្មើសឈ្មោះយឺន ចន្ទី ហៅទី ដែលបានរត់គេចមកលាក់ខ្លួននៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីហិង្សាដោយចេតនា (ជាក់ស្តែង) និងដោយបានពិនិត្យផ្ទៀងផ្ទាត់អត្តសញ្ញាណភិនភាគ តាមដីកាជាមួយរូបថតដែល អ.ហ ខេត្តកណ្តាល បានផ្សព្វផ្សាយជូនដំណឹងកាលពីឆ្នាំ២០១៦ កម្លាំងជំនាញ អ.ហ ខេត្តបន្ទាយមានជ័យ បានសួរនាំ ឈ្មោះយឺន ចន្ទី តើខ្លួនមានពាក់ព័ន្ធករណីឃាតកម្មលើឈ្មោះសេង ប៊ុនលី កាលពីចុងឆ្នាំ២០១៥ ដែរទេ? ជនល្មើសរូបនោះបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពជាមួយបក្សពួកម្នាក់ទៀត ឈ្មោះឆាយ ផារុត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរអ្នករៀបចំឆាកភ្លេង រស់នៅភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ធ្វើសកម្មភាពជាមួយគ្នា សម្លាប់ប្លន់យកម៉ូតូ ឈ្មោះសេង ប៊ុនលី (សព) កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោងជិត៦ល្ងាច នៅចំណុចក្នុងព្រៃឬស្សី ក្នុងស្រុកកណ្តាលស្ទឹង ប្រាកដមែន។ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ខេត្តបន្ទាយមានជ័យ ជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកចៅក្រមស៊ើបសួរខេត្តកណ្តាល ទើបកម្លាំងជំនាញកងរាជអាវុធហត្ថដឹងថា ជនសង្សយ័ឈ្មោះយឺន ចន្ទី មានដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ១៣១ ដ.ក.បចខ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល។
កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានសុំគោលការណ៍ និងការអនុញ្ញាតពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល យកជនសង្ស័យឈ្មោះយឺន ចន្ទី ពីខេត្តបន្ទាយមានជ័យ មកឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល (តាមដីកា) និងស្នើសុំពន្លាតសមត្ថកិច្ចដែនដី ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ខេត្តតាកែវ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំង អ.ហ ខេត្តកណ្តាល ខេត្តតាកែវ សហការគ្នាហៅឈ្មោះឆាយ ផារុត នៅចំណុចមុខផ្ទះស្ថិតនៅភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ យកមកសាកសួរនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកណ្តាលស្ទឹង។ នៅចំពោះមុខសមត្ថកិច្ចឈ្មោះឆាយ ផារុត បានឆ្លើយសារភាពមានភាពស៊ីសង្វាក់ដូចគ្នាទៅនឹងចម្លើយឈ្មោះយឺន ចន្ទី (ឆ្លើយនៅ អ.ហ ខេត្តបន្ទាយមានជ័យ) ថា កាលល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងចំណោមពួកគេទាំង៣នាក់ ឈ្មោះយឺន ចន្ទី មានថ្នាំញៀន១កញ្ចប់ និងបានបបួលឈ្មោះឆាយ ផារ៉ុត ព្រមទាំងជនរងគ្រោះ (សេង ប៊ុនលី) ចូលជក់ថ្នាំញៀនក្នុងព្រៃឫស្សីក្បែរកន្លែងកើតហេតុ ឃើញឱកាសល្អ និងដោយមានគំនុំពីមុនមកផងនោះ ជនសង្ស័យទាំងពីរនាក់ធ្វើសកម្មភាពព្រួតគ្នាវាយទៅលើជនរងគ្រោះ ពេលនោះជនរងគ្រោះស្រែកឱ្យគេជួយ ភ្លាមនោះឈ្មោះឆាយ ផារុត ហូតខ្សែក្រវ៉ាត់ពីចង្កះទាក់កជនរងគ្រោះ ហើយទាញរឹតម្នាក់ម្ខាងជាមួយឈ្មោះយឺន ចន្ទី រហូតដល់ជនរងគ្រោះដាច់ខ្យល់ដួលលើដី ហើយឈ្មោះឆាយ ផារុត យកកូនសោចេញពីម៉ូតូជនរងគ្រោះ យកមកចាក់បំពង់កជនរងគ្រោះបន្ថែមជាច្រើនកន្លែងទៀត រួចក៏នាំគ្នាអូសសពជនរងគ្រោះយកទៅទុកចោលនៅក្នុងព្រៃឫស្សី ចម្ងាយពីផ្លូវលំប្រហែលជាង១០០ម៉ែត្រ ស្ថិតក្នុងភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ពិតប្រាកដមែន។ ចំណែកម៉ូតូម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១៥ របស់ជនរងគ្រោះ ពួកគេបានជិះយកទៅលក់នៅផ្សារឃ្លាំងរំសេវ បានប្រាក់ចំនួន៥០០ដុល្លារ រួចក៏ជិះម៉ូតូឌុបមកផ្ទះវិញ។ ក្រោយពីដឹងព័ត៌មានថា សមត្ថកិច្ចចាប់ខ្លួនប៉ាត់ តុល រស់នៅភូមិឃុំជាមួយគ្នា យកទៅឃុំខ្លួនក្នុងពន្ធនាគារខេត្តកណ្តាល ជាប់ពាក់ពាក់ពន្ធ័ករណីខាងលើ ពួកគេរត់ចេញពីមូលដ្ឋានគេចសម្ងំលាក់ខ្លួននៅកន្លែងផ្សេង រហូតដល់ពេលសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនជាបន្តបន្ទាប់។
នៅចំពោះមុខជំនាញកងរាជអាវុធខេត្តកណ្តាល ឈ្មោះឆាយ ផារុត ឆ្លើយសារភាពថា ខ្លួនប្រើប្រាស់ថ្នាំញៀន ការធ្វើតេស្តរកសារធាតុញៀន ជាលទ្ធផលបញ្ជាក់ថា ឈ្មោះឆាយ ផារុត ពិតជាមានសារធាតុញៀន។ ដោយឡែក ឈ្មោះប៉ាត់ តុល ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ បច្ចុប្បន្នឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារខេត្តកណ្តាល ពុំបានចូលរួមធ្វើសកម្មភាពក្នុងអំពើឃាតកម្មខាងលើនោះទេ។ នេះបើយោងតាមចម្លើយសារភាពរបស់ឃាតករពិតប្រាកដ គឺឈ្មោះយឺន ចន្ទី និងឈ្មោះឆាយ ផារុត និងការស៊ើបអង្កេតស្រាវជ្រាវដោយដកចិត្តទុកដាក់របស់កម្លាំងជំនាញកងរាជអាវុធហត្ថ។
បច្ចុប្បន្នជនសង្ស័យឈ្មោះយឺន ចន្ទី ត្រូវបានសមត្ថកិច្ចជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល (តាមដីកា) រីឯជនសង្ស័យឈ្មោះឆាយ ផារុត ជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូង និងឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល រួចផងដែរ។ ចំណែកឈ្មោះប៉ាត់ តុល បន្តឃុំខ្លួនក្នុងពន្ធនាគារខេត្តកណ្តាល នៅឡើយ រង់ចាំការសម្រេចរបស់តុលាការ៕