ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចដាក់ឱ្យដំណើរការប្រើប្រាស់បណ្តោះអាសន្ន នូវស្ពានអាកាសផ្សារដីហុយ ចាប់ពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ នេះតទៅ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នឹងអញ្ជើញជាអធិបតីភាព នៅក្នុងពិធីបើកឱ្យប្រើប្រាស់បណ្តោះអាសន្នស្ពានអាកាសផ្សារដីហុយ សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលពិធីនេះនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៦និង៣០នាទីព្រឹក ស្ថិតនៅចំណុចខាងជើង គល់ស្ពានអាកាសផ្សារដីហុយ។
ស្ពានអាកាសផ្សារដីហុយនេះ នឹងត្រូវបើកឱ្យដំណើរការបណ្តោះអាសន្ន សម្រាប់សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឈានចូលមកដល់។
ក្រោយពីការសាងសង់ចប់រួចរាល់ ស្ពានអាកាសផ្សារដីហុយនេះ នឹងរួមចំណែកកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរនៅលើវិថីសហព័ន្ធរុស្សីផងដែរ ។
គួរបញ្ជាក់ថា ស្ពានអាកាសផ្សារដីហុយ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីអំឡុងចុងខែសីហា ឆ្នាំ២០១៦ កន្លងទៅ និងបានបញ្ចប់ និងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះ៕