ខេត្តកណ្តាល ៖ បុរសចិត្តកំណាចឃោរឃៅម្នាក់ បានកើតមានជម្លោះជាមួយឪពុកបង្កើតរបស់ខ្លួន រហូតដល់ផ្ទុះកំហឹងទាញដំបងស្ទុះទៅវាយសំពងឪពុកទាំងកំរោល បណ្តាលឱ្យរងរបួសយ៉ាងដំណំ ឃើញបែបនេះ បុរសជាបងថ្លៃបានស្ទុះចូលទៅឃាត់ ក៏ត្រូវជនកំណាចវាយឱ្យរងរបួសថែមម្នាក់ទៀត លុះភ្លើងកំហឹងមិនទាន់រលត់ ក៏ស្រាប់តែកូនប្រុសចិត្តកំណាចឃោរឃៅរូបនេះ បែរជាទាញកាំបិតផ្គាក់ ស្ទុះទៅកាប់ម្តាយបង្កើតរបស់ខ្លួន ចំនួន៣កាំបិត បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមគួរឱ្យរន្ធត់។
ករណីឃាតកម្មដ៏ឃោរឃៅ កូនប្រុសវ៉ៃឪពុកនិងបងថ្លៃឱ្យរងរបួស រួចកាប់ម្តាយរហូតដល់ស្លាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង៥០នាទីព្រលប់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ ត្រូវនឹងថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរ (ថ្ងៃដំបូង) នៅចំណុចភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល។ ក្រោយកើតហេតុ ជនដៃដល់ជាឃាតករបានព្យាយាមរត់គេចខ្លួនចេញពីមូលដ្ឋានរស់នៅទៅសម្ងំលាក់ខ្លួននៅខេត្តពោធិ៍សាត់ អស់រយៈពេល២ថ្ងៃ ក៏ត្រូវសមត្ថកិច្ចខេត្តពោធិ៍សាត់ ចាប់ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចខេត្តកណ្តាល នាំយកមកចាត់ការតាមច្បាប់ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨។
ជនដៃដល់ជាឃាតករដៃឆៅដែលវ៉ៃឪពុក និងបងថ្លៃឱ្យរងរបួស រួចកាប់ម្តាយរហូតដល់ស្លាប់ មានឈ្មោះស៊ីម ជីប ហៅមាំង អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកស្ត្រីរងគ្រោះជាម្តាយដែលត្រូវកូនប្រុសចិត្តកំណាចកាប់ស្លាប់ មានឈ្មោះម៉េត អុល អាយុ៥៣ឆ្នាំ។ ដោយឡែក បុរសរងគ្រោះជាឪពុកមានឈ្មោះទឹម ស៊ីម អាយុ៥៤ឆ្នាំ (រងរបួសក្បាល)។ រីឯបុរសរងគ្រោះជាបងថ្លៃ មានឈ្មោះជា សុជាតិ អាយុ៣៤ឆ្នាំ (រងរបួសដៃ)។ ក្រុមគ្រួសារខាងលើនេះ ស្នាក់នៅផ្ទះជុំគ្នាក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៦និង៥០នាទីព្រលប់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ ដែលត្រូវនឹងថ្ងៃចូលឆ្នាំថ្ងៃដំបូង គេឃើញជនសង្ស័យជាឃាតករឈ្មោះស៊ីម ជីប ហៅមាំង បានឈ្លោះប្រកែកជាមួយឪពុកបង្កើត រហូតឈានដល់ការប្រតាយប្រតប់គ្នា និងបានទាញដំបងវាយសំពងឪពុក បណ្តាលឱ្យបែកក្បាលរងរបួស។ ឃើញបែបនេះ ជនរងគ្រោះជាបងថ្លៃឈ្មោះជា សុជាតិ បានចូលទៅឃាត់ ក៏ស្រាប់តែត្រូវជនដៃដល់ទាញដំបងវាយ បណ្តាលឱ្យរងរបួសដៃផ្នែកខាងស្តាំ។
ប្រភពដដែលបន្តថា ក្រោយពីវាយឪពុកបង្កើត និងបងថ្លៃឱ្យរងរបួសរួចមក ជនដៃដល់បានរត់គេចខ្លួនបាត់មួយសន្ទុះ ទើបត្រឡប់មកវិញដោយមានកាន់កាំបិតផ្គាក់នៅក្នុងដៃ រួចក៏ស្ទុះទៅកាប់ម្តាយបង្កើតរបស់ខ្លួន ដែលកំពុងឈរនៅមុខផ្ទះមេភូមិ ចំនួន៣កាំបិត ចំក្បាលផ្នែកខាងក្រោយ១កាំបិត កផ្នែកខាងឆ្វេង១កាំបិត និងចិញ្ចើមផ្នែកខាងឆ្វេង១កាំបិត បណ្តាលឱ្យស្ត្រីរងគ្រោះជាម្តាយស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាម។ បន្ទាប់ពីកាប់ម្តាយបង្កើតស្លាប់ហើយ ជនដៃដល់ជាឃាតករក៏បានព្យាយាមរត់គេចខ្លួនបាត់ស្រមោលពីមូលដ្ឋានរស់នៅ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីកើតមានករណីឃាតកម្មដ៏ឃោរឃៅខាងលើរួចមក សមត្ថកិច្ចខេត្តកណ្តាល បានស្នើសុំសហការជាមួយសមត្ថកិច្ចគ្រប់ខេត្តនានាទូទាំងប្រទេស ដើម្បីតាមចាប់ខ្លួនជនដៃដល់ ទីបំផុត ឈាមស្រែកស្បែកហៅ ជនដៃដល់ជាឃាតករត្រូវបានសមត្ថកិច្ចខេត្តពោធិ៍សាត់ ចាប់ឃាត់ខ្លួនបាន កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ បន្ទាប់ពីជនដៃដល់រូបនេះ បានព្យាយាមរត់ទៅសម្ងំលាក់ខ្លួននៅក្នុងទឹកដីខេត្តពោធិ៍សាត់ បានរយៈពេល២ថ្ងៃ។
ក្រោយឃាត់ខ្លួនជនដៃដល់បានសមត្ថកិច្ចខេត្តពោធិ៍សាត់ បានប្រគល់ខ្លួនជនដៃដល់ឃាតករមកឱ្យសមត្ថកិច្ចខេត្តកណ្តាល ជាម្ចាស់ករណី ដើម្បីចាត់ការបន្តតាមនីតិវិធី ដោយបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល និងត្រូវបានលោកគឹម រ័ត្មណារិន ចៅក្រមស៊ើបសួរ និងជាអនុប្រធានសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួន ជនដៃដល់ខាងលើ កាលពីល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨៕