ខេត្តបន្ទាយមានជ័យ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់បានទាក់ទងស្នេហាយ៉ាងស៊ីជម្រៅជាមួយបុរសជនជាតិខ្មែរ-ឥស្លាមម្នាក់ លុះចុងក្រោយ ក៏ត្រូវម្តាយខាងប្រុសប្រកែកមិនព្រមឱ្យកូនប្រុសបន្តទំនាក់ទំនងស្នេហ៍មួយនេះទៀត ទើបធ្វើឱ្យខាងស្រីឈឺចិត្តស្អិតទ្រូង រហូតទ្រាំលែង នាក៏គិតខ្លីចងកបញ្ចប់ជីវិត បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ នៅចំណុចបន្ទប់លេខ 49E ក្នុងផ្ទះសំណាក់យីហោ សុផល ថាវី មានទីតាំងស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
នារីគិតខ្លីចងកបញ្ចប់ជីវិត ព្រោះតែស្នេហាខកបំណង មានឈ្មោះជិន ពិសី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ ស្នាក់នៅបន្ទប់ជួលក្នុងភូមិសង្កាត់កើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិស្រះជ្រៃ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
តាមប្រភពពីម្ចាស់ផ្ទះសំណាក់ បានរៀបរាប់ប្រាប់ថា នារីងគ្រោះទើបមកជួលបន្ទប់ផ្ទះសំណាក់របស់គាត់ស្នាក់នៅ កាលពីយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨។ រហូតមកដល់វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ បុគ្គលិកផ្នែករៀបចំបន្ទប់បានដើរទៅគោះទ្វារបន្ទប់ ដែលនារីរងគ្រោះស្នាក់នៅ ដើម្បីសុំសម្អាតបន្ទប់ តែគ្មានអ្នកឆ្លើយតបសោះ ទើបស្មានថា នារីរងគ្រោះដេកលក់ក៏ចេញទៅរៀបចំសម្អាតនៅបន្ទប់ផ្សេងទៀត។ លុះដល់ម៉ោងជិត៥ល្ងាចថ្ងៃដដែល មិនឃើញនារីរងគ្រោះចេញពីបន្ទប់ទៀត ណាមួយហៅក៏មិនឆ្លើយ ទើបសម្រេចរាយការណ៍ ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ ទីបំផុត ពេលបើកទ្វារបន្ទប់ចូលទៅមើល ស្រាប់តែប្រទះឃើញនារីរងគ្រោះបានចងកសម្លាប់ខ្លួនស្លាប់បាត់ទៅហើយ មិនដឹងជាចងកស្លាប់តាំងពីថ្មើរណា។
តាមសម្តីបុរសឈ្មោះជិន តិ អាយុ៧០ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់នារីរងគ្រោះខាងលើ បានបញ្ជាក់ប្រាប់ថា មូលហេតុដែលកូនស្រីរបស់គាត់ចងកសម្លាប់ខ្លួន គឺដោយសារតែនាងមានវិបត្តិស្នេហាជាមួយនឹងបុរសជនជាតិខ្មែរអ៊ិស្លាមម្នាក់។ កូនស្រីគាត់ម្នាក់នេះ (នារីរងគ្រោះ) គឺជាកូនពៅ ក្នុងចំណោមបងប្អូន៧នាក់ ហើយនាងបានចេញពីផ្ទះឯខេត្តឧត្តរមានជ័យ មកធ្វើការផ្នែកអនឡាញនៅកាស៊ីណូមួយ ក្នុងក្រុងប៉ោយប៉ែត អស់រយៈពេល៣ឆ្នាំមកហើយ។ ប៉ុន្តែកាលពីប៉ុន្មានខែមុននេះ កូនស្រីរូបនេះធ្លាប់បានប្រាប់ពួកគាត់ជាឪពុកម្តាយថា មានបុរសអ៊ិស្លាមម្នាក់នៅក្រុងប៉ោយប៉ែត មានមុខរបរប្តូរប្រាក់ បានទំនាក់ទំនងស្រឡាញ់នាង។ ក្រោយមកស្រាប់តែឮពាក្យថា ម្តាយឪពុកខាងប្រុសគេជំទាស់ ព្រោះតែសាសនាខុសគ្នា ទើបធ្វើឱ្យកូនស្រីនេះពិបាកចិត្ត ត្បិតជ្រុលជ្រួសខ្លួនប្រាណ និងលង់ស្នេហ៍គ្នាយូរហើយ ទីបំផុតក៏គិតខ្លីបែបនេះតែម្តង។
តាមប្រភពពីមិត្តភក្តិរួមការងារជាមួយនារីង្រគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ដោយសារតែនារីរងគ្រោះបិទទូរស័ព្ទ ទើបធ្វើឱ្យមិត្តរួមការងារបារម្ភ ព្រោះស្ទើរគ្រប់គ្នាសុទ្ធតែបានដឹងរឿងវិបត្តិស្នេហារបស់នាង បន្ទាប់មកក៏ទាក់ទងទៅក្រុមគ្រួសាររបស់នាង ទើបឪពុកម្តាយនាងបានស្កាត់ដំណើរពីឧត្តរមានជ័យ តាមរកកូនស្រី ប៉ុន្តែហួសពេលទៅហើយ ដោយសារតែកូនស្រីគិតខ្លីចងកធ្វើអត្តឃាតបាត់ទៅហើយ។
មិត្តភក្តិនារីរងគ្រោះ បានបន្តថា យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួណរបស់នារីរងគ្រោះ ដែលមានឈ្មោះថា Pisey single គឺនាងហាក់ដូចជាមានគំរោងធ្វើអត្តឃាតជាមុនរួចហើយ ព្រោះក្នុងប្រូហ្វាលរបស់នាងបានប្តូររូបភាពចំណងខ្សែមួយ ដែលមានសរសេរថា “មានពេលខ្លះចង់តែគិតខ្លី” ស្រាប់តែចុងក្រោយ នារីរងគ្រោះបានដាច់ចិត្តគិតខ្លី ចងកសម្លាប់ខ្លួនដូចការគ្រោងទុកតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា នារីរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន ដោយប្រើកន្សែងពោះគោ ចងកភ្ជាប់នឹងដែករីដូវាំងននបង្អួចបន្ទប់ផ្ទះសំណាក់ និងថែមទាំងបានចាក់សោទ្វារ រួចដាក់គន្លឹះពីក្នុងទៀតផង។
ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីបុរសជនជាតិខ្មែរ-អ៊ិស្លាម ដែលត្រូវជាគូស្នេហ៍របស់នារីរងគ្រោះបាននៅឡើយទេ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕