Sunday, October 12, 2025
Homeព័ត៌មានជាតិនេះហើយឃាតករដែលជាសង្សារ សម្លាប់ស្ត្រីម៉ាស្សា ព្រោះតែភ្លើងប្រចណ្ឌ

នេះហើយឃាតករដែលជាសង្សារ សម្លាប់ស្ត្រីម៉ាស្សា ព្រោះតែភ្លើងប្រចណ្ឌ

ភ្នំពេញ ៖ ជនសង្ស័យសម្លាប់នារីម៉ាស្សាបោកក្បាល រឹកកសម្លាប់ ស្លាប់យ៉ាងអាណោចអាធ័មក្នុងផ្ទះម៉ាស្សា ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌចំការមន សហការជាមួយកម្លាំងនគរបាលផ្សារដើមថ្កូវ ចាប់ខ្លួនបានហើយ ស្ថិតនៅតាមផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះហុង សុខហេង អាយុ៤១ឆ្នាំ ស្នាក់នៅផ្ទះម៉ាស្សា ខេ អេស សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ជាកាន់ឡស្ទីម និង​ត្រូវ​ជា​ពូថៅ​កែ​ហាងម៉ាស្សា ខេ អេស។ បន្ទាប់ពីចាប់បានជនសង្ស័យ សមត្ថកិច្ច​​បានដកហូតវត្ថុតាងមួយ​ចំនួន ដែលជនសង្ស័យ​​បាន​សម្លាប់នារីរងគ្រោះ​ប្លន់​យក​ខ្សែ​​ក ខ្សែដៃ ទូរ​ស័​ព្ឌ និង​ខ្សែជើង។

បើតាមការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យបានសារភាពថា ជនសង្ស័យនិងនារីរងគ្រោះជាសង្សារនឹងគ្នា ហើយមូលហេតុដែលធ្វើឲ្យមានការសម្លាប់យ៉ាងសាហាវនេះ ដោយសារជនសង្ស័យប្រចណ្ឌនារីរងគ្រោះឧស្សាហ៍និយាយសាសងទូរស័ព្ទជាមួយប្រុសផ្សេងរាល់យប់ ហើយទាមទារចែកផ្លូវគ្នា។

គួររំលឹកថា ស្ត្រីរូបស្រស់ម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងផ្ទះរបស់ខ្លួន ដោយមានស្លាកស្នាមបែកក្បាល និងស្នាមរឹតក បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលលេខ៣៦៥ ផ្លូវលេខ១៦៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

សពស្ត្រីរងគ្រោះដែលត្រូវឃាតករដៃឆៅវាយបែកក្បាល រួចរឹតកសម្លាប់យ៉ាងឃោរឃៅ មានឈ្មោះសួង លីនណា អាយុ៣០ឆ្នាំ មុខរបរបម្រើការងារនៅហាងម៉ាស្សាយីហោ ខេ អេស មានស្រុកកំណើតនៅភូមិភ្នំសំពៅខាងកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង សព្វថ្ងៃស្នាក់នៅផ្ទះកើតហេតុខាងលើ។

តាមសម្តីស្ត្រីឈ្មោះអឹម ចាន់ណា អាយុ៣៦ឆ្នាំ មុខរបរបម្រើការនៅហាងម៉ាស្សា និងស្នាក់នៅផ្ទះជួលជាមួយស្ត្រីរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ នាងបានជិះម៉ូតូដើរលេងជាមួយមិត្តប្រុសពេញ១យប់ ហើយក៏បានទៅដេកនៅផ្ទះមិត្តប្រុសរបស់នាង នៅចំការដូង រហូតដល់ភ្លឺ ទើបត្រឡប់មកវិញ តែមិនទាន់ចូលផ្ទះជួលទេ ដោយបានដើរចូលហាងម៉ាស្សា ទៅនិយាយលេងមួយសន្ទុះ ទើបដើរទៅបន្ទប់ជួល (ទីតាំងកើតហេតុ) បំណងងូតទឹកដូរសម្លៀកបំពាក់ដើម្បីចូលធ្វើការវិញ។ ស្រាប់តែពេលដែលនាងឡើងទៅដល់ជាន់ទី១ ក៏ដូចជាមានក្លិនស្អុយ និងក្លិនឆ្អាបឈាម រួចក៏ស្រែកសួរស្ត្រីរងគ្រោះដែលមាននាម១៦ តែមិនឮស្ត្រីរងគ្រោះឆ្លើយតបសោះ ទើបនាងបានបើកទ្វាបន្ទប់ចូលទៅក្នុង ក៏ស្រឡាំងកាំង ដោយប្រទះឃើញស្ត្រីរងគ្រោះដេកផ្គាប់មុខទៅនឹងឥដ្ឋ ដោយមានឈាមដាបពេញឥដ្ឋ ទើបធ្វើឱ្យនាងភ័យស្លន់ស្លោប្រញាប់រត់ទៅប្រាប់ថៅកែហាងម៉ាស្សា និងបានប្តឹងសមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍តែម្តង។

ប្រភពដដែលបន្តថា ស្ត្រីរងគ្រោះមិនសូវដាក់លុយកាក់ជាប់ខ្លួនច្រើនទេ ដោយច្រើនតែប្រើកាតអេធីអឹម (ATM) ប៉ុន្តែស្ត្រីរងគ្រោះចូលចិត្តពាក់គ្រឿងអលង្ការជាប់ខ្លួនជាច្រើន មានទាំងចិញ្ចៀន ខ្សែក ខ្សែដៃ។ ប៉ុន្តែនៅពេលកើតហេតុ ដោយនាងភ័យពេក ទើបមិនបានពិនិត្យ មើលថា នៅលើខ្លួនសពមានបាត់គ្រឿងអលង្ការដែរឬអត់ទេ ព្រោះរវល់តែភ័យស្លន់ស្លោរត់ទៅប្រាប់ថៅកែហាង។ ចំពោះករណីខាងលើនេះ ច្បាស់ជាមានអ្នកណាប្រព្រឹត្តទៅលើស្ត្រីរងគ្រោះជាមិនខាន ព្រោះនៅក្នុងបន្ទប់ដេកមានហូរឈាមច្រើនណាស់ ហើយបើស្ត្រីរងគ្រោះធ្វើអត្តឃាតនោះ គឺមិនអាចទេ ព្រោះរាល់ថ្ងៃស្ត្រីរងគ្រោះកំពុងចង់ទិញដី ឬផ្ទះតាមហ្វេសប៊ុក ណាមួយនាងតែងតែងតុបខ្លួន និងមិនដែលចេះពិបាកចិត្តរឿងអ្វីទេ ទោះបីនាងជាស្ត្រីមេម៉ាយក៏ដោយ។

តាមសម្តីបុរសឈ្មោះសួង វិបុល អាយុ២៩ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជន ត្រូវជាប្អូនប្រុសរបស់ស្ត្រីរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់មើលតាមរយៈព័ត៌មានឃើញគេបង្ហោះ មានការសង្ស័យថាជាបងស្រីបង្កើតរបស់ខ្លួន ដោយព័ត៌មានសរសេរថា ស្ត្រីជាបុគ្គលិកហាងម៉ាស្សា ខេ អេស ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងផ្ទះជួល។ ភ្លាមៗនោះ គាត់បានជិះម៉ូតូមកមើលឱ្យដឹងច្បាស់ លុះពេលមកដល់សួរនាំសមត្ថកិច្ច ទើបដឹងថា ជាបងស្រីបង្កើតរបស់គាត់ប្រាកដមែន តែសមត្ថកិច្ចមិនទាន់សន្និដ្ឋានជាករណីអ្វីនៅឡើយទេ។

បុរសជាប្អូនប្រុសបង្កើតរបស់ស្ត្រីរងគ្រោះ បានបន្តថា គាត់មានបងប្អូនចំនួន៦នាក់ (ប្រុស១ ស្រី៥) ចំណែកបងស្រីដែលស្លាប់ ជាកូនស្រីច្បង ហើយគាត់ជាស្ត្រីមេម៉ាយមានកូនប្រុស២នាក់ ដោយកូនច្បងមានឈ្មោះរិទ្ធិ រាជ្យ អាយុ៥ឆ្នាំ ចំណែកកូនប្រុសពៅ មានឈ្មោះរិទ្ធិ សាក់ អាយុ៣ឆ្នាំ។ បងស្រីរបស់គាត់បានចែកផ្លូវជាមួយប្តី អស់រយៈពេលជាង២ឆ្នាំមកហើយ ហើយក៏មិនដឹងថា មួយរយៈក្រោយនេះ គាត់មានទំនាក់ទំនងជាមួយអ្នកណាទៀតដែរ។ កន្លងមក គាត់ធ្លាប់ឮបងស្រីបង្កើត និយាយថា គាត់មានលុយខ្លះដែរ ចង់ទិញដីបង់រំលោះដែលគេបង្ហោះតាមហ្វេសប៊ុក ចំណែកគាត់ជាប្អូនប្រុសបានប្រាប់បងស្រីវិញថា គួរទុកលុយសិនទៅ ចង់ទិញដីពុះឡូតិ៍លក់ទាំងនោះ ទាល់តែមើលទីតាំងឱ្យច្បាស់សិន ស្រាប់តែមិនបានប៉ុន្មានផង ស្រាប់តែបងស្រីត្រូវគេសម្លាប់បែបនេះតែម្តង ហេតុនេះគាត់ស្នើឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកមូលហេតុ និងវែកមុខជនដៃដល់ជាឃាតករ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់ឱ្យបានឆាប់ៗផង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងកម្លាំងជំនាញ បានចុះដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះត្រូវជនដៃដល់មិនស្គាល់មុខ ចាប់បោកក្បាលទៅនឹងថ្ម បណ្តាលឱ្យបែកក្បាលខ្ទេច ហូរឈាមដាបពេញបន្ទប់ បន្ទាប់មក ជនដៃដល់បានយកខ្សែមករឹតកស្ត្រីរងគ្រោះបន្ថែមទៀត ចំណែករបស់របរនៅក្នុងផ្ទះ គឺត្រូវបានរើកកកាយរាយប៉ាយពេញផ្ទះផងដែរ។ តាមការសន្និដ្ឋានជាជំហានដំបូងរបស់សមត្ថកិច្ច ករណីឃាតកម្មនេះ អាចផ្តើមចេញពីអំពើប្លន់សម្លាប់។

ជុំវិញករណីឃាតកម្មខាងលើនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន បុរសម្នាក់ឈ្មោះតុង ស៊ឹម ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរសន្តិសុខ ដើម្បីនាំយកទៅធ្វើការសាកសួរផងដែរ ប៉ុន្តែមិនទាន់ដឹងលទ្ធផលយ៉ាងណានៅឡើយ។

ដោយឡែក សាកសពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដឹកទៅកាន់ស្រុកកំណើតឯខេត្តបាត់ដំបង ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES