សៀមរាប ៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត លើកទី៦ នៅខេត្តសៀមរាប រយៈពេល៤ថ្ងៃ (១៣-១៦ ខែមេសា ឆ្នាំ២០១៨) មានភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រមាណ១,៨២លាននាក់ បានចូលរួមទស្សនាកម្សាន្ត គឺមានកំណើន១៥,១៤% បើប្រៀបធៀបនឹងឆ្នាំមុន ជាមួយនឹងការទទួលបានជោគជ័យយ៉ាងត្រចះត្រចង់បន្ថែមទៀត លើសពីឆ្នាំ២០១៧ ក្នុងនោះភ្ញៀវជាតិ មានចំនួនប្រមាណជាង១,៧៨លាននាក់ កើន១៥,១៦% បើប្រៀបធៀបឆ្នាំ២០១៧ និងភ្ញៀវអន្តរជាតិចំនួន៣៦ ៦៩៤នាក់ កើន១៤,២៥% ប្រៀបធៀបឆ្នាំ២០១៧ ។
តាមប្រភពពីក្រសួងទេសចរណ៍ បានឲ្យដឹងថា ស្ថិតិភ្ញៀវទេសចរខាងលើនេះ ត្រូវបានបង្ហាញដោយលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានថ្លែងក្នុងកម្មវិធីប្រគំតន្រី្តនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ជាមួយវត្តមានលោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) លោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងវត្តមានយុវជន សមាជិក-សមាជិកា ស.ស.យ.ក ភ្ញៀវជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋរាប់ម៉ឺននាក់។
លោកថោង ខុន បានបន្តថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ត្រូវបានរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) គឺជាព្រឹត្តិការណ៍ទេសចរណ៍វប្បធម៌ដ៏ធំមួយរបស់កម្ពុជា នៅលើទឹកដីអច្ឆរិយ ដែលត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ដ៏ទាក់ទាញ និងជាពិធីបុណ្យដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យដ៏ធំទាំងឡាយ ដែលអាស៊ាន បានជ្រើសរើស និងផ្សព្វផ្សាយសម្រាប់អបអរសាទរខួបទី៥០ឆ្នាំ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) កាលពីឆ្នាំ២០១៧ កន្លងទៅនេះ។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត លើកទី៦ឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «សាទរមរតកដូនតា»។
លោកថោង ខុន បានបន្តទៀតថា ព្រឹត្តិការណ៍សង្ក្រាន្ត គឺពិតជាបានផ្តល់នូវភាពសប្បាយរីករាយការជួបជុំគ្នា តាមរយៈការបង្ហាញនូវវប្បធម៌អរូបី ដូចជា ល្បែងប្រជាប្រិយ តន្រ្តី របាំប្រពៃណី ម្ហូបអាហារ កីឡា ទំនៀមទម្លាប់នៃការរស់នៅរបស់ប្រជាជនខ្មែរ
រួមជាមួយនឹងការលើកយកមកនូវកេរដំណែលអរិយធម៌ និងស្នាដៃនានារបស់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុកតាំងពីយូរលង់ណាស់មកហើយ។ ព្រមជាមួយនេះ
អង្គរសង្រ្កាន្ត ក៏បានផ្តល់ឱកាសជាច្រើនបន្ថែមទៀតដល់ប្រតិបត្តិករ អាជីវករទេសចរណ៍ អ្នកលក់ដូរ ទទួលបានប្រាក់ចំណូលកាន់តែច្រើន និងបានផ្តល់ផលប្រយោជន៍ជាច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមទាំងមូល។
ដោយឡែក ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំនេះ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានធ្វើដំណើរពីទីជិតទីឆ្ងាយមកចូលរួមទស្សនាកម្សាន្ត ប្រកបដោយទឹកមុខរីករាយគ្រប់ៗគ្នា។ ជាមួយនឹងការធ្វើដំណើរលើផ្លូវថ្នល់ដ៏ល្អ ប្រជាពលរដ្ឋក៏មានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរ ចៀសវាងគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។ ប្រជាពលរដ្ឋ និងទេសចរ ឆ្នាំនេះ កាន់តែមានការយល់ដឹងខ្ពស់ពីការចូលរួមក្នុងការរក្សាការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន បានល្អ។ ការចូលរួមដ៏ល្អនេះ បានបញ្ជាក់ច្បាស់ពីការអភិវឌ្ឍឥតឈប់ឈរនូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ស្ពាន ទៅកាន់គោលដៅទេសចរណ៍ និងបញ្ជាក់កាន់តែច្បាស់អំពីភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ នៃកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លោកថោង ខុន បញ្ជាក់ថា តាមការរំពឹងទុកប្រកបដោយសុទិដ្ឋិនិយម នៃទំនាក់ទំនងដ៏ស្អិតល្មួតរវាងវិស័យទេសចរណ៍ និងវិស័យវប្បធម៌ គឺដោយសារកម្ពុជា មានសក្តានុពលធំធេងណាស់ ទាំងបេតិកភណ្ឌវប្បធម៌រូបី និងអរូបី និងបេតិកភណ្ឌធម្មជាតិ។ បើគិតត្រឹមតែប្រាង្គប្រាសាទបុរាណ កម្ពុជា ជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ី ដែលមានប្រាង្គប្រាសាទជាង១០០០កន្លែង ជាពិសេសប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក ដែលបានក្លាយជាសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ (UNESCO) និងសម្បត្តិវប្បធម៌អរូបីមួយចំនួនទៀត ដែលត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការ UNESCO។
លោករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានកោតសរសើរចំពោះសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានលោកហ៊ុន ម៉ានី ជាប្រធាន និងសមាជិក-សមាជិកា ស.ស.យ.ក ទាំងអស់ ដែលបានខិតខំប្រឹងប្រែងប្រកបដោយស្មារតី និងឆន្ទៈមោះមុត ហើយតែងតែបានសហការជាមួយអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជន ចូលរួមគ្រប់សកម្មភាពវប្បធម៌ សង្គម និងបរិស្ថាន ពិសេសបានរៀបចំនូវព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះឡើង ដើម្បីចូលរួមបំផុសគំនិតរួបរួមកម្លាំងសាមគ្គីភាពជាមហាគ្រួសារខ្មែរតែមួយ ក្នុងមោទនភាពជាតិខ្មែរ ជាធ្លុងមួយ និងបណ្តុះស្មារតីអភិរក្ស និងអភិវឌ្ឍវប្បធម៌ ប្រកបដោយនិរន្តរភាព ដោយឈរលើទស្សនទាន «រួមគិត រួមធ្វើ រួមទទួលខុសត្រូវ» ក្នុងសម័យកាលសាកលភាវូបនីយកម្មទំនើបជំនាន់ថ្មីនេះ ដើម្បីខ្មែរតែមួយ អនាគតតែមួយ៕