ខេត្តកំពង់ធំ ៖ យុវជនឈាមរាវម្នាក់នៅសុខៗ ស្រាប់តែបង្ហោះរូបថតកាន់កាំភ្លើង រួចសរសេរអួតអាងក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា “ស៊ីឈ្នួលសម្លាប់មនុស្ស” ធ្វើឱ្យមានការភ្ញាក់ផ្អើលពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក រហូតត្រូវកម្លាំងអាវុធហត្ថខេត្តកំពង់ធំ ចុះឃាត់ខ្លួននាំយកមកសាកសួរ។
ហេតុការណ៍ចាប់ខ្លួនក្មេងប្រុសអួតខ្លួនស៊ីឈ្នួលសម្លាប់មនុស្សតាមហ្វេសប៊ុកនេះ បានធ្វើឡើង កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិស្មោញ ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្គ។
ក្មេងស្ទាវជើងខ្លាំងដែលត្រូវកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន មានឈ្មោះហ៊ីម សុខហ័រ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំដែលកម្លាំងអាវុធហត្ថចុះចាប់ខ្លួន។
តាមប្រភពពីមន្ត្រីអាវុធហត្ថខេត្តកំពង់ធំ បានបញ្ជាក់ឱ្យដឹងថា ការចាប់ខ្លួនយុវជនខាងលើនេះ គឺបន្ទាប់ពីយុវជនរូបនេះបានបង្ហោះរូបភាព និងសារនៅលើបណ្តាញសង្គមហ្វេសប៊ុកថា “ស៊ីឈ្នួលសម្លាប់មនុស្ស” ព្រមទាំងបានបង្ហោះរូបភាពកាន់កាំភ្លើងទៀតផង។
ក្រោយឃាត់ខ្លួននាំយកមកសាកសួរ យុវជនខាងលើបានឆ្លើយសារភាពថា រូបគេពិតជាបានបង្ហោះរូបកាន់កាំភ្លើង ព្រមទាំងភ្ជាប់ជាមួយសំណេរមួយឃ្លាថា “ស៊ីឈ្នួលសម្លាប់មនុស្ស” ប្រាកដមែន។ ប៉ុន្តែការដែលរូបគេធ្វើបែបនេះ គឺគ្មានបំណង ឬចេតនាចង់ស៊ីឈ្នួលសម្លាប់មនុស្ស ពិតប្រាកដអីនោះទេ គ្រាន់តែចង់បង្អួតមិត្តភក្តិនៅក្នុងហ្វេសប៊ុកតែប៉ុណ្ណោះ ហើយរូបគេក៏មិនមានកាំភ្លើងអ្វីដែរ ចំណែករូបកាំភ្លើងដែលយកទៅបង្ហោះនោះ គឺជារូបរបស់អ្នកណាមិនដឹង ដែលគេបានប្រទះឃើញក្នុងហ្វេសប៊ុក ក៏យកមករក្សាទុក រួចបង្ហោះលេងទេ។
ក្រោយពីបានសួរនាំរួចរាល់ កម្លាំងអាវុធហត្ថខេត្តកំពង់ធំ បានធ្វើការអប់រំ និងអនុញ្ញាតឱ្យយុវជនខាងលើវិលត្រឡប់ទៅលំនៅដ្ឋាន វិញ៕