Sunday, October 12, 2025
Homeព័ត៌មានជាតិឪក្មេងមកពីផឹក ទាញដំបងវាយ កូនប្រសាខឹងច្រានដួលផ្ងារក្រោយបាកកស្លាប់

ឪក្មេងមកពីផឹក ទាញដំបងវាយ កូនប្រសាខឹងច្រានដួលផ្ងារក្រោយបាកកស្លាប់

ខេត្តក្រចេះ ៖ បុរសម្នាក់ព្រោះតែខឹងប្រពន្ធឃាត់មិនឱ្យទៅរាំធុងបាស់ ក៏ផ្ទុះកំហឹងរករឿងឈ្លោះប្រកែកតឹងសរសៃកដាក់គ្នា ស្រាប់តែភ្លាមនោះ បុរសចំណាស់ជាឪពុកក្មេកទើបនឹងមកពីផឹកស្រាស្រវឹងជោកជាំ បានទាញដំបងស្ទុះមកវាយសំពងបុរសជាកូនប្រសា តែត្រូវកូនប្រសាចាប់ដំបងជាប់ ច្រានឪក្មេក បណ្តាលឱ្យដួលផ្ងាក្រោយបោកក្បាលបាក់កស្លាប់មួយួរំពេច បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ នៅចំណុចឃុំស្រែជិះ ស្រុកសំបូរ។

បុរសជាកូនប្រសារប្រុស និងជាជនដៃដល់ដែលច្រានឪពុកក្មេកដួលបោកក្បាលបាក់កស្លាប់ មានឈ្មោះស៊ូ ចេត អាយុ៣២ឆ្នាំ មុខរបរធ្វើចម្ការ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកបុរសរងគ្រោះជាឪពុកក្មេក មានឈ្មោះព្លូត តូប អាយុ៧៨ឆ្នាំ មុខរបរធ្វើចម្ការ និងមានលំនៅក្នុងភូមិឃុំជាមួយគ្នា។

លោកវរសេនីយ៍ត្រី នួន សារិន អធិការរងទទួលបន្ទុកព្រហ្មទណ្ឌស្រុកសំបូរ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ ជនដៃដល់បានសុំប្រពន្ធចេញទៅរាំធុងបាស់នៅក្នុងភូមិ តែប្រពន្ធមិនព្រមឱ្យទៅ ទើបធ្វើឱ្យកើតមានទំនាស់ពាក្យសម្តីតឹងសរសៃកដាក់គ្នា។ បន្ទាប់ពីមានការឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃក ស្រាប់តែបុរសររងគ្រោះជាឪពុកក្មេកមិនដឹងជាទើបនឹងមកពីផឹកស្រានៅឯណា ស្រវឹងជោកជាំ បានស្ទុះទៅទាញព្រនង់មកវាយសំដៅទៅលើជនដៃដល់ជាកូនប្រសា តែភ្លាមនោះជនដៃដល់ក្រឡេកឃើញ ក៏បានចាប់ជាប់ និងកញ្ឆក់យកព្រនង់នោះទៅបោះចោល។

លោកអធិការរង បានឱ្យដឹងទៀតថា បន្ទាប់មក បុរសរងគ្រោះជាឪពុកក្មេកបានស្ទុះទៅទាញដំបងមកវាយសំដៅជនដៃដល់ជាកូនប្រសា ជាលើកទី២ ទើបធ្វើឱ្យជនដៃដល់ជាកូនប្រសាខឹងក៏ចាប់ដំបងជាប់ រួចច្រានឪពុកក្មេកចំដើមទ្រូង បណ្តាលឱ្យដួលផ្ងារក្រោយ បាក់កស្លាប់ភ្លាមៗតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះឃាត់ខ្លួនជនដៃដល់ជាកូនប្រសា នាំមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES