ខេត្តបាត់ដំបង ៖ បុរសល្មោភកាមម្នាក់ បានធ្វើសកម្មភាពលួងលោមក្មេងស្រីម្នាក់ចូលទៅក្នុងចម្ការចេក រួចក៏ចាប់រំលោភសេពសន្ថវៈទាំងកំរោល តែភ្លាមនោះ ត្រូវម្តាយក្មេងស្រីរងគ្រោះតាមទាន់ ស្រែកឆោឡោផ្អើលអ្នកភូមិដេញចាប់ក្របួចជាប់ យកទៅប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់។
ករណីប្រុសព្រានចាប់រំលោភក្មេងស្រីក្នុងចម្ការចេក បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ នៅចំណុចចម្ការចេក ក្បែរព្រះវិហារវត្តចក្រី ស្ថិតក្នុងភូមិចក្រី ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក។
ជនសង្ស័យល្មោភកាមដែលចាប់រំលោភក្មេងស្រីក្នុងចម្ការចេក មានឈ្មោះមាន ខុនឌី អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិទួលខ្វាវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះស.ស.ម អាយុ៩ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមសម្តីរបស់ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ខណៈដែលគាត់កំពុងរវល់ដាក់ដាំបាយក្នុងផ្ទះ កូនស្រីរបស់គាត់ក៏បានដើរលេងក្បែរៗផ្ទះតែម្នាក់ឯង លុះបន្តិចក្រោយមក ពេលគាត់ចេញមករកមើលកូនស្រី ស្រាប់តែបាត់មិនឃើញសោះ ទើបនឹកឆ្ងល់ ក៏ដើរតាមរក ស្រាប់តែពេលដើរទៅដល់ចម្ការចេកទីតាំងកើតហេតុខាងលើ ក៏លាន់ឮសម្លេងកូនស្រីរបស់គាត់ស្រែកឱ្យជួយ ទើបគាត់ស្ទុះចូលទៅមើល ក៏ប្រទះឃើញជនសង្ស័យល្មោភកាម ឈ្មោះមាន ខុនឌី កំពុងធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈលើកូនស្រីរបស់គាត់។ ភ្លាមនោះ គាត់ក៏បានស្រែកឆោឡោហៅអ្នកជិតខាងឱ្យជួយ ធ្វើឱ្យជនសង្ស័យភ័យឆោឡោចង់លើកខោរត់គេចខ្លួន តែរត់មិនរួច ក៏ត្រូវអ្នកភូមិព័ទ្ធចាប់ជាប់ រួចក៏នាំយកទៅប្រល់សមត្ថកិច្ចតែម្តង។
លោកវរសេនីយ៍ទោ សុង សុភ័ក្ត្រ អធិការនគរបាលស្រុកភ្នំព្រឹក បានឱ្យដឹងថា ជុំវិញករណីរំលោភសេពសន្ថវៈលើក្មេងស្រីអាយុ៩ឆ្នាំ ខាងលើនេះ ជនសង្ស័យមិនទាន់ធ្វើសកម្មភាពបានសម្រេចនៅឡើយ ដោយសារតែសំណាងល្អ ត្រូវម្តាយរបស់ក្មេងស្រីរងគ្រោះតាមទាន់ ក៏ចាប់មកប្រគល់ឱ្យសមត្ថកិច្ច ដើម្បីធ្វើការសួរនាំ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួងលោមចាប់រំលោភក្មេងស្រីរងគ្រោះក្នុងចម្ការចេកមែន តែមិនបានសម្រេចទេ ព្រោះម្តាយក្មេងស្រីរងគ្រោះតាមទាន់។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕