ភ្នំពេញ ៖ ក្មេងស្រីតូចម្នាក់បានរត់តាមបងប្រុសរបស់ខ្លួនទៅដូរហ្គាសឱ្យម្តាយធ្វើម្ហូប ស្រាប់តែអកុសល ត្រូវរថយន្ត១គ្រឿង បើកថយក្រោយខ្វះការប្រុងប្រយ័ត្ន ជ្រុលមកកិនបណ្តាលឱ្យបែកក្បាលស្លាប់គួរឱ្យរន្ធត់ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវលំមួយកន្លែង ក្បែរអាងទឹក ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ។
ក្មេងស្រីដែលត្រូវរថយន្តថយក្រោយកិនបែកក្បាលស្លាប់គួរឱ្យសង្វេគ មានឈ្មោះអ៊ុត លក្ខិណា អាយុជាង១ខួប មានម្តាយឈ្មោះគង់ ស៊ីចាន់ អាយុ២៦ឆ្នាំ ឪពុកឈ្មោះប៊ុត ប៊ុនថន អាយុ២៨ឆ្នាំ ជាអ្នកបើកបររថយន្តដឹកដី មានលំនៅក្នុងភូមិសង្កាត់កន្លែងកើតហេតុ។ ដោយឡែក អ្នកបើកបរបង្កឈ្មោះសាន់ នី ភេទប្រុស អាយុ២៣ឆ្នាំ ជាជនជាតិខ្មែរ-អ៊ិស្លាម មានលំនៅក្នុងភូមិជាមួយគ្នា និងមានស្រុកកំណើតនៅខេត្តកំពត បើករថយន្តមួយគ្រឿង ម៉ាកកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2Q-4513។
តាមសម្តីស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានប្រើឱ្យកូនប្រុសច្បងម្នាក់ឱ្យចេញទៅទិញម្រេច និងដូរហ្គាស ដើម្បីយកមកធ្វើម្ហូប។ ពេលនោះកូនស្រីតូចរបស់គាត់ (ក្មេងស្រីរងគ្រោះ) ក៏បានរត់ចេញទៅតាមបងប្រុសរបស់នាងដែរ។ ភ្លាមៗនោះ រថយន្តខាងលើបើកមកដល់ចំណុចកើតហេតុខាងលើ ឃើញមានរោងការនៅពីខាងមុខ បើកទៅមុខអត់រួច ក៏បើកិថយក្រោយមកវិញ តែមិនដឹងអ្នកបើកបរមើលមិនឃើញកូនស្រីតូចគាត់យ៉ាងណាទេ ស្រាប់តែកិនកូនស្រីរបស់គាត់ បណ្តាលឱ្យបែកក្បាលស្លាប់នៅលើផ្លូវតែម្តង។
ក្រោយកើតហេតុ អ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ បន្ទាប់មកសមត្ថកិច្ចក៏បានធ្វើការវាស់វែងរួចអូសយករថយន្ត ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ។
ដោយឡែក សាកសពក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕