ខេត្តសៀមរាប ៖ បុរសម្នាក់ត្រូវក្រុមគ្រួសារអះអាងថា គឺជាមនុស្សញៀនស្រា តែងផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ រហូតដល់ក្តៅខួរបាត់បង់សតិស្មារតី ក្លាយទៅជាជំងឺសរសៃប្រសាទទៅហើយ លុះក្រោយពេលផឹកស្រាស្រវឹងជោកជាំ ក៏កើតមានទំនាស់ពាក្យសម្តីជាមួយប្រពន្ធតិចតួច ស្រាប់តែបុរសជាប្តីមួម៉ៅក្តៅចិត្តរត់ទៅចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលីវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ នៅចំណុចដើមត្រសេក ខាងក្រោយផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិបាក់អង្រុត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង។
បុរសគំនិតខ្លីដែលចងកធ្វើអត្តឃាត ព្រោះតែទាស់សម្តីជាមួយប្រពន្ធតិចតួច មានឈ្មោះនាល ធន់ អាយុ៣៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះគឺជាមនុស្សញៀនស្រា តែងផឹកស្រវឹងជាប់ជាប្រចាំ រហូតដល់ក្លាយទៅជាសរសៃប្រសាទទៅហើយ។ នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ជនរងគ្រោះបានផឹកស្រាស្រវឹងធ្លាក់ភ្នែក លុះចូលមកដល់ផ្ទះ ក៏បានកើតមានទំនាស់ពាក្យសម្តីជាមួយប្រពន្ធ២-៣ម៉ាត់ បន្ទាប់មកក៏ចូលទៅសម្ងំដេកក្នុងផ្ទះបាត់ទៅ។ ចំណែកប្រពន្ធក៏មិនបានចាប់អារម្មណ៍អ្វីដែរ ដោយបានចូលទៅសម្រាន្តលង់លក់បាត់ដែរ។
ប្រភពដដែលបន្តថា រហូតមកដល់វេលា៦និង២០នាទីព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ ខណៈដែលក្រោកពីដំណេក ស្រាប់តែបាត់មិនឃើញជនរងគ្រោះសោះ ទើបធ្វើឱ្យស្ត្រីជាប្រពន្ធនឹកឆ្ងល់ ក៏ដើរតាមស្វែងរក ស្រាប់តែប្រទះឃើញជនរងគ្រោះ បានចងកសម្លាប់ខ្លួននៅលើដើមត្រសេកខាងក្រោយផ្ទះបាត់ទៅហើយ ធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួន ប្រាកដមែន ដោយប្រើក្រណាត់ពណ៌ក្រហមចងកនៅលើដើមត្រសេកខាងក្រោយផ្ទះ ដែលមានកម្ពស់ប្រមាណ១៣ម៉ែត្រ បណ្តាលឱ្យស្លាប់។ មូលហេតុដោយសារតែជនរងគ្រោះផឹកស្រាស្រវឹងជោកជាំពេក រហូតដល់បាត់បង់សតិស្មារតី លុះពេលកើតមានទំនាស់ពាក្យសម្តីជាមួយប្រពន្ធតិចតួច បែរជាគិតខ្លីបែបនេះតែម្តង។
សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕