ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់បានបើករថយន្តឆ្លងកាត់ផ្លូវដែកដោយខ្វះការប្រុងប្រយ័ត្ន ស្របពេលដែលមានរថភ្លើងបើកឆ្លងកាត់ ក៏ជ្រុលទៅបុកអូសរថយន្តចម្ងាយប្រមាណ៣០ម៉ែត្រ បណ្តាលឱ្យអ្នកបើកបរថយន្តទទួលរងរបួសធ្ងន់ កាលពីវេលាម៉ោងជិត១១ព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្លូវរថភ្លើងមួយកន្លែង ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
រថយន្តដែលទទួលរងការខូចខាត ដោយសាររថភ្លើងបុក ម៉ាកនីស្សាន់ ពណ៌ស ប្រភេទ២បាំង ពាក់ស្លាកលេខភ្នំពេញ 2AA-8727 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ មានវ័យប្រមាណជាង៤០ឆ្នាំ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះខាងលើ បានបើករថយន្តឆ្លងកាត់ផ្លូវដែក ដោយមិនបានមើលឆ្វេងស្តាំឱ្យបានត្រឹមត្រូវនោះទេ ស្របពេលនោះ មានរថភ្លើងមួយខ្សែបានបើកឆ្លងកាត់ ទើបបណ្តាលឱ្យជ្រុលទៅបុកចំពាក់កណ្តាលរថយន្ត រួចអូសទៅមុខចម្ងាយប្រមាណជាង៣០ម៉ែត្រ ទើបរថភ្លើងចាប់ហ្វ្រាំងឈប់ បណ្តាលឱ្យអ្នកបើកបររថយន្តទទួលរងរបួសធ្ងន់ និងត្រូវបានសាច់ញាតិដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត។
គួរបញ្ជាក់ថា នេះជាលើកទី២ហើយ ក្នុងករណីរថភ្លើងបុករថយន្តឆ្លងផ្លូវនៅក្រុងប៉ោយប៉ែត ត្រឹមរយៈពេលមិនទាន់បាន១ខែផង ចាប់តាំងពីរថភ្លើងដំណើរការពីប៉ោយប៉ែត ទៅសិរីសោភ័ណ និងពីសិរីសោភ័ណ ទៅក្រុងប៉ោយប៉ែត។
ក្នុងពេលដែលបើកឱ្យដំណើរជាលើកដំបូង នៅស្ថានីយ៌រថភ្លើងក្នុងក្រុងប៉ោយប៉ែត ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកបានអំពាវនាវតាមប្រព័ន្ធផ្សព្វផ្សាយឱ្យពលរដ្ឋរស់នៅខាងត្បូងផ្លូវជាតិលេខ៥ ពិសេសអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវរថភ្លើងត្រូវមានការប្រុងប្រយ័ត្នខ្ពស់។ ទោះជាបែបនេះក្តី ករណីខាងលើនៅតែកើតមាន ព្រោះតែអ្នកបើកបរយានយន្តខ្វះការប្រុងប្រយ័ត្ន៕