ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានជិះម៉ូតូចូលមកក្នុងហាងម៉ាស្សាមួយកន្លែង រួចក៏ប្រើល្បិចធ្វើជារកសេវាម៉ាស្សា និងបានហៅឱ្យនារីវ័យក្មេងម្នាក់ចូលមកម៉ាស្សាចាប់សរសៃឱ្យខ្លួន លុះមានឱកាសស្ងាត់ ក៏ធ្វើសកម្មភាពកាប់នារីម៉ាស្សាជាច្រើនដាវ បណ្តាលឱ្យរងរបួសធ្ងន់ រួចប្លន់យកទូរស័ព្ទ ប្រុងរត់ចេញ តែត្រូវម្ចាស់ហាងផ្តល់ដំណឹងដល់សមត្ថកិច្ចចុះអន្តរាគមន៍ ឡោមព័ទ្ធដេញប្រផាប់ចាប់ប្រភីង រហូតឃាត់ខ្លួនបាន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃ១០ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចហាងម៉ាស្សាមួយកន្លែងយីហោ “លី ថីហ្វុង” ស្ថិតក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យដែលចូលកាប់ប្លន់នារីម៉ាស្សាដល់ក្នុងហាង មានឈ្មោះចាប ជីវ៉ា អាយុ១៧ឆ្នាំ មុខរបរជាកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់មួយកន្លែងក្នុងខណ្ឌសែនសុខ។ ចំណែកនារីរងគ្រោះ មានឈ្មោះសៀន ឆេងហ៊ាន់ អាយុ២១ឆ្នាំ មុខរបរជានារីបម្រើការម៉ាស្សា ស្នាក់នៅធ្វើការកន្លែងកើតហេតុ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ប្រហែល8និង15នាទី ជនសង្ស័យឈ្មោះចាប ជីវ៉ា បានជិះម៉ូតូម៉ាកនិច ចូលផ្ទះម៉ាស្សាយីហោលី ថីហ្វុង ដើម្បីចូលម៉ាស្សា ពេលនោះជនសង្ស័យបានជួបនារីម៉ាស្សា ឈ្មោះសៀន ឆេងហ៊ាន់
ហើយក៏បានព្រមព្រៀងគ្នា។ ពេលឡើងទៅដល់បន្ទប់ នារីរងគ្រោះចាប់ផ្តើមម៉ាស្សាឲ្យ ស្រាប់តែមិនបានប៉ុន្មាននាទីផង ជនសង្ស័យធ្វើសកម្មភាពយកកូនកាំបិតដែលបានដាក់តាមខ្លួន មកបានចាក់ទៅលើនារីរងគ្រោះ ប៉ុន្តែនារីរងគ្រោះគេចផុតក៏ត្រូវចំលើសៀតផ្កាខាងឆ្វេង បន្ទាប់មកជនសង្ស័យបានចាប់គ្រៀកយកកូនកាំបិតមកអារម្រាមដៃរបស់រារីរងគ្រោះ បណ្តាលឲ្យដាច់រហែកអស់ម្រាមដៃបី។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង កំពុងស្ថិតនៅក្រោមការសួរចម្លើយនៅប៉ុស្តិ៍នគរបាលកាកាបទី២ ទៅផ្នែកនគរបាលយុទ្ធតិធម៌ខណ្ឌ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
ចំណែកនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត៕