Monday, October 13, 2025
Homeព័ត៌មានជាតិថៅកែទឹកសុទ្ធ ឃាតករបាញ់សម្លាប់ ស្លាប់ក្រោមរថយន្ត

ថៅកែទឹកសុទ្ធ ឃាតករបាញ់សម្លាប់ ស្លាប់ក្រោមរថយន្ត

ខេត្តកំពង់ឆ្នាំង ៖ បុរសវ័យចំណាស់ម្នាក់ ដែលគេស្គាល់ថាជាម្ចាស់សិប្បកម្មផលិតទឹកសុទ្ធម្នាក់ ត្រូវបានជនជាឃាតករដៃឆៅម្នាក់ ប្រដាប់ដោយកាំភ្លើងអាកា បានភ្ជង់គំរាម រួចបាញ់ប្រហារទាំងកំរោលចំនួន៣គ្រាប់ចំចង្កេះ បណ្តាលឱ្យជនរងគ្រោះប្រកាច់រមៀលចូលទៅខាង ក្រោមរថយន្តស្លាប់យ៉ាង អាណោចអាធ័ម ដែលករណីនេះ ត្រូវបានសមត្ថកិច្ចជំនាញ ដាក់ការសង្ស័យជាជំហានដំបូងថា ផ្តើមចេញពីគំនុំ។

ករណីឃាតកម្មដ៏សាហាវឃោរឃៅខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចសិប្បកម្មទឹកសុទ្ធរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិត្រពាំងជ្រៃ ឃុំខ្លុងពពក ស្រុកទឹកផុស។

បុរសរងគ្រោះ ដែលត្រូវឃាតករចិត្តកំណាចបាញ់សម្លាប់យ៉ាងឃោរឃៅ មានឈ្មោះប៊ិន ហឿន អាយុ៦២ឆ្នាំ មានលំនៅក្នុងភូមិឃុំកើត ហេតុខាងលើ។ ចំណែកជនសង្ស័យជាឃាតករ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ និងមានគ្នាតែម្នាក់ឯងប៉ុណ្ណោះ និងប្រដាប់ដោយកាំភ្លើង អាកា១ដើម។

តាមសម្តីសាក្សីម្នាក់ឈ្មោះហឿន ម៉េងហាក់ អាយុ១៦ឆ្នាំ ជាចៅប្រុសបុរសរងគ្រោះ ដែលស្ថិតនៅក្នុងហេតុការណ៍ខាងលើនេះ បាន រៀបរាប់ប្រាប់ថា  ជនរងគ្រោះ មានឈ្មោះប៊ិន ហឿន អាយុ៦១ឆ្នាំ ជាថៅកែសិប្បកម្មទឹកសុទ្ធម៉ាក ជីងថាយ រស់នៅក្នុងភូមិឃុំកើតហេតុ។ នៅ មុនពេលកើតហេតុ ជនរងគ្រោះបានដើរមកពីរោងសិប្បកម្មទឹកសុទ្ធនៅទិសខាងត្បូង ទល់មុខផ្ទះសំដៅមកផ្ទះវិញ ស្រាប់តែរំពេចនោះ ក៏លេចមុខ ជនសង្ស័យម្នាក់ ពាក់មួកពណ៌ខ្មៅនិនចារ បិតមុខជិតឃើញតែប្រឡោះភ្នែក ស្លៀកពាក់ខោអាវប៉ារ៉ា មិនដឹងជាលបពួនស្ទាក់ចាំជនរងគ្រោះតាំង ពីពេលណា ប្រដាប់ដោយកាំភ្លើងអាកា១ដើម បានដើរមកភ្ជង់ពីក្រោយខ្នងជនរងគ្រោះ។ លុះពេលជនសង្ស័យភ្ជង់ជនរងគ្រោះដើរមកដល់មុខផ្ទះ ជនរងគ្រោះ ក៏បានស្រែកប្រាប់ខ្លួនដែលជាចៅ និងក្មួយៗ២នាក់ទៀត ដែលកំពុងរៀបទឹកសុទ្ធនៅលើឡានថា “អាហាក់ទៅយកលុយមកឱ្យគេ” ភ្លាមនោះរូបគេ បានថា តើតាឯងជំពាក់លុយអ្នកណា ស្រាប់តែរូបគេក្រឡេកទៅមើលជីតា ឃើញមានគេភ្ជង់គាត់ជាប់ពីក្រោយ។ ក្នុងពេលនោះ ដែររូបគេ បានលើកទូរស័ព្ទប្រុងខលទៅពូឈ្មោះធីម ឱ្យយកលុយមកឱ្យជនសង្ស័យ ស្រាប់តែត្រូវជនសង្ស័យបិតមុខជិតនោះ បានស្រែកថា “បើហ៊ានលើកទូរសព្ទ័ម្តងទៀត អញនឹងបាញ់ឱ្យងាប់ទាំងអស់គ្នា”។

យុវជនជាចៅប្រុសជនរងគ្រោះ បានបន្តថា ខណៈនោះក្នុងពេលជនបិតមុខបែរកាំភ្លើងមកភ្ជង់រូបគេដែលជាអ្នកចុចទូរស័ព្ទ ជនរងគ្រោះ ឃើញឱកាសល្អ ក៏បានរត់គេចមកផ្លូវមុខផ្ទះ តែរត់បានតែ២ទៅ៣ជំហាន ក៏ត្រូវជនសង្ស័យបាញ់ចំចង្កេះពីក្រោយចំនួន៣គ្រាប់ បណ្តាលឱ្យដួល រមៀលប្រកាច់ចូលក្រោមឡានទឹកសុទ្ធស្លាប់ភ្លាមៗតែម្តង។ ក្នុងពេលនោះដែរ រូបគេ និងក្មួយបុរសជនរងគ្រោះ២នាក់ទៀត បាននាំគ្នារត់គេចខ្លួន ចេញពីកន្លែងកើតហេតុបានដោយសុវត្តិភាព។ ចំណែកជនល្មើសក៏ប្រញាប់រត់ទៅឡើងជិះម៉ូតូម៉ាកវ៉េវក កញ្ចាស់១គ្រឿង គេចទៅទិសខាងកើត បាត់ស្រមោលដោយសុវត្ថិភាព។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងកើតហេតុ និងបានចងខ្សែហ៊ុំព័ទ្ធកន្លែងកើតហេតុ ដើម្បីទុកឱ្យសមត្ថកិច្ចនគរបាល បច្ចេកទេសខេត្ត មកធ្វើការត្រួតពិត្យ និងធ្វើកោសលវិច្ច័យនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨។ តាមការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ច ឃើញថា ជនរងគ្រោះ ត្រូវបានជនដៃដល់ជាឃាតករ បាញ់ចំនួន៣គ្រាប់ចំចង្កេះ បណ្តាលឱ្យរមៀលចូលទៅក្រោមរថយន្តដឹកទឹកសុទ្ធស្លាប់។

ជុំវិញករណីឃាតកម្មដ៏ឃោឃៅខាងលើនេះ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានជាជំហានដំបូងថា អាចផ្តើមចេញពីគំនុំ ច្រើនជាងករណីប្លន់ ព្រោះជនសង្ស័យហាក់មានបំណងចង់តែផ្តាច់ជីវិតរបស់ជនរងគ្រោះប៉ុណ្ណោះ។ ដោយឡែកមតិប្រជាពលរដ្ឋនៅក្នុងកន្លែងកើតហេតុ និយាយថា ជាករណីប្លន់ទារលុយមិនបានសម្រេច ទើបបាញ់សម្លាប់ជនរងគ្រោះតែម្តង។

យ៉ាងណាពេលនេះ សមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ដើម្បីកំណត់មុខសញ្ញាជនសង្ស័យ និងឈានដល់ ការតាមប្រមាញ់ចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។ ដោយឡែក សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បី ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES