Monday, October 13, 2025
Homeព័ត៌មានជាតិម៉ាន់នី KTV !!! ភ្ញៀវផឹក១កេស គិតលុយជាង៥០ម៉ឺនរៀល

ម៉ាន់នី KTV !!! ភ្ញៀវផឹក១កេស គិតលុយជាង៥០ម៉ឺនរៀល

ភ្នំពេញ ៖ បុរស៣នាក់បានចូលផឹកស៊ីនៅក្នុងហាងខារ៉ាអូខេមួយកន្លែង យីហោ “ម៉ាន់នី KTV” តាមបណ្តោយផ្លូវ២០០៤ ដែល ដំបូងឡើយមេការហាងបានព្យាយាមកាក់ភ្ញៀវឱ្យចូលផឹក ដោយប្រាប់ថា ហាងមានប្រម៉ូសិនពិសេស ផឹកស្រាបៀរ១កេស ថែមសាច់ក្លែម៤ចាន តម្លៃតែ២០ដុល្លារប៉ុណ្ណោះ លុះក្រោយពីចូលផឹកស៊ីអស់ស្រាបៀរជាងកន្លះកេស ហៅឱ្យគិតលុយ ស្រាប់តែអស់រហូតដល់ទៅជាង៥០ម៉ឺនរៀល បង្កឱ្យមានការភ្ញាក់ផ្អើល និងផ្ទុះជាជំលោះ ផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍ទាំងកណ្តាលយប់។

ហេតុការណ៍ហាងខារ៉ាអូខេកោរភ្ញៀវឆៅៗនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១ និង៥០នាទីយប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចហាងខារ៉ាអូខេ យីហោ “ម៉ាន់នី KTV” ស្ថិតនៅតាមបណ្តោយផ្លូវលេខ២០០៤ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

បុរសទាំង៣នាក់ដែលលង់ខ្លួននឹងហាងខារ៉ាអូខេខាងលើ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា អ្នកទាំង៣ ជិះម៉ូតូ ១គ្រឿងម៉ាកវីវា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១AC-៤៤២៤។

តាមសម្តីបុរសរងគ្រោះទាំង៣នាក់ខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើត ពួកគាត់មានគ្នា៣នាក់ បានជិះម៉ូតូឌុបគ្នាធ្វើដំណើរ តាមបណ្តោយផ្លូវ២០០៤ បំណងរកចូលផឹកស៊ីក្នុងហាងខារ៉ាអូខេ លុះពេលមកដល់ចំណុចហាងខារ៉ាអូខេ យីហោ “ម៉ាន់នី KTV” ទីតាំងកើតហេតុ ក៏ត្រូវបានខាងមេការហាង រួមនឹងនារីបម្រើក្នុងហាងខារ៉ាអូខេខាងលើនេះ បាននាំគ្នាចេញមកកាក់សួរនាំ និងអូសទាញឱ្យពួកគាត់ចូលផឹកស៊ីនៅ ក្នុងហាងរបស់ពួកគេទៅ ព្រោះហាងរបស់គេមានប្រម៉ូសិនពិសេស ពោលគឺផឹកស្រាបៀរ១កេស ថែមម្ហូប៤មុខ អស់ត្រឹមតែ២០ដុល្លារតែ ប៉ុណ្ណោះ។ លុះបន្ទាប់ពីស្តាប់លឺបែបនេះ ពួកគាត់ក៏ចាប់អារម្មណ៍ និងសម្រេចចិត្តចូលទៅផឹកស៊ីនៅក្នុងហាង “ម៉ាន់នី KTV” នេះតែម្តង។

ប្រភពដដែលបន្តថា នៅពេលចូលដល់ក្នុងហាង ពួកគាត់ក៏បានហៅស្រាបៀរឈុតតាមអ្វីដែលមេការ បានរៀបរាប់ប្រាប់តាំងពីដើមមក បន្ទាប់មក ក៏មានបុគ្គលិកហាងលើកស្រាបៀរកម្ពុជា១កេស រួមនឹងសាច់ក្លែម៤ចាន រួមមាន ងៀតគោ១ចាន ងាវស្រុះ១ចាន ប៉ម១ចាន និងសារី១ចាន ចូលមកឱ្យពួកគាត់ផឹកស៊ីយ៉ាងសប្បាយក្អាកក្អាយ។

ប្រភពខាងលើ បានឱ្យដឹងទៀតថា ក្រោយពីផឹកស្រាបៀរអស់ជាងកន្លះកេស ពួកគាត់ទាំង៣នាក់បានរៃលុុយុគ្នាបានជាង២០ដុល្លារ រួចក៏ហៅមេការឱ្យគិតលុយ ព្រោះប្រញាប់ចេញទៅផ្ទះវិញ ស្រាប់តែភ្លាមនោះ មេការបានយកបុងគិតលុយមកបង្ហាញពួកគាត់ ស្រាប់តែធ្វើឱ្យពួកគាត់ ស្រឡាំងកាំង រកនិយាយអ្វីមិនចេញតែម្តង ព្រោះតែវិក័យបត្រគិតលុយអស់រហូតដល់ទៅជាង៥០ម៉ឺនរៀលឯណោះ។

ប្រភពខាងលើ បានបន្តថា នៅពេលដែលឃើញគិតលុយអស់ច្រើនសន្ធឹកសន្ធាប់បែបនេះ ធ្វើឱ្យពួកគាត់មិនអស់ចិត្តក៏ទៅសួរនាំមេការហាង ស្រាប់តែត្រូវគេរករឿងឈ្លោះប្រកែក និងចង់វាយតប់ពួកគាត់ជាភ្ញៀវទៀតផង រហូតធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះ មកជួយអន្តរាគមន៍។

ក្រោយមកសម្ថកិច្ចប៉ុស្តិ៍កាកាបទី១ចុះមកដល់កន្លែងកើតហេតុ ក៏បានសួររកបុងគិតលុយ ស្រាប់តែមានបុងផ្សេងមួយទៀត ដោយសារ នៅក្នុងបុងនោះគេសរសេររាយមុខទំនិញថា ស្រាបៀរកំប៉ុង១ឈុត ២០ដុល្លារ ងៀតគោ១ ១០ដុល្លារ ងាវស្រុះ១ ១០ដុល្លារ ប៉ម១ ៥ដុល្លារ និងសារី១ ៥ដុល្លារ សរុបតម្លៃ៥០ដុល្លារ ឬស្មើនឹង២១ម៉ឺនរៀល។ ឃើញដូចនេះ សមត្ថកិច្ចសង្ស័យហាងខាងលើដែលចេញបុងគិតលុយក្លែងបន្លំ ភ្ញៀវ ក៏បានឃាត់ខ្លួនមេការម្នាក់ យកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES