ខេត្ដកណ្តាលៈ បុរសម្នាក់បានធ្វើសកម្មភាពឡើងលើផ្ទះច្រានទ្វារបន្ទប់ចូលចាប់ប្អូនស្រីជីទួតមួយខ្ទប់មាត់ និងច្របាច់.កគំរាមមិនឲ្យស្រែក រួចធ្វើសកម្មភាពរំលោភសេពសន្ថវៈរហូតបានសម្រេច ។ បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យបានដណ្តើមទូរស័ព្ទដៃចំនួន២គ្រឿង និងប្រាក់ចំនួន១០ដុល្លាសហរដ្ឋអាមេរិក របស់នារីរងគ្រោះគេចខ្លួនអស់រយៈពេលជាច្រើនថ្ងៃ ទើបក្រុមគ្រួសារនារីរងគ្រោះតាមរកឃើញចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចប៉ូលិសក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
ករណីចាប់ប្អូនស្រីជីទួតមួយរំលោភនៅក្នុងបន្ទប់ដេកនេះបានកើតឡើង កាលពីវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចលើផ្ទះនារីរងគ្រោះ ស្ថិតក្នុងភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប៉ូលិសព្រហ្មទណ្ឌក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យឈ្មោះ យិន ថារ៉ូ ហៅខ្ញេវ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ត្រូវបានលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ឯកភាពឲ្យឃាត់ខ្លួននៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ។ ចំណែកឯនារីរងគ្រោះឈ្មោះ ន ស.ន អាយុ២៥ឆ្នាំ មុខរបរ បុគ្គលិកមន្ទីរពេទ្យ មានទីលំនៅភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ នារីរងគ្រោះរូបនេះត្រូវជាប្អូនជីទួតមួយជនសង្ស័យ ។
នារីរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចប៉ូលិសថា នៅវេលាល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ រូបនាងបានឡើងទៅដេកចុចទូរស័ព្ទលេងនៅក្នុងបន្ទប់លើផ្ទះតែម្នាក់ឯង គ្រាដែលឪពុកម្តាយនិងបងប្អូនមិននៅផ្ទះ ។ ពេលកំពុងដេកស្រាប់តែឈ្មោះ យិន ថារ៉ូ ហៅខ្ញេវ(ជនសង្ស័យ)ដែលត្រូវជាបងប្រុសជីទួតមួយរុញទ្វារបន្ទប់ចូល ស្ទុះចាប់នាងខ្ទប់មាត់និងច្របាច់.ក ព្រមទាំងគំរាមមិនឲ្យស្រែក ។
នាង ន ស.ន បានបន្តទៀតថា ដោយសារតែខ្លាចជនសង្ស័យវាយធ្វើបាបនោះ នាងមិនហ៊ានស្រែកឡើយ ហើយជនសង្ស័យក៏បានធ្វើសកម្មភាពស្រាតខោនាងចេញពីខ្លួន ធ្វើសកម្មភាពរំលោភរហូតបានសម្រេច ។ ក្រោយមកនាងបានទាញយកទូរស័ព្ទបម្រុងតេទៅប្រាប់ឪពុកម្តាយ ក៏ត្រូវជនសង្ស័យដណ្តើមយកបាន០២គ្រឿងនិងលុយដុល្លាចំនួន១០ដុល្លាសហរដ្ឋអាមេរិក គេចខ្លួនបាត់ទៅ ។ នារីរងគ្រោះបានបញ្ជាក់ថា ក្រោយពីជនសង្ស័យគេចខ្លួនបាន នៅព្រឹកថ្ងៃទី៦ ខែឆ្នាំដដែល នាងបានទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍រដ្ឋបាលព្រែកឬស្សី រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ ក្រុមគ្រួសារនាងតាមរកឃើញជនសង្ស័យក៏ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ចប៉ូលិសជនសង្ស័យឈ្មោះ យិន ថារ៉ូ ហៅខ្ញេវ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពខ្ទប់មាត់ ច្របាច់.កនាង ន ស.ន យកទូរស័ព្ទដៃ២គ្រឿង និងលុយចំនួន១០ដុល្លារប្រាកដមែន តែមិនបានចាប់រំលោភដូចការចោទប្រកាន់នោះទេ ។ ទោះជាបែបណាក្តីជនសង្ស័យ ត្រូវបានលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ឯកភាពឲ្យឃាត់ខ្លួននៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕សិលា