ពិធីការិនី CTN នាងពេជ្រ សូលីដា ហៅជីជី ដែលស្ងប់ស្ងត់អាជីពសម្តែងទាំង MV និងការថតភាពយន្តនោះ ឆក់តបានតំណែងតួឯកនៅផលិតកម្ម Rock រឿង “ឈាម” ដែលសម្តែងជាមួយកីឡាករប្រដាល់ម្នាក់ រួមទាំងមានតារាក្បាលត្រងោល លោកសាន ផានិត បានចូលរួមផងដែរ។
ជីជី ត្រូវបានអ្នកដឹកនាំសម្តែងផលិតកម្ម Rock លោកលី ម៉េង ពេញចិត្តទេពកោសល្យស្រីក្មេងរូបនេះជាខ្លាំង ទើបនាពេលកន្លងមក ជំនួយការលោកឧកញ៉ាគិត ធាង រូបនេះ តែងតែហៅតារាសាច់សខ្ចីឱ្យបានធ្វើជាតួឯកជាបន្តបន្ទាប់គ្នា ខណៈដែលផលិតកម្មផ្សេងៗទៀត មើលមិនសូវឃើញនាងជីជី ឡើយ ទើបធ្វើឱ្យអ្នកសម្តែងជាស្រីស្អាតម្នាក់នេះ មិនអាចឈានទៅដណ្តើមតំណែងលេចធ្លោក្នុងលំដាប់តារាសម្តែង Grade A បាននោះទេ គិតត្រឹមឆ្នាំ2018 នេះ។ ប៉ុន្តែ ជីជី ដ៏តូចច្រឡឹងម្នាក់នេះ មានមន្តស្នេហ៍មិនធម្មតានោះទេ ព្រោះមានទាំងប្រុសក្មេង និងមន្ត្រីធំៗ ចោមគ្នាប្រជែងស្នេហ៍ តាំងពីមានព័ត៌មានថា ប្អូនស្រីពេជ្រ សិរីរ័ត្ន ម្នាក់នេះ ចែកផ្លូវគ្នាជាមួយបុរសម្នាក់ជាកូនអ្នកមានទ្រព្យ ឈ្មោះ “ជា” មក។
ដោយឡែក ប្រភពព័ត៌មានដ៏រសើបមួយទៀត បានបង្ហើបឱ្យដឹងថា នាងជីជី ត្រូវបានអ្នកដឹកនាំសម្តែងផលិតកម្ម2នាក់ តាមប្រជែងគ្នាដណ្តើមបេះដូងស្រីក្មេងរូបស្រស់នេះ ក្នុងពេលតែមួយ នៅពេលចុងក្រោយដែរ តែនាងអែនជី ប្រាប់មិត្តភក្តិថា នាងមិនស្រលាញ់អ្នកដឹកនាំសម្តែងនោះទេ ព្រោះពួកគាត់សុទ្ធតែមានប្រពន្ធនិងកូនទៅហើយ៕