តារាសម្ដែងមកពីខេត្តបាត់ដំបង លោកចាន់ស៊ី ស៊ីណាវ៉ាត់ត្រា ដែលទើបវិលត្រឡប់ចូលថតសម្ដែងសិល្បៈសាជាថ្មីវិញនោះ បានចេញថតបទចម្រៀង Original Songs កាលពីថ្ងៃទី១៧ ខែមិថុនា ២បទ គឺបទ ”អ្នកណាកែចិត្តអូន?” និងបទ ”បើមានជាតិក្រោយចង់ជួបមុខម៉ែ” ដែលបទទាំងនេះបានថតនៅរាជធានីភ្នំពេញ រួចរាល់អស់ហើយ និងបន្ដទៅថតនៅខេត្តបាត់ដំបង ចំពោះប្លង់ដែលនៅសល់មួយចំនួនទៀត។
ការថតMVលើកនេះ លោកចាន់ស៊ី ស៊ីណាវ៉ាត់ត្រា ប៉ះជាមួយស្រីស្រស់ នាងស្រីពេជ្រ ភ្លៅធំ ដែលខុសពីកាលប៉ះជាមួយនាងលី ឡាវីន ដែលធ្លាប់ជួបគ្នាមុនៗនោះ ហើយបុរសសង្ហារូបនេះបានសរសើរថា ស្រីពៅ ពិតជាសម្ដែងបានល្អដែលថតមិនមានខុសច្រើនឡើយ។
លោកចាន់ស៊ី ស៊ីណាវ៉ាត់ត្រា ថ្លែងថា ”ខ្ញុំស្បាយចិត្តដែលបានថតបទ Original Songs ទាំង២បទនេះ ហើយការចាប់ដៃគូជាមួយស្រីពេជ្រ ពួកយើងសម្ដែងបានស៊ីចង្វាក់គ្នាល្អណាស់ មិនសូវថតខុសច្រើនដងនោះទេ។ បទទាំងនេះប្លង់នៅភ្នំពេញ ខ្ញុំបានថតអស់ហើយ នៅប្លង់មួយចំនួនទៀត ក្រុមការងារគេទៅថតនៅខេត្តបាត់ដំបង ដែលជាស្រុកកំណើតរបស់ខ្ញុំផ្ទាល់តែម្ដង ហើយខ្ញុំពេញចិត្តក្នុងការថតរួមការងារជាមួយពួកគាត់ជាពិសេសជាមួយស្រីពេជ្រនេះតែម្ដងព្រោះគាត់ពូកែសម្ដែងមែនទែន”។
បើទោះជាលោកចាន់ស៊ីស៊ីណាវ៉ាត់ត្រាប្រកាសថាវិលត្រឡប់មកអុកឡុកក្នុងការថតសម្ដែងសិល្បៈយ៉ាងពេញទំហឹងដូចមុនមែន ប៉ុន្តែអ្នកសម្ដែងរូបនេះថា មានខាងភាពយន្ដគេហៅឲ្យថតរឿងដែរ តែលោកមិនទាន់ទទួលទេ ព្រោះខ្លាចគ្មានពេលគ្រប់គ្រាន់ឲ្យគេ។
ដោយឡែក នៅពេលដែលសាកសួររឿងទំនាក់ទំនងជាមួយស្រីពេជ្រ ក្រៅឆាកវិញ លោកស៊ីណាវ៉ាត់ត្រាអះអាងថា គ្មានអ្វីជាពិសេសនោះទេ គឺក្រោយថតចប់ មានអារម្មណ៍ថា រាប់អានគ្នាដូចបងប្អូនបង្កើតអីចឹង តែលោកសូមសរសើរ ដែលស្រីពេជ្រ ពូកែរសម្ដែងទាំងស្រុកស្រែ ឬសម័យ គឺបានទាំងអស់តែម្ដង៕