ខេត្តកណ្តាល ៖ យុវជនឈាមរាវម្នាក់ ទើបនឹងត្រឡប់មកពីផឹកស៊ីជាមួយមិត្តភក្តិិ មកដល់ផ្លូវចូលផ្ទះ ក៏ជួបនឹងយុវជនម្នាក់ទៀត រស់នៅភូមិជាមួយគ្នាឈរសម្លឹងមុខ ក៏កើតជាទំនាស់ពាក្យសម្តីនឹងគ្នា រហូតផ្ទុះជាអំពើហិង្សា ត្រូវគេវាយ៥ដៃ ធ្វើឱ្យផ្ទុះកំហឹង ក៏ស្ទុះទៅទាញកូនកាំបិត ចាក់ប្រហារគូទំនាស់វិញចំកណ្តាលខ្នង បណ្តាលឱ្យរងរបួសធ្ងន់។
ករណីហិង្សាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៥និង៣០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
ជនដៃដល់ដែលចាក់គូទំនាស់១កាំបិតចំកណ្តាលខ្នង បណ្តាលឱ្យរងរបួសធ្ងន់ មានឈ្មោះប៊ុន ជាសុវណ្ណារ៉ា អាយុ២១ឆ្នាំ មុខរបរអ្នកបើកបររថយន្ត មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកយុវជនរងគ្រោះមានឈ្មោះវណ្ណ មករា អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅក្នុងភូមិជាមួយគ្នា (រងរបួសត្រង់ខ្នង)។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនដៃដល់ទើបនឹងត្រឡប់មកពីផឹកស៊ីជាមួយមិត្តភក្តិ លុះត្រឡប់មកផ្ទះវិញ ដល់ត្រង់ចំណុចផ្លូវចូលផ្ទះ ក៏ជួបនឹងជនរងគ្រោះដែលជាអ្នករស់នៅក្នុងភូមិជាមួយគ្នា ហើយក៏បានសម្លឹងមុខគ្នាទៅវិញទៅមក រួចក៏ធ្វើឱ្យទាក់ពាក្យសម្តីគ្នា កើតជាទំនាស់តឹងសរសៃកដាក់គ្នា។ ភ្លាមនោះ ជនរងគ្រោះបានស្ទុះទៅវាយជនដៃដល់៤-៥ដៃ ជាហេតុធ្វើឱ្យជនដៃដល់ផ្ទុះកំហឹង ក៏ស្ទុះទៅយកកូនកាំបិតចុងស្រួចយកមកចាក់ប្រហារទៅលើជនរងគ្រោះវិញចំកណ្តាលខ្នង បណ្តាលឱ្យមានរបួសស្នាមហូរឈាមរងរបួសធ្ងន់ ហើយក៏បានប្រតាយប្រតប់គ្នា បណ្តាលឱ្យកាំបិតមុតភ្លៅជនដៃដល់ បង្កឱ្យមានរបួសស្នាមផងដែរ។
ប្រភពដដែលបន្តថា ក្រោយកើតហេតុ ជនដៃដល់ក៏បានបោះកូនកាំបិតចោល រួចក៏ត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួស។ ចំណែកជនរងគ្រោះដែលទទួលរងរបួសធ្ងន់ ក៏ត្រូវបងប្អូនដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី តែម្តង។
ជនដៃដល់ដែលទទួលរងរបួសស្រាល ក្រោយពីព្យាបាលរបួសហើយ ក៏ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕