កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ លោកគីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង ដើម្បីទស្សនកិច្ចរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់២០ ខែមិថុនា។ ក្នុងដំណើរទស្សនកិច្ចនេះ លោកគីម ជុងអ៊ុន គ្រោងនឹងជួបជាមួយប្រធានាធិបតីចិន លោកស៊ី ជិនភីង ដើម្បីរាយការណ៍លទ្ធផលជំនួបរវាងលោកនិងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅសិង្ហបុរី កាលពីសប្តាហ៍មុន។
នេះគឺជាដំណើរទស្សនកិច្ចលើកទី៣ របស់លោកគីម ជុងអ៊ុន មកកាន់ប្រទេសមហាអំណាចចិន គិតចាប់តាំងពីខែមីនា កន្លងមក។
នេះបើយោងតាមប្រភពព័ត៌មាន ស៊ី- អិន-អិន ចេញផ្សាយកាលពីថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ។
ទោះបីនៅក្នុងដំណើរទស្សនកិច្ចពីរថ្ងៃនោះ គេមិនបានបង្ហើបឱ្យដឹងពីរបៀបវារៈលម្អិតបែបណាក្តី ក៏គេអាចធ្វើការសន្និដ្ឋានបានដែរថា ការហោះហើរបស់គីម ទៅជួបស៊ី ជិនភីង គឺគ្មានអ្វីក្រៅអំពីរាយការណ៍លទ្ធផលជំនួបនៅសិង្ហបុរី នោះទេ ហើយអាចនឹងជជែកបញ្ហាផ្សេងៗទៀត។
ប្រទេសចិន គឺជាបង្អែកដ៏រឹងមាំរបស់កូរ៉េខាងជើង ហើយចិន គឺជាតួអង្គសំខាន់មិនអាចខ្វះបាននៅពេលគេចង់ដោះស្រាយបញ្ហានៅឧបទ្វីបកូរ៉េ ហើយរឹតតែបើជាបញ្ហាជាប់ពាក់ព័ន្ធកូរ៉េខាងជើង នោះ៕